ថ្ងៃ សុក្រ ទី 27 ខែ មេសា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
របាយការណ៍​ ៥២​ទំព័រ ដែល​ថា ក្រុមហ៊ុន ទ្រី ភាព ធ្វើឲ្យ​អន្តរាយ ​ព្រៃឈើ​កម្ពុជា ដូចជាគ្មាន​បាន​ការ​​ ព្រោះថា សព្វថ្ងៃនេះក្រុមហ៊ុន​​ ទ្រី ភាព នៅតែបន្តកាប់បំផ្លាញ, ប្រមូលទិញ និងដឹកជញ្ចូនឈើដដែល
ផ្សាយនៅថ្ងៃទី: 25-04-2014, ចំនួនអ្នកអាន 4972ដង

​ភ្នំពេញ​៖ កាលពី​ចុងឆ្នាំ​២០១៣ កន្លងមក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សរសេរ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង នូវ​របាយការណ៍ របស់​អង្គការ​មួយ​ថា ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា ទ្រី ភាព បាន​និង​កំពុង​ធ្វើឲ្យ អន្តរាយ​ព្រៃឈើ​នៅ​កម្ពុជា ។ តែ​រហូត​មកដល់ពេលនេះ ហាក់ដូចជា​បាត់​ស្ងាត់ឈឹង ទៅតាម​ពេលវេលា​ទៅវិញ ធ្វើឲ្យ​សាធារណជន បាន​និយាយ​តៗ​គ្នា​ថា របាយការណ៍ របស់​អង្គការ​នោះ ហាក់ដូចជា មិន​បាន​ការ​អ្វី​ទេ​... ព្រោះថា សព្វថ្ងៃក្រុមហ៊ុន​​ឧកញ៉ា ទ្រី ភាព នៅតែបន្តការកាប់បំផ្លាញ និងប្រមូលទិញឈើប្រណីតៗ ដឹកជញ្ចូនយ៉ាងអនាធិបតេយ្យ ស្ទើររាល់យប់ថ្ងៃ យកទៅលក់នៅស្រុកយួន និងចិនដដែល ដោយគ្មានការបង្ក្រាបទប់ស្កាត់ ពីសមត្ថកិច្ចរបស់ រាជរដ្ឋាភិបាលកម្ពុជាឡើយ ។​

​ដើម្បី​ជា​ការចូលរួមចំណែក ក្នុង​ការសោកស្ដាយ ព្រៃឈើ​នៅ​កម្ពុជា ក៍​ដូចជា​ការចូលរួម​ចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការថែរក្សា​ព្រៃឈើ ឲ្យបាន​គង់វង្ស តទៅទៀត​នោះ គេហទំព័រ VOC សូម​លើកយក នូវ​អត្ថបទ​មួយ ដែល​បាន​បង្ហោះ​ផ្សាយ ដោយ​គេហទំព័រ «​ភ្នំពេញ​ប៉ុស្តិ៍​» www.postkhmer.com កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣ ក្រោម​ចំណងជើង​ថា «​របាយការណ៍​មួយ​ថា ក្រុមហ៊ុន ទ្រី ភាព ធ្វើឲ្យ​អន្តរាយ ព្រៃឈើ​នៅ​កម្ពុជា​» ដែលមាន​ខ្លឹមសារ​ដើម ទាំងស្រុង​ដូច​ខាងក្រោម​៖

Wednesday, 20 November 2013 ម៉ៃ ទិត្យ​ថា​រ៉ា​

​ភ្នំពេញៈ អង្គការ​ក្រុម​កិច្ចការ​ពិសេស សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​របាយការណ៍​មួយ ដោយ​អះអាង​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ជា​ក្រុមហ៊ុន​ដែលមាន ទំនាក់ទំនង​ជិតស្និទ្ធ​ ជាមួយ​រដ្ឋាភិបាល ដែល​បាន​ទទួល​ដី សម្បទាន​សេដ្ឋកិច្ច​ជិត ៧​ម៉ឺន​ហិកតា តាមរយៈ​ការ​បំបែក ក្រុមហ៊ុន​តូចៗ​ចំនួន ១៥ គឺជា​ក្រុមហ៊ុន ដែល​រកស៊ី​នាំ​ឈើ ទៅ​ក្រៅប្រទេស ជាជាង​ការវិនិយោគ នៅលើ​ដី​សម្បទាន ដែល​ទទួលបាន ពី​រដ្ឋាភិបាល ។​

​នៅក្នុង​របាយការណ៍ កម្រាស់ ៥២​ទំព័រ ដែល​ត្រូវ​ចេញផ្សាយ​នៅ​ថ្ងៃនេះ ហើយ ភ្នំពេញ​ប៉ុស្តិ៍ ទទួល​បាន​កាល​ពី​ម្សិលមិញ មាន​ទាំង​រូបភាព បញ្ជាក់​អំពី​សកម្មភាព ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​របស់ ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព ដោយ​ភ្ជាប់​ស្លាក​សញ្ញា របស់​ក្រុមហ៊ុន និង​លេខ​សំគាល់ នៅ​ក្បាល​រថយន្ត ផ្នែក​ខាងលើ ១១៦៨ ។ របាយការណ៍​នេះ អះអាងថា ក្រុមហ៊ុន​លោក ទ្រី ភាព បាន​ធ្វើ​អាជីវកម្ម​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ប្រណីត នៅ​គ្រប់​តំបន់​ព្រៃឈើ ទូទាំង​ប្រទេស ដោយសារ​ក្រុមហ៊ុន​នេះ មាន​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​រដ្ឋាភិបាល និង​មាន​សម្ព័ន្ធមេត្រីភាព ជាមួយ​កម្លាំងប្រដាប់អាវុធ មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​អភិរក្ស ក្រសួង ឧស្សាហកម្ម ក្រសួង កសិកម្ម និង​ក្រុមហ៊ុន ភាពី​ម៉ិច តាមរយៈ​កិច្ចព្រមព្រៀង ស្តីពី​ការ​ចងសម្ព័ន្ធ មេត្រី​ភាព រវាង​ក្រុមហ៊ុន មន្ត្រី​រដ្ឋាភិបាល និង​កងកម្លាំងប្រដាប់អាវុធ ចុះ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១០ ។​

​របាយការណ៍ បាន​បញ្ជាក់​ឲ្យដឹងថា ក្រុមហ៊ុន ទ្រី ភាព ត្រូវ​បាន​រដ្ឋាភិបាល ផ្តល់​អាជ្ញាប័ណ្ណ ប្រមូល​ទិញ​ឈើ ពី​គ្រប់​ក្រុមហ៊ុន ដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន ២៧​តំបន់ នៃ​ខេត្ត​ចំនួន ១២ ដែល​គ្របដណ្តប់​ដោយ​ព្រៃឈើ ក្នុងនោះ មាន​គម្រោង​អភិវឌ្ឍន៍ និង​គម្រោង​សម្បទាន​សេដ្ឋកិច្ច ។ គម្រោង​អភិវឌ្ឍន៍​ដូចជា ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ​, ព្រៃ​ខៀវ ស្ថិត​នៅក្នុង​ស្រុក​បី នៃ​ខេត្ត​ក្រចេះ រតនគិរី​, តំបន់​ឧទ្យាន​ជាតិ វីរ​ជ័យ ស្ថិត​នៅក្នុង​ស្រុក​វ៉ឺ​ន​សៃ ស្រុក​លំផាត់ ស្រុក អណ្តូង​មាស និង​ស្រុក​កូន​មុំ ។ តំបន់​ច្រប ខេត្ត​ស្ទឹងត្រែង មណ្ឌលគិរី នៅ​ស្រុក​កែវ​សីមា និង​ស្រុក​កោះ​ញែក ។ កំពង់ធំ ព្រៃ​ឡង់ ព្រះវិហារ ស្រុក​ឆែប ស្រុក​ជ័យ​សែន ស្រុក​រវៀង និង​ដែនជម្រកសត្វព្រៃ បឹង​ពែរ ។ ខេត្ត​កោះកុង តំបន់ភ្នំ​សំ​កុស ក្នុងស្រុក​បុ​ទុម​សាគរ ។ ខេត្ត ពោធិ៍សាត់ ស្រុក​ភ្នំក្រវាញ ស្រុក​វាលវែង និង​ស្រុក​ថ្ម​ដា ។ ខេត្តសៀមរាប ឧទ្យាន​ជាតិ​ភ្នំ គូលែន​, ខេត្ត​ឧត្តរមានជ័យ ស្រុក​អន្លង់វែង ព្រៃ​ស្អា​ក តំបន់​សង្ឃ​រុក្ខា​វ័ន្ត ត្រពាំង​ប្រាសាទ និង​តំបន់ភ្នំ​ដងរ៉ែក ។ ខេត្ត​កំពង់ស្ពឺ ឧទ្យាន​ជាតិ ភ្នំ​ឱ​រ៉ាល់ និង​ខេត្ត​កំពត ឧទ្យាន​ជាតិ​ភ្នំ បូកគោ ។ ក្រៅ​អំពី​តំបន់ ផ្តាច់មុខ​ទាំងនេះ គឺ​មាន​ឃ្លាំង​ស្តុក​ឈើ​ធំៗ​ចំនួន ១៤ កន្លែង​ផ្សេង​ទៀត ។​

​នៅក្នុង​របាយការណ៍ បានឲ្យដឹង​ទៀតថា ក្រុមហ៊ុន ទ្រី ភាព បាន​ទទួល​ដី សម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល​ចំនួន ៦៨ ០៨៨​ហិកតា នៅក្នុង​ខេត្ត​ចំនួន ១២ តាមរយៈ​ការ​បំបែក​ឈ្មោះ ជា​ក្រុមហ៊ុន​តូចៗ ដោយ​ក្រុមហ៊ុន​ខ្លះ បាន​យកឈ្មោះ​អ្នកស្រី ម៉ៅ ម៉ុម ដែលជា​ភរិយា​របស់​លោក ទ្រី ភាព មក​ឈរ​ឈ្មោះ ។ ដី​ទាំងនោះ មាន​ដូចជា​នៅ​តំបន់ សេដ្ឋកិច្ច​ពិសេស អូរយ៉ាដាវ ខេត្ត រតនគិរី​ចំនួន ១៣៦​ហិកតា​, ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ចំនួន ៦៤៣៦​ហិកតា​, ឧទ្យាន​ជាតិ វីរ​ជ័យ ស្ថិតក្នុង​ខេត្ត​រតនគិរី ១៨ ៨៥៥​ហិកតា​, ដែន​ជម្រក​សត្វព្រៃ បឹង​ពែរ ខេត្ត​ព្រះវិហារ ៩ ៩១៦​ហិកតា​, ភ្នំ​សំ​កុស ខេត្ត​ពោធិ៍សាត់ ១០ ៧៧៤​ហិកតា​, សិទ្ធិ​សំអាត តំបន់​អាងទឹក ទំនប់​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ ខេត្ត​កោះកុង ៦ ៧៧១​ហិកតា​, សម្បទាន​រ៉ែ ស្ទឹងត្រែង ១៥ ០០០​ហិកតា និង​ដី​កោះ​ទន្សាយ ខេត្ត​កំពត ២០០​ហិកតា ។​

​របាយការណ៍​នេះ បានឲ្យដឹង​ទៀតថា​៖ «​មូលហេតុ​ដែល​យើង ធ្វើ​របាយការណ៍ ផ្តោត​ទៅ​លើ​ក្រុមហ៊ុន ទ្រី ភាព តែមួយ គឺ​ដើម្បី​ធ្វើ​សេចក្តីរាយការណ៍ ទៅ​រដ្ឋាភិបាល ឲ្យ​ចាត់វិធានការ ទៅតាម​ផ្លូវច្បាប់ និង​បង្ហាញ​ការពិត ទៅ​ដល់​ប្រជាជន​កម្ពុជា ឲ្យដឹងថា តើ​ព្រៃឈើ​បាត់បង់ ដោយសារ​អ្នក​ណា ? តើ​ការបាត់បង់​ព្រៃឈើ បណ្តាលឲ្យ​មាន​បម្រែបម្រួ​ល អាកាសធាតុ យ៉ាងណាខ្លះ​» ។​

​លោក អ៊ូច ឡេង ប្រធាន​អង្គការ ក្រុម​កិច្ចការ​ពិសេស សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងថា ក្រុមហ៊ុន ទ្រី ភាព ពុំ​បាន​ប្រើប្រាស់ ដី​សម្បទាន​សេដ្ឋកិច្ច អភិវឌ្ឍន៍​ដំណាំ​ក​សិ​- ឧស្សាហកម្ម ដូចជា​ដាំ​កៅស៊ូ និង​ដំណាំ​ម្រេច ទៅ​តាម​គម្រោង​ផែនការ របស់ខ្លួន​នោះ​ទេ ដោយ​គ្រាន់តែ​ដាំ​តិចតួច​បំផុត ហើយ​ក្រុមហ៊ុន​បាន​យក​ដី ដែល​បាន​ផ្តល់​ដោយ អនុក្រឹត្យ​ពី​រដ្ឋាភិបាល និង​រឹបអូស​យក​ដី​ពី​ប្រជាជន ដើម្បី​ធ្វើ​ឃ្លាំង​ស្តុក​ឈើ សម្រាប់​នាំចេញ ទៅ​ប្រទេស​វៀតណាម តែប៉ុណ្ណោះ ។​

​លោក​បាន​ថ្លែង​ទៀតថា​៖ «​មុខរបរ​ចម្បង​បំផុត និង​ជា​នយោបាយ របស់​ឧកញ៉ា ទ្រី ភាព គឺ​រកស៊ី​ឈើ ដោយ​ប្រើ​រូបភាព ជ្រក​ក្រោម​ស្លាក ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ប្រើ​រូបភាព គ្រប់បែបយ៉ាង ដើម្បី​ប្រមូល​ដឹកឈើ ដោយ​ចំហ​ពី​កម្ពុជា ទៅ​ប្រទេស​វៀតណាម​» ។​

​លោក​ឲ្យដឹង​ទៀតថា សកម្មភាព​របស់​ក្រុមហ៊ុន ទ្រី ភាព បន្ទាប់ពី​កាប់​ដើមឈើ​អស់ ក្រុមហ៊ុន​នេះ បាន​ជីក​កកាយ​យក ឫស​ឈើ​មានតម្លៃ ពី​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ខ្លួន​កាន់កាប់ និង​តំបន់​ដែល​ក្រុមហ៊ុន​នេះ ទិញ​ផ្តាច់មុខ ។ លើសពីនេះ ក្រុមហ៊ុន ទ្រី ភាព បាន​ឈ្លានពាន​ចូល​តំបន់​ព្រៃ​ការពារ និង​ព្រៃ​សហគមន៍ និង​បាន​ដើរ​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ នៅតាម​បណ្តា​ខេត្ត​ទាំង ១២ ដែល​ដឹក​តាម​រទេះគោ និង​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ ដែល​ឆ្លង​ដែន​ចូល ទៅ​កាប់​គ្រញូង តាម​ព្រំដែន​ថៃ ។ ក្រុមហ៊ុន​នេះ បាន​ចាត់តាំង​មេការ តាម​ទិសដៅ រង់ចាំ​ទិញ​និង​ប្រមូល​ដឹក​យក​ឈើ ទៅ​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង តាម​ទិសដៅ​នី​មួយៗ បន្ទាប់​មក​ដឹក​ទៅ ​ប្រទេស​វៀតណាម ដែល​ភាគច្រើន​ដឹក​ចេញ​តាម ច្រក​សំខាន់ៗ​មួយចំនួន ដូច​ជា​តាម​ខេត្ត មណ្ឌលគិរី​, ច្រក​អូយ៉ាដាវ រតនគិរី​, ច្រក​ស្នួល ខេត្ត​ក្រចេះ​, ច្រក​អន្លង់​ជ្រៃ ខេត្ត​ព្រៃវែង​, ច្រក កំពង់ផែ​ព្រះសីហនុ​, ច្រក​កំពង់ផែ​រាម​, ច្រក​សមុទ្រ​ខេត្តកំពត​, ច្រក​ដូង ៧​ដើម​, ច្រករបៀង​លេខ​១៩ ខាងក្រោយ​កាស៊ីណូ​ឧកញ៉ា ទ្រី ភាព ។​

​លោក អ៊ូច ឡេង បាន​គូសបញ្ជាក់ថា​៖ « ​ក្រុមហ៊ុន​នេះ បាន​ចិញ្ចឹម និង​ជួយ​ឧបត្ថម្ភ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ នៅក្នុង​តំបន់​ដី សម្បទាន​របស់​ខ្លួន ដោយ​ជួយឧត្ថម្ភ សាងសង់​អគារ​រដ្ឋបាល មន្ទីរ​ការិយាល័យ គណបក្ស​ប្រជាជន ប៉ុន្តែ​ពុំ​បាន​ជួយ​ធ្វើ​ការអភិវឌ្ឍ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ទាល់តែសោះ​» ។​

​នៅក្នុង​របាយការណ៍ បានឲ្យដឹង​ទៀតថា ក្រុមហ៊ុន ទ្រី ភាព មិន​បាន​អនុវត្ត​តាម​ខ្លឹមសារ របស់​អនុក្រឹត្យ ស្តីពី​ការបង្កើត​តំបន់ សេដ្ឋកិច្ច​ពិសេស អនុក្រឹត្យ ស្តី​ពី​ដី​សម្បទាន សេដ្ឋកិច្ច​នោះទេ ទើប​ធ្វើឲ្យប៉ះពាល់ ដល់​ដី​កម្មសិទ្ធិឯកជន របស់​ប្រជាពលរដ្ឋ ដែល​យ៉ាងហោចណាស់ មាន​ប្រជាពលរដ្ឋ ១៤៤៥​គ្រួសារ បាន​ទទួលរង​ផលប៉ះពាល់ ពី​គម្រោង​វិនិយោគ របស់​ក្រុមហ៊ុន​ដោយ គ្មាន​សំណង​ទាល់តែសោះ ។​

​របាយការណ៍​បន្តថា​៖ «​ដោយសារ​តែ​ក្រុមហ៊ុន ទ្រី ភាព បាន​កាប់​បំផ្លាញ ព្រៃឈើ​យ៉ាងច្រើន គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បានឲ្យដឹងថា ដោយសារតែ​មាន​ការ ប្រែប្រួល​អាកាសធាតុ បាន​ធ្វើឲ្យមាន​នូវ គ្រោះមហន្តរាយ បង្ក​ឲ្យ​ខាតបង់ ទ្រព្យសម្បត្តិ​ប្រមាណ​ជា ៨០០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ និង​បណ្តាល​ឲ្យ ប្រជាជន​ប្រមាណ ១៦៨​នាក់ បាន​ស្លាប់ និង​ប្រជាពលរដ្ឋ ១,៨ លាន​នាក់ បាន​រង​នូវ​ផលប៉ះពាល់ ។ ដូច្នេះ​ក្រុមហ៊ុន​នេះ ត្រូវតែ​ទទួលខុសត្រូវ ចំពោះ​គ្រោះមហន្តរាយ ពីព្រោះ​ក្រុមហ៊ុន​នេះ ជា​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​» ។

​លោក​ឧកញ៉ា ទ្រី ភាព ពុំ​អាច​ទំនាក់ទំនង ដើម្បី​ធ្វើ​ការអត្ថាធិប្បាយ​បានទេ កាលពី​ថ្ងៃ​ម្សិលមិញ ។ ប៉ុន្តែ​តំណាង​របស់ លោក​ឧកញ៉ា ទ្រី ភាព ប្រចាំ​នៅ​ខេត្ត​ព្រះវិហារ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា ក្រុមហ៊ុន​របស់​លោក បាន​ទទួល​សិទ្ធិ ប្រមូល​ទិញ​ឈើ តែ​នៅក្នុង​ខេត្ត​ចំនួន ៨ ប៉ុណ្ណោះ មិន​មែន​នៅ​ក្នុង​ខេត្ត​ចំនួន ១២ ដូច​ដែល​របាយការណ៍ បាន​លើកឡើង​នោះ​ទេ ។ លោក​ថ្លែងថា​៖ «​ខាង​ក្រុមហ៊ុន​យើង ពុំ​បាន​កាប់​ឈើ​នោះទេ គឺ​យើង​ប្រមូល​ទិញ តែ​ឈើ​ដែល​អាជ្ញាធរ ចាប់​បាន​ប៉ុណ្ណោះ ហើយ​យើង​បាន​ដេញថ្លៃ បង់ពន្ធ​ជូន​រដ្ឋ​រួចហើយ ។ ឈើ​ទាំង​នោះ យើង​ពុំ​បាន​នាំយក ទៅ​ក្រៅប្រទេស​នោះទេ គឺ​យើង​ដឹក​មក​កែច្នៃ នៅ​ទីក្រុង​ភ្នំពេញ ដូចជា​គ្រឿងសង្ហារិម​ជាដើម​» ។​

​លោក​បាន​បន្តថា លើសពីនេះ ក្រុមហ៊ុន​ពុំ​បាន​ទៅ​យក​ដី ពី​ប្រជាពលរដ្ឋ​នោះទេ ពីព្រោះ​មុន​នឹង​ទទួលបាន ដី​សម្បទាន​ពី​រដ្ឋាភិបាល គឺ​ក្រសួង​កសិកម្ម បាន​ចុះ​ទៅ​ធ្វើ​ការវាយតម្លៃ អំពី​ផលប៉ះពាល់ ហើយ​បាន​កាត់​ដី ទុកឲ្យ​ប្រជាពលរដ្ឋ ។ លោក​គូសបញ្ជាក់ថា​៖ «​សូម​កុំ​ជឿ​តែ​តាម​អង្គការ ដែល​គេ​ចេះ​តែ​ចោទ ប្រកាន់​យើង​នោះ​» ។​

​លោក ថន សា​រ៉ា​ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឲ្យដឹងថា ជាទូទៅ ច្បាប់​បាន​កំណត់ឲ្យ ក្រុមហ៊ុន​ឯកជន​មួយ អាច​ទទួលបាន​ដី ធ្វើ​ការវិនិយោគ​ក្រោម ១​ម៉ឺន​ហិកតា ប៉ុន្តែ​លោក​ពុំ​ដឹង​ថា ក្រុមហ៊ុន​មេ​មួយ អាច​បំបែក​ជា​ក្រុមហ៊ុន​តូចៗ​ទៀត ដើម្បី​ទទួលបាន​ដី សម្បទាន​សេដ្ឋកិច្ច​បន្ថែម​នោះ ជា​រឿង​ខុសច្បាប់ ឬក៏​ត្រូវ​ច្បាប់​នោះទេ ដោយ​ត្រូវ​ពិនិត្យ ទៅលើ​ច្បាប់​បន្ថែម​ទៀត ។ លោក​បាន​ថ្លែងថា​៖ «​ កន្លងមក​នៅ​ពេល​ក្រុមហ៊ុន ចុះ​ទៅ​អនុវត្ត​ទៅតាម​ដី ដែល​ទទួលបាន​នោះ គឺ​តែងតែ​មាន​បញ្ហា ជាមួយ​ប្រជាពលរដ្ឋ ដូច្នេះ​យើង​ត្រូវ ចុះ​មើល​បន្ថែមទៀត ដោយសារ​ការចុះ​សិក្សា អំពី​ផល​ប៉ះពាល់​ពី​មុន មាន​រយៈពេល​ខ្លី​»។

​យោង​តាម​ច្បាប់​ភូមិបាល ត្រង់​មាត្រា ៥៩ បានចែង​ថា សម្បទាន​ដី​សេដ្ឋកិច្ច សម្រាប់​ក្រុមហ៊ុន​មួយ មាន​ទំហំ​ច្រើន​បំផុត ត្រឹមតែ​មួយ​ម៉ឺន​ហិកតា​ប៉ុណ្ណោះ ។ សម្បទាន​ដី ដែល​សំរេច​ផ្តល់​ឲ្យ​រួច​ហើយ ហើយ​មាន​ទំហំ​លើសពី​ទំហំ កំណត់​ខាងលើ ជា​កម្មវត្ថុ​នៃ ការកាត់បន្ថយ ។ ប៉ុន្តែ​ប្រសិនបើ ការកាត់បន្ថយ​នេះ មាន​ឥទ្ធិពល ធ្វើឱ្យ​ខូច​ប្រយោជន៍ អាជីវកម្ម ដែល​កំពុង​មាន​ដំណើរ​ការ សម្បទា​និក អាចនឹងទទួល​បាន ការលើកលែង​ជាពិសេស ។ ច្បាប់​នេះ​បាន​គូសបញ្ជាក់​ទៀត​ថា ត្រូវ​បាន​ហាមឃាត់ ការចេញលិខិត សម្បទាន​ដី​ច្រើន​កន្លែង ឱ្យ​បុគ្គល​តែ​ម្នាក់ ឬ​ឱ្យ​នីតិបុគ្គល​ច្រើន តែ​គ្រប់គ្រង​ដោយ រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដដែលៗ ដែល​មាន​ទំហំ​សរុប ធំ​ជាង​ទំហំ​ដែល​បានកំណត់ នៅ​វាក្យខ័ណ្ឌ​ខាងលើ ៕


ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5583
ម្សិលមិញ : 9629
សរុប : 7139388
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com