ថ្ងៃ អាទិត្យ ទី 21 ខែ មករា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
មន្ត្រីៗគយភាគច្រើន នៅកំពង់ផែភ្នំពេញ នាំគ្នានិយាយរិះគន់ខ្លាំងឡើងរឿង សុខ គឹមសាន្ត ដល់អាយុ ត្រូវចូលនិវត្តន៍ហើយ...នៅតែត្រូវបានមេៗថ្នាក់លើ កាងឲ្យនៅក្រាញ កាន់តំណែងខ្លាញ់ ២ឆ្នាំបន្តទៀត
ផ្សាយនៅថ្ងៃទី: 14-07-2014, ចំនួនអ្នកអាន 4332ដង
ភ្នំពេញ​៖ កន្លងមក សម្តេច​តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​ប្រកាស ជា​សាធារណៈ រួចមកហើយ​ថា មន្ត្រីរាជការ​ទាំងឡាយ​ណា ដែល​មាន​អាយុ​ដល់ពេល ត្រូវ​ចូលនិវត្ថន៏  គឺ​ត្រូវតែ​ចូល​និវត្ត​ន៏ ដោយ​មិន​អាច​អនុញាត្តិ ឲ្យ​បន្ត​ការងារ​តទៅទៀត​បាន​ទេ ។ ក្រសួងមហាផ្ទៃ បាន​ចាប់ផ្តើម​ធ្វើ​ការ អនុវត្ត​ន៍​ការងារ​នេះ​មុនគេ ដោយ​សម្រេច​ឲ្យ​មន្ត្រីៗ ថ្នាក់​ឧត្តមសេនីយ៏ ចាប់ពី​ផ្កាយ​មួយ រហូត​ដល់​ផ្កាយ​បី​ចំនួន ៧០​រូប ចូលនិវត្ថន៏​រួចហើយ​ដែរ ។​

​ប៉ុន្តែ​ចម្លែក​តែ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា គ្រប់គ្រង​ដឹកនាំ​ដោយ​លោក ប៉ែន ស៊ីម៉ន ជា​អគ្គនាយក​ដុះ​ស្លែ (​ស្ថិតនៅក្រោម​ឱវាទ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ ដែល​មាន​ឯកឧត្តម អូន ព័ន្ឋមុនីរ័ត្ន ជា​រដ្ឋមន្ត្រី​ថ្មី​នោះ​) បែរជា​មិន​ទាន់​អនុវត្ត ឲ្យបាន​ល្អ​ប្រសើរ ទៅ​តាម​បទបញ្ជា ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដាក់​មន្ត្រីៗ នៅក្រោម​ឱវាទ​របស់​ខ្លួន ឲ្យចូល​និវត្តន៍​នោះទេ​... ផ្ទុយទៅវិញ ពួកគេ​ត្រូវ​មហាជន​សង្ស័យថា បាន និង​កំពុង​ឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ ក្នុង​ការប្រព្រិត្ត​អំពើ​ពុករលួ​យ ដោយ​ធ្វើការ​រក្សា​ទុក នូវ​មន្ត្រីៗគយ​មួយចំនួន ដែល​ដល់​អាយុ​ត្រូវ​ចូល​និវត្ត​ន៏ ឲ្យនៅតែ​បន្តកាន់កាប់​ការងារ កន្លែង​ខ្លាញ់​តទៅ​ទៀត​ដដែល ដោយ​មិន​សូវ​ខ្វល់​ពី​រឿង អនុវត្ត​ទៅតាម​បទបញ្ជា ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ ។​

​បើ​តាម​ប្រភព​ខ្សឹប​ខ្សៀវ ពី​មន្ត្រី​គយ​តូចតាច​ខ្លះ បាន​និយាយ​ប្រាប់​ថា បច្ចុប្បន្ន​មាន​មន្ត្រីៗ​គយ កាន់តែ​ច្រើនឡើងៗ នាំគ្នា​ខឹងសម្បារ​យ៉ាងខ្លាំង​នឹង ប៉ែន ស៊ីម៉ន ដែល​នៅតែ ដឹកនាំ អនុវត្ត​ការងារ​តាមបែប ប្រកាន់​បក្ខពួកនិយម ដោយ​មិន​ព្រម​ធ្វើការ​កែទម្រង់ នូវ​វប្បធម៌​មិនល្អ​នោះ​សោះ ។ ជាក់ស្ដែង​ថ្មីៗ​នេះ មាន​ព័ត៌មាន​ថា លោក សុខ គឹម​សាន្ត ដែល​ធ្វើ​ជាប្រធានស្ដីទី ​សាខាគយ នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ជាច្រើន​ឆ្នាំ​មកហើយៗ ដល់​អាយុ​ត្រូវ​ចូល​និវត្ត​ន៏ នៅក្នុង​ពេល​នេះ​ទៅ​ហើយ​នោះ ត្រូវ​អគ្គនាយក​ដុះ​ស្លែ ប៉ែន ស៊ីម៉ន នៅ​តែ​ឲ្យ (​សុខ គឹម​សាន្ត) អាច​បន្ត​ក្ដោប​ក្ដាប់​ការងារ កន្លែង​ខ្លាញ់​រងើម​នេះ​បាន​ចំនួន ២​ឆ្នាំ ត​ទៅ​មុខ​ទៀត ចាប់ពី​ឆ្នាំ​២០១៤ ដល់​បំណាច់​ឆ្នាំ​២០១៥ តាមរយៈ​ការ​លេបថ្នាំ​ពន្យារកំណើត​... ។​

​មន្ត្រីៗ​គយ​តូចតាច​មួយ​ចំនួន ដែល​បំរើ​ការងា​រ នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​និយាយថា ចាប់​តាំ​ពី​លោក សុខ គឹម​សាន្ត បាន​ឡើងកាន់​តំណែង​ជា ប្រធាន​ស្ដីទីស្នាក់ការ​គយ និង​រដ្ឋាករ​នៅ​ទីនោះ ជំនួស​លោក គិន លី ដែល​ត្រូវ​តម្លើង​ឲ្យ ទៅ​ធ្វើ​ជា​មេ​គយ​ធំ នៅ​កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ កាលណា​មក គាត់ (​សុខ គឹម​សាន្ត) បាន​ឆ្លៀតឱកាស (​របៀប​ជា​មន្ត្រី ត្រីងៀត​ឆ្លៀត​ពង​) ក្តោប​យក​ការងារ​សំខាន់ៗ ពាកព័ន្ធ​នឹង​លុយកាក់ យក​ទៅ​ធ្វើ​តែ​ម្នាក់ឯង ដោយ​ទុក​ឲ្យ​មន្ត្រីៗ និង​កូនចៅ​ថ្នាក់ក្រោម​ភាគច្រើន មិន​ពេញចិត្ត​នឹង​បុរស​ធ្មេញ​ល្អិត​នេះឡើយ ។ កំពង់ផែ​ស្វយ័ត​ភ្នំពេញ ជា​ច្រក​នាំចេញ​-​នាំចូល​ទំនិញ យ៉ាង​មមាញឹក​ក្នុង​មួយ​ថ្ងៃៗ ដែល​អាច​ឲ្យ​លោក សុខ គឹម​សាន្ត អាច​រក​ប្រាក់​ចំណូល​ ក្រោមតុ បាន​យ៉ាង​ក្រាស់ក្រែល យក​ទៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច​... ហើយ​បើ​ប្រមុខ​រាជរដ្ឋាភិបាល ចង់ដឹង​ពី​ការពិត​... អាច​នឹង​ធ្វើ​ការត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ ឬ​ក៍​ធ្វើ​អធិការកិច្ច ពី​រឿង​ចំណូល​ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ នៅ​កំពង់ផែ​ស្វយ័ត ​ភ្នំពេញ​នោះ​បាន ដើម្បី​រកឲ្យឃើញ​ថា តើ​វា​មាន​គម្លាតខុស​គ្នា​យ៉ាងណា រវាង​ចំណូល​ពិតប្រាកដ (​ចំណូល​ដែល​ត្រូវ​ចូល​រដ្ឋ​) និង​ចំណូល​ដែល​ធ្លាយ​ចេញ ទៅ​ធ្លាក់​ចូល​ក្នុង​ហោប៉ៅ មន្ត្រីៗ​ពុករលួយ​នៅ​ទីនោះ​?

​មាន​ប្រភព​ជាច្រើន​បាន​និយាយថា បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន បានចាត់វិធានការ​ក្តៅ ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ ត្រូវតែ​ធ្វើការ​កែទម្រង់ ភាព​អសកម្ម​របស់ខ្លួន ដោយ​រឹតបន្តឹង​ការនាំចេញ​- នាំចូល​ទំនិញ​គ្រប់​ប្រភេទ ឲ្យមាន​ការបង់ពន្ឋ​គ្រប់ ១០០% តែ​ក្នុង​រយៈពេល​ខ្លី​សោះ គេ​អាច​រកឃើញ​ថា វា​មាន​គម្លាត​ខុសគ្នា ​ឆ្ងាយ​ដូច​មេឃ និង​ដី​... បានសេចក្ដីថា កន្លង​មក​មន្ត្រីៗ​គយ គ្រប់គ្រង​ដុះស្លែដោយ​ ប៉ែន ស៊ីម៉ន បាន​ប្រព្រិត្ត​អំពើ​ ពុករលួយ​យ៉ាង​ខ្លាំង ធ្វើឲ្យ​បាត់បង់​ចំណូល ចូល​ថវិកា​ជាតិ​យ៉ាងច្រើន​អនេក ដែល​សូម្បី​តែ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍​ប្រហែលជា​លោក មិន​នឹកស្មាន​ដល់ ​ទាល់តែសោះ​ដែរថា នៅក្នុង​ស្ថាប័នគយ​កន្លងមក វា​មាន​អំពើពុករលួយ​ធំធេង រក​ពាក្យ​ថ្លែង​មិនបាន​យ៉ាង​ហ្នឹងទេ ។ ប៉ុន្តែ​ពេល​ដែល​រាជរដ្ឋាភិបាល បាន​រកឃើញ​អំពើពុករលួយ មហា​ធ្ងន់ធ្ងរ​មិនគួរ​អត់ឱន​ឲ្យបាន របស់​មន្ត្រីៗ​គយ​ភាគច្រើន គ្រប់គ្រង​ដឹកនាំ​ដោយ​លោក ប៉ែន ស៊ីម៉ន បែប​នេះ​ហើយ​នោះ គេ​មិនដឹងថា តើ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​ទុក​ពួក​មន្ត្រីៗ​ទាំងនោះ ឲ្យនៅ​បន្ត​ប្រព្រិត្ត អំពើពុករលួយ​តទៅទៀត ឬ​គ្រាន់តែ​ដកចេញ​ពី​តំណែង ឲ្យ​ពួកគេ​ទៅ​អេះ​ពោះ​គង​ទាក់​ខ្លា  ដេកស៊ី​ចាយ​លុយ​កាក់​ម​ហា​សាល យ៉ាង​សប្បាយ​ចិត្ត ​ដោយ​ឥត​មាន​ទោស​ពៃរិ៍​អ្វី​សោះ ឬ​យ៉ាងណា​នោះទេ ។​

​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ គេហទំព័រ CRN «​បង្រួបបង្រួម​ជាតិ​» មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក សុខ គឹម​សាន្ត បាន​នៅឡើយ​ទេ ព្រោះ​លេខ​ទូរស័ព្ទ​របស់​គាត់ មិន​អាច​ហៅចូល​បាន​... ៕ ដោយ​៖ វណ្ណៈ (រក្សាសិទ្ធិ ហាមចម្លង ផ្សាយបន្ត)​
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5591
ម្សិលមិញ : 9576
សរុប : 6588091
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com