ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
សៅ ប៊ុន​រិទ្ធ នៅតែ​ប្រព្រឹត្តិ​អំពើ​ពុករលួយ ធ្វើឲ្យ​ប្រជាពលរដ្ឋ ខឹងសម្បារ​ដដែល ក្រោយ​ពី​ថ្នាក់លើ ដកចេញ​ពីមេប៉ូលីស​ អន្តោ​ប្រវេ​ស​ន៏ ​ច្រក​ប៉ោយ​ប៉ែត ឲ្យទៅ​ធ្វើ​ជា​មេ​ប៉ូលីស អន្តោ​ប្រវេ​ស​ន៏​ច្រក​ដូង​
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 2978ដង
ខេត្ត​បាត់ដំបង​៖ យោងតាម​ប្រភព​ព័ត៌មាន បានឲ្យ​ដឹង​ថ្មីៗ​នេះ​ថា ក្រោយ​ពី​ថ្នាក់លើ បាន​ដក​ចេញពី​មុខតំណែង​ជា មេប៉ូលីស​អន្តោ​ប្រវេ​ស​ន៏ ប្រចាំ​នៅ​ច្រកទ្វារ អន្តរជាតិ​-​ប៉ោយ​ប៉ែត​... ហើយ​តែងតាំង​ឲ្យទៅ​ធ្វើ​ជា មេប៉ូលីស​អន្តោ​ប្រវេ​ស​ន៏ ប្រចាំ​ច្រក​អន្តរជាតិ​ដូង កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​រួចមក លោក សៅ ប៊ុន​រិទ្ធ មិន​ត្រឹមតែ​មិន​ភ្ញាក់រ​ឮ​ក ឬ​រាងចាល​ប៉ុណ្ណោះ​ទេ គឺ​គាត់ (​សៅ ប៊ុន​រិទ្ធ​ ) នៅតែ​យក​តួនាទី​របស់​ខ្លួន ទៅ​ប្រព្រឹត្តិ​អំពើ​ផ្ដេសផ្ដាស ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស របស់​ថ្នាក់លើ​ដូច​មុន​ដដែល ជា​ពិសេស​ធ្វើឲ្យ​ប្រជាពលរដ្ឋ ខឹងសម្បារ​ខ្លាំង​ឡើងៗ​តែម្ដង ។​

​ប្រភព​បាន​ប្រាប់ថា សព្វថ្ងៃនេះ ប៉ូលីស​អន្តោ​ប្រវេ​ស​ន៏ នៅ​ច្រក​អន្តរជាតិ​ដូង ក្រោម​ការគ្រប់គ្រង ដឹកនាំ​ដោយ​លោក សៅ ប៊ុន​រិទ្ធ បាន​យក​លុយ​ថ្លៃ ធ្វើ​ប័ណ្ណឆ្លងដែន (Border Pass) ក្នុងតម្លៃ​យ៉ាងច្រើន លើសលប់​ពី​ពលករ ចំណាកស្រុក​ក្នុង​ម្នាក់ៗ​ពី ៧,៣០០០​រៀល (​ប្រាំ​ពីរម៉ឺន បី​ពាន់​រៀល​) ខណៈ​ដែល​រាជរដ្ឋាភិបាល បានកំណត់​ឲ្យ​យក​តែ ២០០០០​រៀល (​ពីរ​ម៉ឺន​រៀល​) ប៉ុណ្ណោះ ។ ប្រជាពលរដ្ឋ​បាន​សួរថា តើ​ទង្វើ​បែបនេះ គួរ​ត្រូវ​មានទោស​ដែររទេ​...?

​ប្រភព​បាន​បញ្ជាក់​ប្រាប់​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ នៅតែមានឆ្លងដែន ​ក្នុង​មួយ​ថ្ងៃៗមិនតិចនាក់ទេ  តែង​ធ្វើ​ចំណាកស្រុក ចាកចេញ​ពី​កម្ពុជា ទៅ​រក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ដូង ។ មុន​ពេល​អាច​មាន​សិទ្ធិ ឆ្លងដែន​ទៅបាន ពលករ​ទាំងនោះ ត្រូវ​ចំណាយ​លុយ​ក្នុង​ម្នាក់ៗ​ចំនួន ៧,៣០០០​រៀល (​ប្រាំ​ពីរម៉ឺន បី​ពាន់​រៀល​) ដើម្បី​ធ្វើ​ប័ណ្ណឆ្លងដែន (Border Pass) ម្នាក់​មួយ​សន្លឹកៗ ពី​អស់លោក​មន្ត្រីៗ ប៉ូលិស​អន្តោ​ប្រវេ​ស​ន៏ ក្រោម​ការគ្រប់គ្រង​ដោយ​លោក សៅ ប៊ុន​រិទ្ធ ដ៍​មហិមា ។ នេះ​គេ​គ្រាន់តែ​និយាយ ពី​រឿង​ពលករ​ឆ្លងដែន  មួយ​មុខ​ប៉ុណ្ណោះ ពោល​គឺ​មិន​ទាន់​និយាយ ពី​រឿង​ការឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ​បណ្ដោយ​ឲ្យ​កើតមាន ទំនិញគេចពន្ធ​នានា ចេញ​-​ចូល​ឆ្លងកាត់​តាម ច្រក​អន្តរជាតិ​ដូង​នោះ​ផង ។​

​សូម​រម្លឹក​ឡើងវិញ​ដែរ​ថា កាល​លោក សៅ ប៊ុន​រិទ្ធ នៅ​ធ្វើជា​មេប៉ូលីស អន្តោ​ប្រវេ​ស​ន៏ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ - ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​បណ្ដាញ​ផ្សព្វផ្សាយ​ជាច្រើន បាននាំគ្នា​សេសរ​ចុះផ្សាយ និង​បង្ហោះ​ផ្សាយ ជា​បន្តបន្ទាប់​ថា ក្នុង​មួយ​ថ្ងៃៗ មាន​ប្រជាពលរដ្ឋ​ខ្មែរ  ធ្វើ​ចំណាកស្រុក ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ត្រូវ​ធ្វើ​ប័ណ្ណឆ្លងដែន មាន​ចំនួន​រហូត​ដល់​ទៅ រាប់រយ​ពាន់​នាក់​ឯណោះ ។ ក្នុងចំណោម​នោះ ភាគច្រើន​ជា​ប្រជាពលរដ្ឋ ធ្វើ​ចំណាកស្រុក មកពី​ខេត្ត​ឆ្ងាយ​... ដោយសារ​ហេតុ​ថា មិនមែន​មាន​តែ ប្រជាពលរដ្ឋ រស់​នៅ​ជាប់​ព្រំដែន ទើប​អាច​ធ្វើ​ប័ណ្ណ ឆ្លងដែន​បាន​នោះទេ ពោល​គឺ ប្រជាពលរដ្ឋ ធ្វើ​ចំណាកស្រុក មកពី​ខេត្ត​ឆ្ងាយ ក៍​អាចធ្វើ​ប័ណ្ណ ឆ្លងដែន​បានដែរ ឲ្យតែ​មាន​លុយ ប្រគល់​ឲ្យ​មន្ត្រីៗ ប៉ូលីស​អន្តោរ​ប្រវេ​ស​ន៏ ក្រោម​ការគ្រប់គ្រង​ដោយ​លោក សៅ ប៊ុន​រិទ្ធ ជា​ប្រធាន​ដុះ​ស្លែ​នោះ ។​

​ព័ត៌មាន​ទាំងនោះ បានឲ្យដឹង​ទៀតថា មន្ត្រីៗ​ប៉ូលីស​អន្តោរ​ប្រវេ​ស​ន៏ ក្រោម​ការគ្រប់គ្រង​ដោយ​លោក សៅ ប៊ុន​រិទ្ធ តែង​បាន​ឃុបឃិត ជាមួយ​ក្រុម​មេខ្យល់​មួយចំនួន តាមរយៈ​ការលួចបន្លំ​ឈ្មោះ ដោយ​ដាក់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ចំណាកស្រុក មកពី​បណ្ដា​ខេត្ត​ឆ្ងាយៗ​ថា ជា​ប្រជាពលរដ្ឋ រស់​នៅក្នុង​មូលដ្ឋាន ជាប់​ព្រំដែន​ខ្មែរ​ឥ​ថៃ ដើម្បី​ទទួលបាន សិទ្ធិ​ស្រប​ច្បាប់ ក្នុងការ​ធ្វើ​ប័ណ្ណឆ្លងដែន ។ ប៉ុន្តែ​ពួកគាត់ (​ប្រជាពលរដ្ឋ​ឆ្ងាយៗ​) ដែល​ចង់បាន​ប័ណ្ណឆ្លងដែន​នោះ ត្រូវតែ​ចំណាយលុយ​ចាប់ពី ១០០០​បាត (​មួយ​ពាន់​បាត​) ទៅ ១២០០​បាត (​មួយ​ពាន់​ពីរ​រយ​បាត​) ឬ ១៥០០​បាត (​មួយ​ពាន់​ប្រាំ​រយ​បាត​) ក្នុង​ម្នាក់ៗ ទើប​អាច​ធ្វើបាន​... អត់​មាន​បញ្ហា​ឡើយ ។​ ​ទង្វើ​នេះត្រូវ​ប្រជាពលរដ្ឋ នាំគ្នា​និយាយ​រិះគន់ថា ជា​ទង្វើ​ដ៍​គឃ្លើន​មួយ ប្រឆាំង​ទាំងស្រុង ទៅ​នឹង​អនុក្រិត្យ របស់​ក្រសួង​មហាផ្ទៃ​... ព្រោះថា យោង​តាម​អនុក្រិត្យ​លេខ ៦៨ របស់​ក្រសួង​មហាផ្ទៃ បានកំណត់​ឲ្យ​យក ថ្លៃ​ធ្វើ​ប័ណ្ណឆ្លងដែន ពី​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ម្នាក់ៗ​ត្រឹមតែ ២០០០០​រៀល (​ពីរ​ម៉ឺន​រៀល​) ប៉ុណ្ណោះ ។ ផ្ទុយទៅវិញ ក្រុម​ប៉ូលីស​អន្តោ​ប្រវេ​ស​ន៏ ជា​កូនចៅ​របស់​លោក ​សៅ ប៊ុន​រិទ្ធ បែរជា​យក​ថ្លៃ​ហួស ពី​រដ្ឋ​បាន​កំណត់ ប្រៀប​ដូច​សង្កត់ក ដកស្លាប​ប្រជាពលរដ្ឋ ក្រីក្រ​អត់ឃ្លាន​ទៅវិញ ។​

​ ប្រភព​បាន​បញ្ជាក់ថា បើ​ប្រជាពលរដ្ឋ រស់​នៅ​ជាប់​ព្រំដែន គឺ​គេ (​ប៉ូលីស​អន្តោ​ប្រវេ​ស​ន៏​) ដាក់​កំណត់​យក​លុយ​ពី  ៣៥០​បាត ទៅ​៤៥០​បាត គិត​ជា​លុយ​ខ្មែរ ជិត​ស្មើនឹង ៥០,០០០​រៀល (​ប្រាំ​ម៉ឺន​រៀល​) ទៅ ៦០,០០០​រៀល (​ប្រាំមួយ​ម៉ឺន​រៀល​) ។ ក្រៅពីនេះ ក៍មាន​បង់​សេវា ថ្លៃ​រូបថត​ចំនួន ៥៥​បាត និង​ថ្លៃ​បំពេញ​ឯកសារ ២០​បាត ផ្សេង​ទៀត​ផង​ដែរ សម្រាប់​ពលករ​ម្នាក់ៗ ។ បន្ថែម​ពីលើ​នេះ ការ​បន្ត​សុពលភាព​ប័ណ្ណ ត្រូវបាន​គេ​កំណត់ ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ គឺ​ត្រូវ​បង់​លុយ​ចំនួន ៧០​បាត ធ្វើឲ្យ​ប្រជាពលករ ដែល​ធ្វើ​ចំណាកស្រុក ទៅ​រក​ការងារ​ធ្វើ នៅក្នុង​ប្រទេស​ថៃ កាន់តែ​ជួប​ការ លំបាក​ខ្លាំង​ឡើងៗ និង​សម្ដែង​ការខឹង សម្បារ​ខ្លាំង​ឡើងៗ​ដែរ ចំពោះ​ក្រុម​ប៉ូលីស អន្តោ​ប្រវេ​ស​ន៏​របស់លោក សៅ ប៊ុន​រិទ្ធ ធ្វើឲ្យ​ប៉ះពាល់​មិន​តិច​ទេ ដល់កិត្តិយស​របស់ ថ្នាក់ដឹកនាំ​កំពូលៗ ក៍​ដូចជា​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ  ឬ​អគ្គស្នងការ នគរបាលជាតិ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ក៍​ធ្លាប់​បាន​ឲ្យដឹង​ដែរ​ថា កាល​លោក សៅ ប៊ុន​រិទ្ធ នៅ ​ធ្វើជា​មេប៉ូលីស ​អន្តោ​ប្រវេ​ស​ន៏ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ - ប៉ោយ​ប៉ែត គេ​តែ​បាន​ឃើញ​ក្រុម​ប៉ូលីស អន្តោ​ប្រវេ​ស​ន៏​ទាំងនោះ មិន​ត្រឹមតែ​គាបសង្កត់ ទៅ​លើ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ចំណាកស្រុក​ប៉ុណ្ណោះ​ទេ គឺ​ពួគេ​ថែមទាំង បាន​ចាត់តាំង​មន្ត្រី ជំនិតៗ​របស់ខ្លួន ឲ្យ​ដាក់​កុងត្រូលជជុះ ប្រមូល​លុយ​ពី​កម្មករ  អូស​រទេះដឹក​ត្រី និង​ខោ​អាវ​គី​ប ព្រម​ទាំង​ទំនិញ​ផ្សេងៗ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​អៀនខ្មាស់​សោះ ដូចជា​ការដាក់​កុងត្រូល​ជជុះ ជា​ប្រចាំ​រាល់ថ្ងៃ ចាំ​គាប​ប្រមូល​លុយ ពី​កម្មករ​អូស​រទេះ ដឹក​ឥ​វ៉ាន់​ពី​ប៉ោយ​ប៉ែត ចូល​ទៅ​ប្រទេស​ថៃ ដែល​ឥ​វ៉ាន់​ទាំងនោះ​រួមមាន​៖ ត្រី ខោអាវ​គីប​ជជុះ និង​ទំនិញ​ផ្សេងៗ ជាច្រើន​មុខ​ទៀត​... និង​ការដាក់​កុងត្រូលជជុះ  នៅ​ប៉ុស្ពិ៏​ត្រង់ចំណុច ផ្លូវ​ដើម​ពុទ្ទ្រា ខាងជើង​ច្រកទ្វារ អន្តរជាតិ​-​ប៉ោយ​ប៉ែត ប្រហែល​ប្រាំ​រយ​ម៉ែត្រ ដើម្បី​ប្រមូល​លុយ​ពី អ្នករកស៊ី​ទំនិញ​ខុសច្បាប់ ពី​ខ្មែរ​ទៅ​ថៃ ឬ​ពី​ថៃ​មក​ខ្មែរ​ទៀតផង ។​

​បងប្អូន​ប្រជាពលរដ្ឋ បាន​និយាយថា ឥឡូវ​នេះ​បន្ទាប់ពី​លោក សៅ ប៊ុន​រិទ្ធ ត្រូវបាន​ថ្នាក់លើ  ដកចេញ​ពី​មេប៉ូលីស អន្តោ​ប្រវេ​ស​ន៏ ច្រកទ្វារ​អន្តរជាតិ - ប៉ោយ​ប៉ែត ដោយ​តែងតាំង​ឲ្យទៅ ធ្វើ​ជា​មេ​ប៉ូលីស អន្តោ​ប្រវេ​ស​ន៏ ច្រក​អន្តរជាតិ​ដូង គេ​សង្កេតឃើញថា លោក សៅ ប៊ុន​រិទ្ធ នៅតែ​ប្រព្រឹត្ត​អំពើ​ដដែលៗ មិនសូវ​ខុស​ពី​មុន​នោះឡើយ​... ដែល​ករណី​នេះ សូមឲ្យ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ត្រូវតែ​មាន​ការត្រួតពិនិត្យ ឲ្យបាន​ម៉ត់ចត់ ល្អិតល្អន់​បំផុត ចៀសវាង​កុំឲ្យ ពួក​មន្ត្រីៗ​ខិលខូច មួយ​ក្ដាប់​តូច​នាំគ្នា ប្រព្រិត្ត​អំពើ​ពុករលួយ​... ធ្វើឲ្យ​ប្រជាពលរដ្ឋ ខឹងសម្បារ​ខ្លាំង​ឡើងៗ​ផង និង​ធ្វើឲ្យប៉ះពាល់ ដល់​កិត្តិយស​ដ៍​ខ្ពង់ខ្ពស់​របស់ ថ្នាក់ដឹកនាំ​កំពូលៗ​នោះ​ផង ។​

​ព័ត៌មាន​ខាងលើ​នេះ គេហទំព័រ​យើង នៅ​មិនទាន់​បាន ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក សៅ ប៊ុន​រិទ្ធ បាន​នៅឡើយ​ទេ​... ៕
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5727
ម្សិលមិញ : 9344
សរុប : 6359292
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com