ថ្ងៃ ច័ន្ទ ទី 22 ខែ តុលា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ឯកឧត្តម រដ្ឋមន្ត្រីវ័យក្មេង សាយ សំ​អាល់ មិនហ៊ានប៉ះពាល់មេបរិស្ថាន ហេង គួន ដែល​បណ្ដោយឲ្យ​ព្រៃឈើ នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ និង​ភ្នំ​ឱ​រ៉ាល់ រង​ការបំផ្លិចបំផ្លាញ និងដឹកជញ្ជូន យ៉ាង​អនាធិបតេយ្យ​ !
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 5476ដង
កំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កាប់បំផ្លាញ កាន់តែ​ខ្លាំង​ឡើងៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ នៅក្នុង​សម័យ​ដែល​លោក ហេង គួន ឡើង​បុណ្យ​សក្ដិ​តួនាទី ធ្វើជា​ប្រធាន​ដ៍​មហិមា នៃ​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ នៅក្រោម​ឱវាទ​ផ្ទាល់ របស់​ឯកឧត្តម សាយ សំ​អាល់ ជា​រដ្ឋមន្ត្រី​ថ្មី​វ័យក្មេង នៃ​ក្រសួង​បរិស្ថាន នា​អាណត្តិ​ទី​៥​នេះ ។​

​ប្រភព​បាន​បញ្ជាក់ថា ការកាប់បំផ្លាញ​ព្រៃឈើ នៅ​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់​នោះ បាន​កើតមានឡើង ជាច្រើន​ឆ្នាំ​មកហើយៗ រហូតមកដល់​ពេលនេះ សកម្មភាព​បទល្មើស​នោះ នៅតែ​បន្ត​កើតមាន​ឥត​ឈប់ឈរ និង​កាន់តែ​ខ្លាំង​ឡើងៗ ដោយ​គ្មាន​ថ្នាក់លើ​ណា ឬ​មន្ត្រីៗ​ជំនាញ​ណា ទៅ​បង្ក្រាប​ទប់ស្កាត់ ឲ្យមាន​ប្រសិទ្ធភាព​ឡើយ ។ ភាពអនាធិបតេយ្យ នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​នេះ​ដែរ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​ថា វា​កើត​ឡើង​ដោយសារតែ អំពើពុករលួយ​របស់​លោក ហេង គួន ដែល​យក​អំណាច ជា​ប្រធាន​មន្ទីរ បរិស្ថាន​ខេត្តកំពង់ស្ពឺ ទៅ​ចាត់ចែង​តែងតាំង​សាច់ញាតិ ឬ​កូនចៅ​ជំនិតៗ​របស់ខ្លួន ឲ្យធ្វើ​ជា​មន្ត្រីៗ​យាម​ប្រចាំការ នៅ​តំបន់​ឧទ្យាន​ជាតិ​នោះ ធ្វើឲ្យ​កើតមាន​សកម្មភាព កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ស្ទើរ​រាល់​យប់​ថ្ងៃ ។​

​មន្ត្រីៗ​ជាប់​កិច្ចសន្យា ដែល​ត្រូវបាន​គេ​ជ្រើសតាំង ឲ្យ​យាមកាម​ប្រចាំការ នៅ​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ ត្រូវ​គេ​ដឹងថា មាន​ចំនួន​ចំនួន ៣៥​នាក់ សុទ្ធសឹង​ជា​បក្ខពួក ឬ​ជា​សាច់ញាតិ​របស់​លោក ហេង គួន ដែល​ក្នុង​ចំណោម​នោះ ក៍​ត្រូវ​គេ​ស្គាល់​មន្ត្រី ៤​នាក់ គឺ​៖ ទី​១- ឈ្មោះ ខន សុខុន មាន​មុខងារ​ជា​ប្រធាន​ផ្នែក មន្ត្រី​បរិស្ថាន​ខេត្ត ជា​អ្នកដើរ​ប្រមូល​លុយ ពី​ការកាប់បំផ្លាញ​ព្រៃឈើ​,  ទី​២- ឈ្មោះ លឹម ឡាយ​ឈីង​, ទី​៣- ឈ្មោះ សុន សុខ​ហេង  និង​ទី​៤- ឈ្មោះ ជា សុភា ... ជា​សាច់ញាតិ​ជិតស្និទ្ធ​បំផុត របស់​លោក​ប្រធាន​ថ្មី នៃ​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ​នោះ​តែម្ដង ។​

​ប្រភព​បាន​បន្ត​ប្រាប់ថា ក្រៅពី​ឈ្មោះ​ខាងលើ​ដែល​លោក ហេង គួន ឲ្យទៅ​ចាំ​រាប់​ក្បាល​ឡាន​យកលុយ ពី​ក្រុម​ឈ្មួញ​បំផ្លាញ​ឈើ​ប្រណីត ក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ​នោះ​... លោក​ប្រធាន​មន្ទីរ ហេង គួន ក៍​បាន​ចាត់តាំង​មន្ត្រី​ជំនិត របស់​ខ្លួន​ម្នាក់​ទៀត​ឈ្មោះ លាភ សុខ​លីន (​ហៅ សុន​ ) ឲ្យទៅ​អង្គុយចាំ​ត្រួតពិនិត្យ (​ភាសា​បច្ចេកទេស​) ការដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ តាម​រ៉ឺមក តាម​គោយន្ត និង​តាម​រថយន្ត នៅតាម​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ ដែល​ក៍​បាន​និង​កំពុង​ធ្វើឲ្យ កើត​មាន​ការកាប់បំផ្លាញ និង​ការដឹកជញ្ជូន​ឈើ​នៅ​ទីនោះ យ៉ាង​អនាធិបតេយ្យ​បំផុត ហាក់ដូចជា​មិន​ខ្លាច​អំណាច រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​បរិស្ថាន គឺ​​ឯកឧត្តម សាយ សំ​អាល់ (​ត្រូវជា​កូន​ប្រុស​បង្កើត របស់​ឯកឧត្តម សាយ ឈុំ អនុប្រធាន​ព្រឹទ្ធសភា និង​ជា​អគ្គលេខាធិការ គណបក្ស​ប្រជាជន​កម្ពុជា​) នោះឡើយ ។​

​ សាក្សី​បានឲ្យដឹង​ទៀត​ថា ក្នុង​មួយ​ថ្ងៃៗ​គ្រាន់​តែ​ម៉ូតូ ដឹកជញ្ជូន​ឈើ​ប្រណីត ចេញពី​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ មាន​មិនតិចជាង ៥០​គ្រឿង​នោះ​ទេ​... ចំណែក​ឯ​រថយន្ត ឬ​គោយន្ត​កន្ត្រៃ ក៏​មាន​ចំនួន​ក្នុង​មួយ​ថ្ងៃៗ​មិនតិច​ជាង ៣០​គ្រឿង​នោះ​ដែរ​... ក្រៅ​ពី​ពេល​ថ្ងៃ គឺ​នៅ​ពេលយប់ ក៍​មាន​សកម្មភាព ដឹកជញ្ជូន​ឈើ មិន​ខុស​ពី​ពេល​ថ្ងៃ​ឡើយ ។ ក្រុម​ឈ្មួញ​តែង​ដឹក ជញ្ជូន​ឈើ​ប្រណីត ទាំង​យប់​ទាំង​ថ្ងៃនេះ ចេញពី​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ ចេញ​ទៅ​ទិស​ខាងលិច ឆ្លងកាត់​ទឹកដី​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​កាន់​តំបន់​សមុទ្រ ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស យ៉ាង​រលូន​ល្អ​បំផុត ដោយ​មាន​មន្ត្រីៗ​ជំនាញ​នៅ​ទីនោះ នៅចាំ​រាប់​ក្បាល​ឡាន​យកលុយ ដោយ​គ្មាន​ខ្លាចញញើត បទបញ្ជា​ដ៍​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ​ទាល់តែសោះ ។​

​ កាលពី​ខែ​តុលា ឆ្នាំ​២០១៣​កន្លងទៅ មាន​ប្រជាពលរដ្ឋ​ចំនួន ៤៨​គ្រួសារ រស់នៅ​ស្រុក​ឱ​រ៉ាល់ ខេត្ត​កំពង់ស្ពឺ បាននាំគ្នា​ផ្ដិតមេដៃ ដាក់​ពាក្យ​ស្នើ​ឲ្យ​ប្រធាន អង្គការ​ការពា​រធន​ធាន​ធម្មជាតិ ក្នុង​ខេត្ត​នេះ ជួយ​អន្តរាគមន៍ ករណី​មន្ត្រី​អនុរក្ស បរិស្ថាន​ជា​ច្រើន​នាក់ បាន​ប្រព្រឹត្ត​អំពើពុករលួយ  ឃុបឃិត​ជាមួយ​ឈ្មួញ កាប់បំផ្លាញ​ព្រៃឈើ ដោយ​គ្មាន​ការបង្ក្រាប​... ហើយ​មន្ត្រី​អង្គការ  ប្រឆាំង​អំពើពុករលួយ ការពារ​ធនធាន​ធម្មជាតិ ខេត្ត​កំពង់ស្ពឺ​នោះ ក៍​បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី ​ក្រសួង​បរិស្ថាន ឲ្យ​ចុះ​ត្រួតពិនិត្យ ចំពោះ​ការកាប់ បំផ្លាញ​ព្រៃឈើ រៀងរាល់ថ្ងៃ ក្នុង​តំបន់​ការពារ ដោយ​ព្រះរាជក្រឹត្យ​នោះដែរ ។​

​ប្រធាន​អង្គការ ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន បាន​និយាយប្រាប់ វិទ្យុ​អាស៊ីសេរី ថ្ងៃទី​៨ ខែ​តុលា​នោះ​ថា លោក​បាន​ដាក់​លិខិត​ទៅ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ គឺឯកឧត្តម សាយ សំ​អាល់ កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឲ្យ​ចាត់​ក្រុមអធិការកិច្ច​របស់​ក្រសួង ចុះ​ទៅ​ត្រួតពិនិត្យ ការកាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ការពារ និង​កំណត់​ឲ្យបាន​ច្បាស់ អំពី​ព្រំប្រទល់​តំបន់​ការពារ ដោយ​ព្រះរាជក្រឹត្យ ពីព្រោះ​មាន​ការកាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​នោះ​រាល់ថ្ងៃ ដោយ​គ្មាន​ការបង្ក្រាប​ទេ ។​

​លោក​ធ្លាប់​បាន​បញ្ជាក់ថា តាមរយៈ​បណ្ដឹង​របស់​ពលរដ្ឋ បាន​ស្នើសុំ​ឲ្យ​អង្គភាព ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​លើ​ឈ្មោះ ឈុន ឈៀ​ហេង នាយក​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ និង​ឈ្មោះ ខន សុខុន ប្រធាន​ក្រុម​ល្បាត រួមទាំង​មន្ត្រី​ឧទ្យានុ​រ​ក្ស​បរិស្ថា​ន ឈ្មោះ នួន ចក​, ហ៊ី ចាន់​, ឡាន រុំ​, លឹម ថុល​, ប៊ុត ធន​, ថន ចាន់ និង សា​រិន្ទ ចាន់ថា ដែល ​សង្ស័យ​ប្រព្រឹត្ត អំពើពុករលួយ ដោយ​បើកដៃ​ឲ្យ​ជនល្មើស កាប់បំផ្លាញ​ឈើ និង​ដឹកឈើ​ចេញពី​ឃុំ​តា​សាល ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ាល់ ។​

​ទាក់ទង​បញ្ហា​នេះ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ល្ងឹម ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ាល់ លោក ម៉ម ម៉ុល បាន​ថ្លែងថា ស្ថានភាព​កាប់បំផ្លាញ​ព្រៃឈើ នៅ​រយៈពេល​ចុងក្រោយ​នេះ មាន​សភាព​ខ្លាំងក្លា  គ្មាន​ការបង្ក្រាប ពី​សំណាក់​អាជ្ញាធរ មាន​សមត្ថកិច្ច និង​មន្ត្រី​គ្រប់គ្រង ព្រៃឈើ​ឡើយ ។ លោក​ថា ប្រជាពលរដ្ឋ ៤៨​គ្រួសារ បាន​ស្នើ​ឲ្យ​អង្គការ​នេះ ជួយ​ជំរុញ​ករណីនេះ ឲ្យ​ឆាប់​បាន​ទៅ​ដល់ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​៖ «​ខ្ញុំ​ឃើញ​ហ្នឹង ក្នុង​រយៈពេល​យូរ​ដែរ​ហើយ ប្រហែល​ជា​បួន​ប្រាំ​ឆ្នាំ​ហើយ តែ​ចុងក្រោយ​នេះ មុន​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត​ហ្នឹង​ម្ង៉ៃៗ តាម​ផ្លូវ​មុខ​ផ្ទះ​ខ្ញុំ​ប្រហែល ១០០ ទៅ ១៥០​គោយន្ត គគ្រឹកគគ្រេង​ហ្មង អត់​មាន​អាជ្ញាធរ ឬ​ខាង​ណា​គេ​មក​ទប់ស្កាត់​អី​ទេ ខ្ញុំ​បាន​តែ​ត្រឹម​មើល ហើយ​ថត​រូបភាព​ទុក​» ។​

​ប្រជាពលរដ្ឋ ជាច្រើន​មជ្ឈដ្ឋាន​ទៀត តែង​បាន​រិះគន់ថា តាំង​ពី​លោក ហេង គួន បាន​កាន់​តំណែង​ជា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ រហូតមកដល់​ពេលនេះ កាន់តែ​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​ខេត្ត​នោះ ត្រូវ​រង​ការបំផ្លិចបំផ្លាញ យ៉ាង​អនាធិបតេយ្យ​ខ្លាំង​ឡើងៗ សូម្បី​តែ​ជា​ព្រៃឈើ ស្ថិតនៅក្នុង​តំបន់ ឧទ្យាន​ជាតិ​គិរី​រម្យ និង​នៅ​តំបន់ភ្នំ​ឱ​រ៉ាល់ ដែល​ត្រូវ​អភិរក្ស​ក៍ដោយ ។ តែ​លទ្ធផល​ដ៍​គួរឲ្យ ព្រួយបារម្ភ​បំផុត​នេះ គេ​មិនដឹងថា តើ​ឯកឧត្តម​វ័យក្មេង សាយ សំ​អាល់ រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​បរិស្ថាន គិតគូរ​យ៉ាងណា​... ឬ​ក៍​គាត់ (​សាយ សំ​អាល់​) មិន​ហ៊ាន​ប៉ះពាល់ ដល់​មុខ​តំណែង​ដុះ​ស្លែ របស់​លោក​ប្រធាន មន្ទីរ​បរិស្ថាន ហេង គួន នោះ​ទេ​មើលទៅ​...។

ជុំវិញព័ត៌មានខាងលើនេះ គេហទំព័រយើង បានព្យាយាមទំនាក់ទំនង សុំការបំភ្លឺពីឯកឧត្តម​ សាយ សំ​អាល់ រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​បរិស្ថាន និងលោក ហេង គួន ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ ព្រមទាំងមន្ត្រីៗពាក់ព័ន្ធ មួយចំនួនទៀតផងដែរ... តែលេខទូរស័ព្ទពួកគាត់ មិនអាចទាក់ទងបានឡើយ...៕ ដោយ​៖ ប្រាថ្នា (​រក្សា​សិទ្ធិ​គ្រប់យ៉ាង ហាម​ថតចម្លង ផ្សព្វផ្សាយ​បន្ត​)
ផ្សាយនៅថ្ងៃទី: 28-09-2018, ចំនួនអ្នកអាន 522ដង
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាហ្វេសប៊ុក ដ៍ល្បីល្បាញលោក ផែង វណ្ណៈ បានដាក់ខ្លាំងៗ ឬរិះគន់ធ្ងន់ៗ ទៅលើពួកមន្ត្រីៗ គយចល័តភ្នំពេញ ដែលចេញប្រតិបត្តិការ ចុះទៅចាប់រិបអូស ទូរស័ព្ទកំពុងលក់ដូរ នៅហាងចំនួន ២ ក្នុងខេត្តបាត់ដំបង ប្រៀបដូចជា អារ-កខ្យង ដោយមើលរំលង ឬធ្វើមើលមិនឃើញ ការនាំចូលទូរស័ព្ទ
‹ សូមអានបន្ត ›
« មុន 1 ក្រោយ »
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1043
ម្សិលមិញ : 931
សរុប : 7618808
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com