ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
អាជីវករសំណូមពរ ឯកឧត្តម ប៉ា សុជាតិវង្ស និងឯកឧត្តម ឱម យ៉ិនទៀង ជួយមើល ចាប ឌី​ណា ប្រធាន​ផ្សារកណ្ដាលផង ដែលល្បីថា ឡើងធ្វើប្រធានផ្សារបានប៉ុន្មានឆ្នាំ មានលុយយ៉ាងច្រើន...!
ផ្សាយនៅថ្ងៃទី: 26-09-2014, ចំនួនអ្នកអាន 4030ដង
ភ្នំពេញ​៖ ប្រភព​ពី​អាជីវករ​មួយចំនួន បាន​បង្ហើប​ឲ្យដឹងថា លោក ចាប ឌី​ណា ប្រធាន​ផ្សារកណ្ដាល បាន​បង្កើត​បក្ខពួកនិយម ចាត់តាំង​សាច់ញ្ញាតិ បក្ខពួក​របស់​ខ្លួន ឲ្យ​ក្ដោប​ក្ដាប់​ប្រភព​ចំណូល​សេដ្ឋកិច្ច ដែល​បាន​ពី​ការបង់​ភាស៊ី ពី​អាជីវករ​លក់ដូរ​គ្រប់​ប្រភេទ ដោយ​ទុក​ឲ្យ​មន្ត្រី​ចាស់ៗ ធ្វើ​តែ​ការងារ​ណា​មិន​ពាក់ព័ន្ធ នឹង​រឿង​លុយកាក់​នោះ​ឡើយ​... ធ្វើឲ្យ​មន្ត្រីៗ​ទាំងនោះ​ភាគច្រើន នាំគ្នា​សម្ដែង​ការមិនសប្បាយចិត្ត និង​មាន​សតិអារម្មណ៍​មិនល្អ ចំពោះ​ការដឹកនាំ​របស់​លោក​ប្រធាន ចាប ឌី​ណា នោះ​ទាល់តែ​សោះ​...​។​

​ប្រភព​ដដែល​បាន​បន្តថា ចាប់តាំងពី​លោក ចាប ឌី​ណា បាន​ឡើង​ធ្វើជា​ប្រធាន ផ្សារកណ្ដាល​កាលណា​មក មិន​ត្រឹមតែ​ធ្វើឲ្យ​មន្ត្រីៗ និង​បុគ្គលិក​ផ្សារ​ភាគច្រើន មិន​ពេញចិត្ត​ប៉ុណ្ណោះ​ទេ​... ក្រុម​អាជីវករ​លក់ដូ​រ​ភាគច្រើន រាប់​ទាំង​អ្នក​លក់​ព្រលិត ត្រកួន​... តាម​កញ្ច្រែង​ផង​នោះ ក៍​បាន​នាំគ្នា​និយាយ រិះគន់​យ៉ាង​ខ្លាំងៗ​ថា ផ្សារកណ្ដាល​សម័យ​លោក ចាប ឌី​ណា ឡើង​មក​ធ្វើជា​ប្រធាន​នេះ សូម្បី​តែ​តម្លៃ​ភាស៊ី ក៍មាន​ការ​ឡើងថ្លៃ ហួស​ពី​ប្រក្រតី​... ខុសគ្នា​ពី​សម័យ​ប្រធាន​ផ្សារ​មុនៗ ឆ្ងាយ​ខ្លាំង​ណាស់​... ។​

​បងប្អូន​អាជីវករ បាន​ប្រាប់ថា បន្ទាប់ពី​លោក ចាប ឌី​ណា បាន​ឡើង​ធ្វើជា ប្រធាន​ផ្សារកណ្ដាល មិនទាន់​បាន​អង្គុយ ក្ដៅ​គូថ​ស្រួលបួល​ផង ឥឡូវនេះ​គាត់​រស់នៅ ក្នុង​ជីវភាព​ហ៊ឺ​ហារ ចាយ​លុយ​ពេញៗ​ដៃ​... និង​មាន​ឡាន​ទំនើបៗ ជិះ​ដូរ​ម៉ូដ​ជាច្រើន​គ្រឿង​ដូចជា ឡាន​លុច​ស៊ី​ស ៤៧០​ព៌ណ​ខ្មៅ ១​គ្រឿង​, ឡាន​មែក​សឺ​ដែស ១​គ្រឿង និង​ឡាន​ផ្សេងៗ​ទៀត ដែល​មិន​ស្គាល់​ម៉ាក​...​។​

​មានការ​ចោទសួរ​ថា តើ​ប្រាក់ខែ​របស់លោក ចាប ឌី​ណា ក្នុង​មួយ​ខែៗ​ចំនួន​ប៉ុន្មាន ទើបបាន​ជា​គាត់​សម្បូរ​លុយ ទិញ​ឡាន​ស្ទើរ​រាប់​ភ្លេច ខណៈ​គាត់​ធ្វើជា ប្រធាន​ផ្សារកណ្ដាល បាន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​...?  ដែល​ករណី​នេះ បងប្អូន​អាជីវករ​ខ្លះ បាន​សំណូមពរ​ថា សូមឲ្យ​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល  រាជធានី​ភ្នំពេញ គួរ​ធ្វើ​ការពិនិត្យ ពី​ភាពមិនប្រក្រតី ក្នុង​ការដឹកនាំ​របស់​លោក ចាប ឌី​ណា នេះ​ផង​... ក្នុងនោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រោម​ការដឹកនាំ​ដោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បណ្ឌិត ឱម យ៉ិនទៀង ក៍​គួរតែ​ដាក់​ការ​ស៊ើប អង្កេត​ករណី​នេះ​ផង​ថា តើ​វា​កើតមាន​អំពើ​ពុករលួយ បក្ខពួកនិយម នៅ​ផ្សារ​កណ្ដាល ក្នុងសម័យ​លោក ចាប ឌី​ណា ធ្វើជា​ប្រធាន​នេះ​... ដែរ  ឬ​អត់​...?

​ខាងលើនេះ គ្រាន់តែ​ជា​មតិ​លើកឡើង ពី​សំណាក់​អាជីវករ លក់ដូរ​មួយចំនួនធំ នៅ​ផ្សារ​កណ្ដាល​ប៉ុណ្ណោះ​... តែ​សាច់​រឿង​វា​យ៉ាងណា​នោះ មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ដោយសារតែ​មិន​ទាន់​អាច ស្វែងរក​សុំ​ការបំភ្លឺ​ពី​លោក ចាប ឌី​ណា បាន​នៅឡើយ​។ បើ​មាន​ព័ត៌មាន​បន្ថែម គេហទំព័រ​យើង នឹង​បង្ហោះ​ផ្សាយ​បន្ត​ទៀត​...៕ ដោយ​៖ វីរៈ ចិន្ដា
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5767
ម្សិលមិញ : 9344
សរុប : 6359332
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com