ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ចម ប្រសិទ្ធ - ស៊ុយ សែម​... ឪ​ធើ​ជាឯកឧត្តម រដ្ឋមន្ត្រី​... កូន​ធើ​ជា ឯកឧត្តម អគ្គាធិការ និង​ឯកឧត្តម អគ្គនាយក នៅក្នុង​ក្រសួង​ថ្មី តែ​មួយ​ជាមួយ​គ្នា...!!!
ផ្សាយនៅថ្ងៃទី: 11-02-2016, ចំនួនអ្នកអាន 6363ដង
​ភ្នំពេញ​៖ គិត​ទៅ​នៅ​ព្រះរាជា ណា​ចក្រ​អច្ឆរិយៈ ដែល​គេ​ថា មាន​ការរីកចម្រើន លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បន្ត​ពី​មួយ​អណត្តិ ទៅ​មួយ​អណត្តិ​នេះ ពិតជា​មាន​ការរីកចម្រើន លើ​គ្រប់​វិស័យ និង​មាន​ការដឹកនាំ  ប្រកបដោយ​គតិបណ្ឌិត​មែន​... ពោល​គឺ សូម្បី​តែ​ក្រសួង ឧស្សាហកម្ម រ៉ែ និង​ថាមពល ដ៍​តូច​មួយ​សោះ ក៍​ត្រូវបាន​បំបែក ឲ្យ​រីក​ចម្រើន​បាន​ជា ២​ក្រសួង ដើម្បី​ឲ្យ​វា​រីកចម្រើន នូវ​កៅអី​រដ្ឋមន្ត្រី​បាន ២​នាក់ អមដោយ​រដ្ឋលេខាធិកា​រ - អនុរដ្ឋលេខាធិការ - អគ្គនាយក​-​អគ្គនាយករង​, ប្រធាន​-​អនុប្រធាននាយកដ្ឋាន​, ប្រធាន​-​អនុប្រធាន​មន្ទីរ រាជធានី​/​ខេត្ត និង​មន្ត្រីៗ​ស៊ីប្រាក់ខែ​រដ្ឋ មួយ​កំភ្លូស​ធំ​ទៀតផង ។​

​អ្វី​ដែល​អស្ចារ្យ ខ្លាំង​ជាង​ហ្នឹង​... បើ​តាម​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​បំបែក​ក្រសួង ឧស្សាហកម្ម រ៉ែ និង​ថាមពល​ជា ២​ក្រសួង គឺ​៖ ទី​១- ក្រសួង​រ៉ែ និង​ថាមពល ដោយ​ឲ្យ​ឯកឧត្តម ស៊ុយ សែម ធ្វើ​ជា​រដ្ឋមន្ត្រី និង​ទី​២- ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដោយ​ឲ្យ​ឯកឧត្តម ចម ប្រសិទ្ធ ធ្វើ​ជា​រដ្ឋមន្ត្រី​រួច​មក​... រដ្ឋមន្ត្រី​ទាំង​២ ក្រសួង​ថ្មី​ទាំងនេះ បាន​និង​កំពុង​តែ​ប្រជែង​គ្នា បង្កើត​អំពើ​បក្ខពួកនិយម ក្រុម​គ្រួសារនិយម ចាក់​ឬ​ស​យ៉ាងជ្រៅ នៅក្នុង​ក្រសួង​ថ្មី​ទាំង​២​នោះ ធ្វើឲ្យ​បុគ្គលិក​មន្ត្រីរាជការ ក្រោម​ឱវាទ​ភាគច្រើន និង​សាធារណជន នាំ​គ្នា​រិះគន់​កាន់តែ​ខ្លាំង​ឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។

​ជាក់ស្ដែង តាម​ព័ត៌មាន​ថា ក្រោយពី​បាន​ក្លាយខ្លួន ជា​រដ្ឋមន្ត្រី​នៃ ក្រសួង​រ៉ែ និង​ថាមពល​ភ្លាម ឯកឧត្តម ស៊ុយ សែម បាន​ស្នើឲ្យ​តែងតាំង កូនប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ ស៊ុយ ឌី​ម៉ង់ ឲ្យទទួល​បាន​ងារ​ជា​ឯកឧត្តម កាន់កាប់​មុខតំណែង​ជា អគ្គនាយក​នៃ អគ្គនាយកដ្ឋាន កិច្ចការ​ទូទៅ នៅ​ក្រសួង​រ៉ែ និង​ថាមពល ដោយ​មិន​ខ្វល់ខ្វាយ ពី​ការរិះគន់​ឡើយ ។ ដោយឡែក ឯកឧត្តម ចម ប្រសិទ្ធ ក្រោយពី​បាន​ក្លាយខ្លួន ជា​រដ្ឋមន្ត្រី​នៃ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក៍​បាន​ឲ្យ​កូនប្រុស (​របស់​ប្រពន្ធ​) ខ្លួន​ឈ្មោះ ចម បូរិទ្ធ ស្នើសុំ​ផ្លាស់ប្ដូរ​ការងារ ពីមុខ​តំណែង​ជា អគ្គនាយករង អគ្គនាយកដ្ឋាន កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម ផ្ទេរ​ទៅ​កាន់​តំណែង​ធំ នៅក្នុង​ក្រសួង​ថ្មី ដែល​មាន​ឪពុក​ជា រដ្ឋមន្ត្រី​ផ្ទាល់​តែម្ដង ។​

​ពាក់ព័ន្ធ​នឹង​កូនប្រុស ចម ប្រសិទ្ធ ប្រភព​បានឲ្យដឹងថា គ្រាន់តែ​បាន​ផ្ទេរ ពី​អគ្គនាយករង អគ្គនាយកដ្ឋាន កាំកុងត្រូល​ភ្លាម​... ចម បូរិទ្ធ ទទួលបាន​ការតែងតាំង ជា​អគ្គាធិការរង នៃ​អគ្គាធិការដ្ឋាន ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដោយ​អនុក្រឹត្យ​លេខ ១០៤ អនក្រ​. ត​ក ចុះ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៤ បាន​ប្រមាណ​តែ ៤ ខែ​ប៉ុណ្ណោះ ក្រោយមក​... ចម បូរិទ្ធ ក៍​ទទួល​បាន​ការ តែងតាំង​ថ្មី​ទៀត​ជា អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដោយ​ព្រះរាជក្រឹត្យ​លេខ នស / រកត / ០៥១៤ / ៦០១ ចុះ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤​ដដែល ដូច​ឡើង​តាម​ជណ្ដើរយន្ត​អីចឹង​... ដែល​មក​ដល់​ខែ​នេះ ក្នុង​ឆ្នាំ​២០១៥​នេះ គេ​មិន​ទាន់​ដឹងថា ឯកឧត្តម ចម ប្រសិទ្ធ បាន​ជួយ​ឲ្យ ចម បូរិទ្ធ ឡើង​តំណែង​ខ្ពស់ ដល់​ថ្នាក់​ណា​ទៀត ទៅ​ហើយ​នោះ​ទេ ។​

​ចំណែកឯ ឯកឧត្តម ស៊ុយ សែម ដែល​អាច​ឡាំប៉ា បាន​តំណែង​ជា រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល នោះ​វិញ ក៍មាន​ព័ត៌មាន បែកធ្លាយ​ដែរ​ថា អ្វី​ដែល​គាត់​បាន និង​កំពុង​ធ្វើ គឺ​ខ្លាំង​ជាង​ឯកឧត្តម ចម ប្រសិទ្ធ ទៅទៀត​... នៅត្រង់ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល អណត្តិ​ថ្មី​ឆ្នាំ ២០១៣ - ២០១៨ កើតឡើង​ភ្លាម ឯកឧត្តម ស៊ុយ សែម ត្រូវបាន​ដកហូត តំណែង​មួយ​រយៈ​ខ្លី ដោយ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់​ក្រសួង ឧស្សាហកម្ម រ៉ែ និង​ថាមពល​ទាំងមូល ទៅឲ្យ​ឯកឧត្តម ចម ប្រសិទ្ធ ធ្វើ​ជា​រដ្ឋមន្ត្រី តែ​ម្នាក់​ឯង​តែ​ម្ដង ។ ប៉ុន្តែ​ប្រហែល​ដោយហេតុ ឯកឧត្តម ស៊ុយ សែម ខ្លាំង ឬ​លោក​ជំទាវ ជា ខេង ជា​ប្រពន្ធ​ពូកែ​នោះ ក៍​បាន​ធ្វើឲ្យ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទន់​ចិត្ត​... រហូតដល់​ថ្នាក់ បំបែក​ក្រសួង​មួយ​នោះ​ជា ២ ចែក​គ្នា​កាន់កាប់​វិញ បណ្ដាល​ឲ្យ​ឯកឧត្តម  ចម ប្រសិទ្ធ ឈឺចិត្ត​មិន​តិច​ឡើយ ។​

​អ្វី​ដែល​លើស​ពី ឯកឧត្តម ចម ប្រសិទ្ធ មួយ​ចំណុច​ធំ​ទៀត ត្រូវបាន​បែកធ្លាយ ព័ត៌មាន​មក​ថា  សព្វថ្ងៃនេះ ឯកឧត្តម ស៊ុយ សែម ថែមទាំង​បាន​ប្រើ​អំណាច ជួយ​ជ្រោមជ្រែង យិតយោង​កូនប្រុស របស់​ខ្លួន​ឈ្មោះ ស៊ុយ ឌី​ម៉ង់ ឲ្យទទួល​បាន​ការតែង​តាំង ឋានៈ​ជា​ឯកឧត្តម កាន់កាប់​តំណែង​ជា អគ្គនាយក​នៃ អគ្គនាយកដ្ឋាន កិច្ចការ​ទូទៅ នៅ​ក្រសួង​រ៉ែ និង​ថាមពល ដោយផ្ទាល់​តែម្ដង តាមរយៈ​ព្រះរាជក្រឹត្យ​លេខ នស / រកត / ០២១៤ / ១៥៨ ចុះ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដែល​ធ្វើឲ្យមាន ការរិះគន់​ថា «​ឪ​ធើ​រដ្ឋមន្ត្រី​... កូន​ធើ​អគ្គនាយក នៅក្នុង​ក្រសួង​ថ្មី តែ​មួយ​ជាមួយ​គ្នា​» មិន​ខុស​ពី​ពាក្យ​គេ​ថា ជា​ក្រសួង​ក្រុម គ្រួសារនិយម នោះទេ ។​

​មិនតែប៉ុណ្ណោះ កាលពីដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ឯកឧត្តម ស៊ុយ សែម បានសម្រេច តែងតាំង​មន្ត្រី ៤​រូប ឲ្យធ្វើ​ជា​ក្រុម អ្នកនាំពាក្យ ក្រសួង​រ៉ែ និង​ថាមពល គឺ​៖ ១- ឯកឧត្តម ម៉េង សក្តិ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​, ២- ឯកឧត្តម ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​, ៣- ឯកឧត្តម ទូ​ន លាន អនុរដ្ឋលេខាធិការ និង​៤- ឯកឧត្តម ស៊ុយ ឌី​ម៉ង់ អគ្គនាយក​នៃ អគ្គនាយកដ្ឋាន កិច្ចការ​ទូទៅ ។​

​ឯកឧត្តម ស៊ុយ ឌី​ម៉ង់ (​ជា​កូនប្រុស​រដ្ឋមន្ត្រី ស៊ុយ សែម​) ដែល​ត្រូវបាន​តែងតាំង​ជា អ្នកនាំពាក្យ​ក្រសួង បន្ថែម​លើ​មុខងារ​ជា អគ្គនាយក​នៃ អគ្គនាយកដ្ឋាន កិច្ចការ​ទូទៅ របស់​ក្រសួង​រ៉ែ និង​ថាមពល​នោះ ត្រូវ​ឯកឧត្តម ស៊ុយ សែម ជា​ឪពុក​ផ្ដល់​អំណាច ឲ្យ​គ្រប់គ្រង​ក្ដោប​ក្ដាប់ ការងារ​សំខាន់ៗ​ច្រើន​ផ្នែក​ណាស់ នៅ​ក្រសួង​នោះ​ទាំងមូល ដូចជា​៖ ផ្នែក​រដ្ឋបាល​, ផ្នែក​ព័ត៌មានវិទ្យា​, ផ្នែក​បុគ្គលិក​, ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​ផ្នែក​សហប្រតិបត្តិការ កិច្ចការ​អាស៊ាន ព្រមទាំង​ផ្នែក​នីតិកម្ម​... ជាដើម ដែល​អគ្គនាយកដ្ឋាន​សំខាន់ៗ ស្ថិតនៅ​ក្រោម​ក្រសួង​រ៉ែ និង​ថាមពល រួមមាន​៖ ១-  អគ្គនាយកដ្ឋាន កិច្ចការ​ទូទៅ​, ២- អគ្គនាយកដ្ឋាន ធនធាន​រ៉ែ​, ៣- អគ្គនាយកដ្ឋាន ថាមពល​, ៤- អគ្គនាយកដ្ឋាន ប្រេងកាត និង ៥ - អាជ្ញាធរ អគ្គិសនី​កម្ពុជា ។

​នៅក្នុង​លិខិត​បំភ្លឺ ចុះ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៥​ថ្មីៗ​នេះ ដែល​ស៊ីញ៉េ​ផ្ទាល់ដោយ ឯកឧត្តម ស៊ុយ ឌី​ម៉ង់ ដើម្បី​បដិសេធ​ចំពោះ ការឈប់​ពាក់ព័ន្ធ នឹង​ការបង្កើត​ក្រុមហ៊ុន Khmer First Coal Mining Trading Exim Co.,Ltd ជា​លក្ខណៈ​ឯកជន កាលពី​អំឡុង​ឆ្នាំ​២០១០  ដើម្បី​ស្វែង​រុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា ដោយ​លោក​ឧកញ៉ា វិញ ហ៊ួ​រ ធ្វើជា​ប្រធាន ក្រុមប្រឹក្សាភិបាល និង​លោក ស៊ុយ ឌី​ម៉ង់ ធ្វើ​ជា​អភិបាល ក្រុមហ៊ុន​នោះ​... គេហទំព័រ​យើង មាន​ចំណាប់អារម្មណ៍ យ៉ាង​ខ្លាំង​ជាង​គេ​បំផុត នៅត្រង់​ចំណុច​មួយ ដែល​បាន​សរសេរថា ...«​មុនពេល​ដែល​ខ្ញុំបាទ ចូល​បម្រើ​ការងារ​ ជាមន្ត្រីរាជការ នៅ​ដើមឆ្នាំ​២០១១»... ។ 

​ខ្លឹមសារ​នៃ​ឃ្លា​ខ្លី ខាងលើនេះ អាច​បានសេចក្ដីថា លោក ស៊ុយ ឌី​ម៉ង់ ទើបតែ​បាន​ចូល បម្រើ​ការងារ​ជា មន្ត្រីរាជការ ចាប់ពី​ដើម​ឆ្នាំ​២០១១ ដែល​រហូត​មកដល់ ដើម​ខែ​មេសា ឆ្នាំ​២០១៥​នេះ បាន​ប្រមាណ​តែ ៤ ឆ្នាំ​តែ​ប៉ុណ្ណោះ​ទេ​... ចឹងគេ​សួរថា ទើបតែ​ចូល​ធើ​ការ ៤​ឆ្នាំ​សោះ​... តើ​ហេតុ​អី​ក៍លោក ស៊ុយ ឌី​ម៉ង់ អាច​មាន​វាសនា​ល្អ បាន​ឡើងបុណ្យ​សក្ដិ តួនាទី​ដ៍​ខ្ពង់ខ្ពស់ ដល់​ទៅ ២ ម្នាក់ឯង​គឺ​៖ ១- ជា​ឯកឧត្តម  អគ្គនាយក និង ២- ជា​ឯកឧត្តម អ្នកនាំពាក្យ ក្រសួង​រ៉ែ និង​ថាមពល ? ឬ​មួយ​ក៍​ដោយសារ​តែ​ឪ (​ស៊ុយ សែម​) ធើ​ជា​រដ្ឋមន្ត្រី ទើបបាន​ជា​កូន (​ស៊ុយ ឌី​ម៉ង់​) អាច​ឡើង​មុខតំណែង​ធំ យ៉ាង​លឿន​រហ័ស ដូច​ផ្លេកបន្ទោរ ដោយ​មិនបាច់​ប្រឹង​បែបនេះ ? មាន​មន្ត្រីៗ​រាជការ រាប់ពាន់ រាប់ម៉ឺន ឬ​អាច​រាប់សែន​នាក់ បាន​ចូល​បម្រើ​ការងារ​រដ្ឋ ខ្លះ​ជាង​១០​ឆ្នាំ ខ្លះ​ជាង​២០​ឆ្នាំ ខ្លះទៀត​ជា​ង​៣០​ឆ្នាំ កុំថាឡើយ​អាច​ឡើង ជា​ឯកឧត្តម​ស្អីៗ​នោះ សូម្បី​តែ​រក៍តែ​មួយ​គ្រប់ ចិញ្ចឹមជីវិត​ក្រុមគ្រួសារ ឬ​រក៍តែ​ជម្រក​តូច​មួយ ឲ្យបាន​គត់មត់ មិន​ទាំង​បាន​ផង​... ហ៊ឺ​... ។​

​ផ្ទុយទៅវិញ អ្នក​នៅ​ភ្នំពេញ​ភាគច្រើន អ្នក​ណា​ក៍​ល្បី​ដែរ​ថា ក្រុមគ្រួសារ​ឯកឧត្តម ចម ប្រសិទ្ធ - លោកជំទាវ ទេព បុប្ផា ប្រសិទ្ធ និង​ឯកឧត្តម ស៊ុយ សែម - លោកជំទាវ ជា ខេង ស៊ុយ សែម មាន​ទ្រព្យសម្បត្តិ មហា​ស្ដុកស្ដម្ភ លុយកាក់​រាប់​សិប​លាន​ដុល្លារ វិឡា និង​សំណង់​ខុន​ដូ ជាច្រើន​កន្លែង​រាប់​ភ្លេច​... ដែល​ជា​គម្លាត​មួយ ខុស​គ្នា​យ៉ាង​ឆ្ងាយ ដូច​មេឃ​និង​ដី បើ​ប្រៀបធៀប​នឹង ជីវភាព​រស់នៅ​របស់ បងប្អូន​មន្ត្រីរាជការ ឬ​ប្រជាពលរដ្ឋ​ក្រីក្រ រាប់សែន លាន​នាក់ នៅ​ទូទាំង​ប្រទេស​នោះ ។​

​សាធារណជន បាន​និយាយថា នៅក្នុង​ចំណោម ចំណុច​អវិជ្ជមាន​ជាច្រើន ដែល​បាន​ធ្វើឲ្យ គណបក្ស ប្រជាជន​កម្ពុជា បាត់បង់​សន្លឹកឆ្នោត​អស់ ២២​កៅអី នៅ​រដ្ឋសភា​នោះ គឺ​ក៍មាន​ចំណុច​អវិជ្ជមាន ដូច​ខាងលើ​នេះ​ដែរ​... ហើយ​បើ​ពួកគេ នៅតែ​មិន​កែទម្រង់ ឲ្យបាន​ស៊ីជម្រៅ ដូច​មាត់​ថា​នោះទេ​... ការបោះឆ្នោត​ឆ្នាំ​២០១៨ ប្រហែល​នឹង​អស់​កៅអី​ច្រើន ជាង​ឆ្នាំ​២០១៣​ទៅទៀត​... ។​

​គេហទំព័រ​យើង បាន​ព្យាយាម​ទាក់ទង ឯកឧត្តម ចម បូរិទ្ធ កូនប្រុស​ឯកឧត្តម ចម ប្រសិទ្ធ  និង​ឯកឧត្តម ស៊ុយ ឌី​ម៉ង់ កូនប្រុស​ឯកឧត្តម ស៊ុយ សែម ដើម្បី​សុំ​ការបំភ្លឺ ព័ត៌មាន​ខាងលើ​នេះ​ដែរ​... តែ​នៅ​មិនទាន់​អាច ទំនាក់ទំនង​បាន នៅឡើយ​ទេ​... ៕
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5719
ម្សិលមិញ : 9344
សរុប : 6359284
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com