ភ្នំពេញ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ គេហទំព័រ
http://vodhotnews.com បានសរសេរបង្ហោះផ្សាយ នូវអត្ថបទមួយ ក្រោមចំណងជើងថា
«របាយការណ៍មួយបង្ហាញថា ក្រុមហ៊ុន ទ្រី ភាព បាននិងកំពុងដឹកជញ្ជូនឈើ ខុសច្បាប់ទៅក្រៅប្រទេស» ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោមនេះ ៖
ដោយ៖ តាំង វីដា និង អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013 http://vodhotnews.com
ក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជា នៅថ្ងៃពុធនេះ ចេញរបាយការណ៍មួយ ដោយបង្ហាញថា ក្រុមហ៊ុនរបស់លោកឧកញ៉ា
ទ្រី ភាព ដែលទទួលបានដីសម្បទាន សេដ្ឋកិច្ចជិត ៧ម៉ឺនហិកតា តាមរយៈការបំបែកជា ក្រុមហ៊ុនតូចៗចំនួន ១៥ ពីរដ្ឋាភិបាល ហើយបាននិងកំពុងរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ ទៅលក់នៅប្រទេសវៀតណាម ឬចិន ។
ការអះអាងនេះ ត្រូវបានបង្ហាញ ក្នុងរបាយការណ៍ស៊ើបអង្កេត របស់ក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជា ក្រោមគម្រោងឃ្លាំមើល ធុរៈកិច្ច និងវិនិយោគនៅកម្ពុជា ភាគ១ ស្តីអំពីក្រុមហ៊ុន
ទ្រី ភាព ក្រោមចំណងជើង
"នយោបាយប្រមូលឈើ ឲ្យអស់ពីស្រុកខ្មែរ" ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកានេះ ។ របាយការណ៍ អះអាងថា ក្រុមហ៊ុន
ទ្រី ភាព បានធ្វើអាជីវកម្មកាប់ឈើ និងដឹកជញ្ជូនឈើប្រណីត នៅគ្រប់តំបន់ព្រៃឈើ ទូទាំងប្រទេសកម្ពុជា ដោយសារក្រុមហ៊ុននេះ មានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីរដ្ឋាភិបាល និងមានសម្ព័ន្ធមេត្រីភាព ជាមួយកម្លាំងប្រដាប់អាវុធ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្ស ក្រសួងឧស្សាហកម្ម ក្រសួងកសិកម្ម និងក្រុមហ៊ុន ភាពីម៉ិច តាមរយៈកិច្ចព្រមព្រៀង ស្តីពីការចងសម្ព័ន្ធមេត្រីភាព រវាងក្រុមហ៊ុន មន្ត្រីរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០ ។
របាយការណ៍នេះ ឲ្យដឹងថា ក្រុមហ៊ុន
ទ្រី ភាព ត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិ ប្រមូលទិញឈើ ពីគ្រប់ក្រុមហ៊ុនដី សម្បទានសេដ្ឋកិច្ច ដែលមាន ២៧តំបន់ នៃខេត្តចំនួន ១២ គ្របដណ្តប់ដោយព្រៃឈើ ក្នុងនោះ មានគម្រោងអភិវឌ្ឍន៍ និងគម្រោងសម្បទាន សេដ្ឋកិច្ច ។ ក្រុមហ៊ុន
ទ្រី ភាព ទទួលដីសម្បាទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលចំនួន ៦៨០៨៨ ហិកតា នៅក្នុងខេត្តចំនួន ១២ តាមរយៈការបំបែកឈ្មោះ ជាក្រុមហ៊ុនតូចៗ ដោយក្រុមហ៊ុនខ្លះ បានយកឈ្មោះអ្នកស្រី
ម៉ៅ ម៉ុម ដែលជាភរិយារបស់លោក
ទ្រី ភាព មកឈរឈ្មោះ ។
ប្រធានអង្គការ ក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជា លោក
អ៊ូច ឡេង អះអាងតាមស្រាវជ្រាវថា ក្រុមហ៊ុននេះ មិនត្រឹមតែបាន កាប់បំផ្លាញព្រៃឈើ ក្នុងតំបន់សម្បទានសេដ្ឋកិច្ចរបស់ខ្លួន ថែមទាំងបានពង្រីកវិសាលភាព ក្នុងការកាប់ឈើចេញក្រៅតំបន់ ដែលកំណត់ដោយច្បាប់ ដោយគ្មានអ្នកតាមដាន ត្រួតពិនិត្យពីរដ្ឋាភិបាល ថែមទាំងបានជួលកម្មករ ដែលជាអ្នកភូមិឲ្យកាប់ឈើ ចេញពីក្នុងតំបន់ការពារ តំបន់ឧទ្យានជាតិ រហូតទៅក្នុងទឹកដីប្រទេសថៃ យកមកលក់ឲ្យក្រុមហ៊ុន តាមរយៈមេការរង់ចាំប្រមូលឈើ នៅតាមតំបន់គោលដៅទៀតផង ។
លោកថា ការសិក្សាផ្ទាល់ លើករណីក្រុមហ៊ុន
ទ្រី ភាព នេះ ជាសេចក្តីរាយការណ៍មួយ ទៅកាន់រដ្ឋាភិបាល ឲ្យចាត់វិធានការ ទៅតាមផ្លូវច្បាប់ ៖
“ ជំរុញ រដ្ឋាភិបាលអាណត្តិថ្មីនេះ ធ្វើការពិចារណា ទៅលើក្រុមហ៊ុន ដែលមិនគោរពតាមកិច្ចសន្យា ដែលមិនគោរពតាមការអភិវឌ្ឍ ដែលមិនគោរពទៅលើច្បាប់ មិនគោរពសិទ្ធិមនុស្ស ក៏ដូចជាមិនគោរព គោលការណ៍អភិវឌ្ឍន៍ ពីគោលការណ៍ថែរក្សា បរិស្ថាននានា នៅក្នុងប្រទេសកម្ពុជាយើង។ ខ្ញុំសូមគិតដោយផ្ទាល់ភ្នែកថា យើងមានឯកសារ យោងមានទាំងអស់ គឺយើងធ្វើដោយហ្មត់ចត់ណាស់ យ៉ាងហោចណាស់ យើងបានត្រឹម ៩០ភាគរយដែរ” ។
ប៉ុន្តែអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រី លោក
ផៃ ស៊ីផាន ចាត់ទុករបាយការណ៍នេះថា មិនមានមូលដ្ឋាន ស៊ើបអង្កេតច្បាស់លាស់ ។ លោកថា បើសាម៉ីខ្លួន នៃរបាយការណ៍ មានភស្តុតាងគ្រប់គ្រាន់ គប្បីដាក់ពាក្យបណ្តឹង ទៅកាន់តុលាការ ដើម្បីការពារផលប្រយោជន៍ សាធារណៈ និងចាត់វិធានការ តាមច្បាប់តែម្តង ៖
“បើគ្រាន់តែធ្វើរបាយការណ៍ អស់លុយ ហើយផ្សាយតាមព័ត៌មាន មិនបានធ្វើទេ ហើយប្រសិនជាឥឡូវយើងចង់ ស៊ើបឃើញអញ្ជឹងហើយ យើងទៅប្តឹងអ្នកណាឥឡូវ? ពីព្រោះរបាយការណ៍នេះ វាមិនផ្លូវការ បើយើងដាក់បណ្តឹង ទៅកន្លែងណាមួយ ក្លាយទៅជាផ្លូវការហើយ” ។
របាយការណ៍ដដែលនេះ ឲ្យដឹងទៀតថា ក្រុមហ៊ុន
ទ្រី ភាព ក៏មានតំបន់ពិសេស ២កន្លែង នៅក្នុងតាមព្រំដែនថៃ និងវៀតណាម តំបន់សេដ្ឋកិច្ចនៅថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ មិនមានដំណើរការអភិវឌ្ឍន៍ ចំណែកតំបន់សេដ្ឋកិច្ចពិសេស នៅអូរយ៉ាដាវ ខេត្តរតនគិរី កំពុងសាងសង់ ក្នុងនោះមានកាស៊ីណូ និងអគារពាណិជ្ជកម្មមួយចំនួន។ ដំណើរការវិនិយោគនេះ បានបំផ្លាញផ្លូវគមនាគមន៍ ដោយសារការដឹកឈើហួសចំណុះ ។
សាក្សី ឈ្មោះ
ឡុង ខន អាយុ៦៨ឆ្នាំ រស់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ អះអាងថា សកម្មភាពជញ្ជូនឈើ ខុសច្បាប់នៅតំបន់នោះ បានកើតឡើងតាំងពី ឆ្នាំ២០០២ម្ល៉េះ ហើយក្រុមហ៊ុន
ទ្រី ភាព នេះ បានផ្តល់ប្រាក់ផ្គត់ផ្គង់ ដល់អាជ្ញាធរមូលដ្ឋាន និងទាហាន ជាថ្នូរនឹងការលាក់បាំង និងចូលរួមកាប់ឈើលក់ ។ លោកបន្ត សូម្បីតែប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះ ភាគច្រើនមិនប្រកបរបររកស៊ី បែរជាលួចកាប់ឈើ លក់ឲ្យក្រុមហ៊ុននេះទៀតផង ៖
“គ្មាននរណា អាចហ៊ានចាប់ ហ៊ានឃាត់គេបាន ដឹកពេញៗឡាន ដឹកទាំងថ្ងៃ ឡានប្រាំគ្រឿងដង្ហែគ្នា អាជ្ញាធររកស៊ីដែរ ប៉ូលីសដល់ពេលកុន វារកស៊ីដឹកឈើឲ្យគេដែរ ហើយធ្វើម៉េច ឥឡូវមេភូមិអី ក៏អញ្ចឹង កូនចៅមេឃុំអី ក៏រកស៊ីឈើដឹកលក់ឲ្យគេដែរ” ។
របាយការណ៍ស៊ើបអង្កេតនេះ បានថ្កោលទោសក្រុមហ៊ុន
ទ្រី ភាព ថា បានបំផ្លាញព្រៃឈើ ដែលបណ្តាលឲ្យមានការ ប្រែប្រួលអាកាសធាតុ ផ្អែកតាមទន្និន័យ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងការប្រែប្រួល អាកាសធាតុ គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ គឺទឹកជំនន់ បានបំផ្លាញទ្រព្យសម្បត្តិ ប្រមាណជា ៨០០លានដុល្លារ ក្នុងមួយឆ្នាំ និងបណ្តាលឲ្យប្រជាជនប្រមាណ ១៦៨នាក់ បានស្លាប់ និងប្រជាពលរដ្ឋ ១,៨លាននាក់ បានរងនូវផលប៉ះពាល់ ៕