ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ផ្កាយ១ ព្រហ្ម ចាន់​សុខា ឡើងមេថ្មី ជំនួសផ្កាយ៣ វុធ ផល្លី កន្លែងធ្វើប៉ាស្ព័រ កាន់តែមានការ រិះគន់ខ្លាំងឡើងៗ ទាំងរឿងធ្វើ និង​ពន្យារ​លិខិតឆ្លងដែន... !
ផ្សាយនៅថ្ងៃទី: 25-10-2016, ចំនួនអ្នកអាន 27744ដង
​ភ្នំពេញ​៖ កាល​ពី​អត្ថបទ​មុននេះ គេហទំព័រ​យើង បាន​សរសេរ​បង្ហោះ​ផ្សាយ ម្ដង​រួចមកហើយ អំពី​ព័ត៌មានដែល​សាធារណជន តែងតែ​បាន​នាំគ្នា និយាយ​រិះគន់ ជា​បន្តបន្ទាប់​មក​ថា នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធាន និង​មាន​អនុប្រធាន នាយកដ្ឋាន​ដល់​ទៅ ៨​នាក់​នោះ គឺ​មិន​ខុស​ពី​ពាក្យ​ខ្មែរ​ថា «​គ្នា​ច្រើន​អន្សម​ខ្លោច​... គ្នា​ហោច​អន្សម​ឆៅ​» នោះឡើយ ។ ដោយសារ​ហេតុ​ថា ទោះបីជា​ថ្នាក់លើៗ នៅ​ក្រសួង​មហាផ្ទៃ បាន​ដក​តួនាទី​លោក វុ​ធ ផល្លី  ហើយ​តែងតាំង​លោក ព្រហ្ម ចាន់​សុខា ជា​ប្រធានថ្មី ដោយ​មាន​អនុប្រធាន នាយកដ្ឋាន​ដល់​ទៅ ៨​នាក់ យ៉ាងច្រើន​ស្អេកស្កះ ស្ទើរតែ​គរ​ជើង​លើ​គ្នា​ក៍ដោយ  ក៍​មេៗ និង​មន្ត្រីៗ​នាយកដ្ឋាន លិខិតឆ្លងដែន​នេះ នៅ​តែ​ដឹកនាំ​ធ្វើ​ការងារ តាម​បែប​យឺតយ៉ាវ  រយីក​រយាក កក្លិកកក្លាក់ មិន​បាន​ទាន់ពេលវេលា ជូន​ប្រជាពលរដ្ឋ​នោះទេ ។​

​ការដឹកនាំ ​ធ្វើ​ការងារ​យឺតយ៉ាវ ឬ​ការ​កំណត់​ពេល​ធ្វើ​ប៉ាស្ព័រ មាន​អា​ប្រភេទ​លឿន​... អា​ប្រភេទ​យូរ​នោះ ត្រូវ​សាធារណជន និយាយ​រិះគន់ថា វា​គ្រាន់តែ​ជា​លេស​មួយ ក្នុង​ការឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ ប្រព្រិត្ត​អំពើ​ពុករលួយ ប្រមូល​លុយ​យក​ធើ​មានបាន សម្រាប់​តែ​បុគ្គល​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ ។ កុំ​ថា​ឡើយ​ដល់​ការធ្វើ​ប៉ាស្ព័រ ដែល​ពួកគេ​នាំ​គ្នា​កំណត់ មាន​អា​ប្រភេទ​លឿន​... អា​ប្រភេទ​យូរ ឬ​អា​ប្រភេទ​ថ្លៃ​... អា​ប្រភេទ​ថោក​ល្មម​... សូម្បី​តែ​ការសុំ​ពន្យារ ពេលវេលា​ប៉ាស្ព័រ ក៍​ពួកគេ​ឃុបឃិត​គ្នា  កំណត់​ឲ្យមាន អា​ប្រភេទ​បាន​ឆាប់​... អា​ប្រភេទ​បាន​យូរ ស្អីៗ​ផស់​គេ​នោះដែរ ។

​ជាក់ស្ដែង បើ​មិន​រម្លឹក​ពី​រឿង​ធ្វើ​ប៉ាស្ព័រ ដោយ​គ្រាន់តែ​រម្លឹក អំពី​ករណី​សុំ​ពន្យារ ពេលវេលា​ប៉ាស្ព័រ ត្រូវបាន​ប្រជាពលរដ្ឋ និយាយ​ប្រាប់​ឲ្យដឹងថា កន្លងមក​ពេល​គាត់ ចូល​ទៅ​ដល់​កន្លែង ធ្វើ​លិខិតឆ្លងដែន គាត់​បាន​ជួប និង​ប្រាប់​មន្ត្រី​ម្នាក់​ថា គាត់​ចង់​ពន្យារ​លិខិតឆ្លងដែន... មន្ត្រី​រូប​នោះ​បាន​សួរ​គាត់​ថា តើ​គាត់ (​ប្រជាពលរដ្ឋ​) ត្រូវការ​យក​ប្រញាប់ (១​ថ្ងៃ​) តម្លៃ ៣៥​ដុល្លារ ឬ​មិន​ប្រញាប់ (២​ទៅ​៣​ថ្ងៃ​) តម្លៃ ១២​ដុល្លារ​...? គាត់ (​ប្រជាពលរដ្ឋ​) បាន​ប្រាប់​ទៅ​មន្ត្រី​នោះ​ថា ...​ត្រូវ​ការប្រញាប់​... ។ ប៉ុន្តែ​មន្ត្រី​រូបនោះ បាន​ប្រាប់​គាត់ (​ប្រជាពលរដ្ឋ​) ឲ្យ​ចាំ​បន្តិច​...  ព្រោះ​គាត់ (​លោក​មន្ត្រី​) ត្រូវការ​ទូរស័ព្ទ ទៅ​សួរ​គ្នីគ្នា​គាត់ ឲ្យដឹង​ជា​មុន​ថា «​តើ​មេ​របស់​គាត់ (ជា​អ្នក​ស៊ី​ញ៉េ​ពន្យារ លិខិតឆ្លងដែន​នោះ) នៅ​កន្លែង ឬ​អត់​»...? បន្ទាប់ពី​បាន​សួរនាំ តាមរយៈ​ទូរស័ព្ទ​រួចមក មន្ត្រី​នោះ​ក៏​បាន​ប្រាប់​គាត់ (​ប្រជាពលរដ្ឋ​) វិញ​ថា មេ​របស់​គាត់​ទៅ​បរទេស​... មិន​អាច​ពន្យារ​លិខិតឆ្លងដែន ដែល​ចង់បាន​ប្រញាប់​នោះបានទេ ។ ប៉ុន្តែ​ប្រសិនបើ​គាត់ (​ប្រជាពលរដ្ឋ​) មិន​ប្រញាប់​... អាច​ទុក​លិខិតឆ្លងដែន ​នៅ​នឹង​គាត់​(​លោក​មន្ត្រី​) ទំ​រាំ​មេ​របស់​គាត់ ត្រឡប់​ពី​បរទេស​វិញ​... ។​

​តាម​ប្រភព​ពីប្រជាពលរដ្ឋ បាន​បញ្ជាក់​ប្រាប់​ទៀត​ថា នៅ​ពេល​គាត់ (​ប្រជាពលរដ្ឋ​) ដើរចេញ​ពី​លោក​មន្ត្រី​នោះ ក៏​បាន​សួរ​ទៅ​អ្នកគួក​ជេ​ម្នាក់ អំពី​ការពន្យារ​លិខិតឆ្លងដែន​នេះ ត្រូវបាន​អ្នកគួក​ជេ  ចុច​ទូរស័ព្ទ​ទៅ​សួរ​គ្នា​គាត់​ទៀត ហើយ​ប្រាប់​ដូចគ្នា​នេះ​ដែរ​ថា ...​អ្នក​ស៊ីញ៉េ​មិន​នៅទេ​...​។​

​ហេស ! ហេ !... ករណី​នេះ​ប្រជាពលរដ្ឋ បាន​សម្ដែង​ការងឿងឆ្ងល់​ថា តើ​មូលហេតុ​អ្វី​បានជា អង្គភាព​នាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ ប៉ុនណាណី ដែល​មាន​លោក​ផ្កាយ​មួយ ព្រហ្ម ចាន់​សុខា ជា​ប្រធានថ្មី និង​មាន​អនុប្រធាន នាយកដ្ឋាន​ដល់​ទៅ ៨​នាក់​ឯណោះ​... បែរជា​មាន​តែ​មន្ត្រី​ម្នាក់​គត់ ជា​អ្នក​មាន​សិទ្ធិផ្ដាច់មុខ ក្នុងការ​ស៊ី​ញ៉េ​ពន្យារ លិខិតឆ្លងដែន​បែបនេះ​ទៅវិញ​? បើ​ប្រធាន​មាន​កិច្ច​រវល់​ផ្ទាល់ខ្លួន ឬ​បំពេញបេសកកម្ម ទៅណា​ទៅណី​ស្អីៗ​... ម៉េច​ក៍​មិន​តែងតាំង​ មន្ត្រី​ណាមួយ ជា​ប្រធាន​ស្តីទី​ជំនួស​ខ្លួន ដើម្បីឲ្យ​ទទួលខុសត្រូវ ស៊ីញ៉េ​លើកិ​ច្ច​ការងារ​នោះ​? ឬ​មួយ​ក៍លោក​ប្រធាន​នោះ មាន​មហិច្ឆតា​លោភលន់​... ល្មោភ​អំណាច​ខ្លាំងពេក​... ដល់​ថ្នាក់​ទៅណា​ម្ដងៗ តែងតែ​មិន​ព្រម​ប្រគល់​អំណាច ឲ្យ​មន្ត្រី​ណា​ម្នាក់​ធ្វើជា ប្រធានស្តីទី​ជំនួស​ខ្លួន​... ព្រោះ​តែ​ខ្លាច​បែក​ទ្រព្យ ឬ​លាភសក្ការៈ​ទេ​ដឹង​...? ចុះបើ​ប្រធាន​នោះ​មាន​ជំងឺ ឬ​ទៅ​ក្រៅ​ប្រទេស​ច្រើន​ថ្ងៃ ច្រើន​ខែ​... តើ​ពួកគេ​សុខចិត្ត​ទុកឲ្យ ប្រជា​ពលរដ្ឋ​ខ្មែរ ច្រើន​ប៉ុនណា​ទៅ ដែល​ត្រូវ​ប្រឈមមុខ នៅ​រង់ចាំ​លោក​ប្រធាន វិលត្រឡប់​មក​វិញ ទើប​អាច​ស៊ី​ញ៉េ​ពន្យារ លើ​លិខិត​ឆ្លងដែន ទៅ​ឲ្យ​ពួកគាត់ (​ប្រជាពលរដ្ឋ​) ប្រើប្រាស់​បាន​?

​ប្រជាពលរដ្ឋ បាន​មានប្រសាសន៍ថា កន្លងមក សូម្បីតែ​ពេល​ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​ក្រៅ​ប្រទេស​ម្ដងៗ ក៍​សម្ដេច​តែងតែ​ស៊ី​ញ៉េ ប្រគល់​អំណាច​ទៅឲ្យ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង ឬមន្ត្រីជាន់ខ្ពស់ ណាម្នាក់ផ្សេងទៀត ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី ដើម្បី​ដឹកនាំ​ដោះស្រាយ កិច្ចការ​ប្រទេស​ជាតិ ស្រប​ទៅតាម​ច្បាប់​ផង​ដែរ ។ ប៉ុន្តែ​ផ្ទុយទៅវិញ ចម្លែក​តែ​លោក​ប្រធាន ដែល​មាន​សិទ្ធិ​ស៊ី​ញ៉េ ពន្យារ​លិខិតឆ្លងដែន នៅ​អង្គភាព​នាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ បែរជា​ត្រូវ​មន្ត្រី​របស់​ខ្លួន និយាយថា ...​គ្មាន​អ្នក​ស៊ី​ញ៉េ ពន្យារ​លិខិតឆ្លងដែន​... ដោយសារតែ​លោក​ប្រធាន ទៅ​ក្រៅប្រទេស​ទៅវិញ ។​

​បងប្អូន​ប្រជាពលរដ្ឋ បាន​សំណូមពរ​ថា សូម​ឲ្យ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៍​ដូចជា​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ ម៉ៅ ច័ន្ទ​តារា  អគ្គនាយក​នៃ អគ្គនាយកដ្ឋាន អត្តសញ្ញាណ​កម្ម មេត្តា​ចាត់​ការដកហូត​តំណែង បុគ្គល​មន្ត្រី​ខិលខូច ឲ្យអស់​ពី​នាយកដ្ឋាន លិខិតឆ្លងដែន​នោះ ដើម្បី​តម្រូវ​ចិត្ត​ប្រជាពលរដ្ឋ ឲ្យមាន​ភាពជឿជាក់  ចំពោះ​រាជរដ្ឋាភិបាល​ផង និងចំពោះ​អង្គភាព​នេះ​ ឡើង​វិញ​ផង... កុំឲ្យមានការរិះគន់ កាន់តែខ្លាំងឡើងៗ ដោយគ្មានការកែទម្រង់ ជាដដែលៗបែបនេះ... ។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ គេហទំព័រ​យើង នៅ​មិនទាន់​អាចទាក់ទង សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន នាយកដ្ឋាន​លិខិតឆ្លងដែន នោះ​នៅឡើយ​ទេ​... ៕ ដោយ​៖ មេត្តា
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5738
ម្សិលមិញ : 9344
សរុប : 6359303
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com