ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ក្រសួង​ស្ទុយ ឬ​រដ្ឋមន្ត្រី​ស្ទក់ ត្រាំ អុីវតឹក ទុកឲ្យ ហ៊ឺ បា​វី ធ្វើ​អគ្គនាយក​ដុះ​ស្លែ នៅ​កំពង់ផែ​ភ្នំពេញ​... ចាំមើល៍ៗ ! រដ្ឋមន្ត្រី​ថ្មី ស្ទុយ ឬស្ទក់... ចឹង​ដែរ​... អត់ ?
ផ្សាយនៅថ្ងៃទី: 14-05-2017, ចំនួនអ្នកអាន 3747ដង
​ភ្នំពេញ​៖ កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​រិះគន់​ធ្ងន់ៗ ជា​សាធារណៈ​ថា ក្នុងចំណោម រដ្ឋមន្ត្រី​ទាំងអស់ គឺ​រដ្ឋមន្ត្រី  ក្រសួង​សាធារណការ និង​ដឹកជញ្ជូន (​ត្រាំ អុីវតឹក​) ស្ទក់​ជាងគេ​... ដែល​ពេលនោះ សម្ដេច​តេជោ ថែមទាំង​បាន​ហៅថា ជា​ក្រសួង​ស្ទុយ និង​ជា​រដ្ឋមន្ត្រី​ស្ទក់ ទៀតផង ។ មហាជន​បាន​នាំគ្នា ទះដៃ​ហ៊ោ​គាំទ្រ ប្រសាសន៍​សម្ដេច​តេជោ និង​បាន​និយាយថា សម្ដេច​រិះគន់​នេះ ត្រឹមត្រូវ​ណាស់​... អត់​ខុស​បន្តិច​ណា​សោះ ។ ព្រោះថា ក្រោម​កា​ដឹកនាំ​ដុះ​ស្លែ របស់​រដ្ឋមន្ត្រី ត្រាំ អុីវតឹក សូម្បី​តែ​ករណី​លោក ហ៊ឺ បា​វី ដែល​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន បាន​នាំ​គ្នា​រិះគន់ ជាច្រើន​ឆ្នាំ​មកហើយ រហូតមកដល់​ពេលនេះ ក៍លោក​រដ្ឋមន្ត្រី​ស្ទក់ ត្រាំ អុីវតឹក នៅ​តែ​ធ្វើ​ស្ពឹក​ស្រពន់ ឱបក្រសោប​លោក ហ៊ឺ បា​វី ឲ្យនៅ​អង្គុយ​លើ​កៅអី ជា​អគ្គនាយក​ដុះ​ស្លែ នៅ​កំពង់ផែ​ភ្នំពេញ ជា​ដដែលៗ ដូច​ក្អែល​ក្រោម​ឃ្លៀក អត់​មាន​ដុសដែរ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ មាន​មជ្ឈដ្ឋាន​ជាច្រើន បាន​និយាយថា កំពង់ផែ​ភ្នំពេញ អាច​នឹង​មាន​ការ រីកចម្រើន​ឆាប់រហ័ស ឬ​អាច​នឹង​រក​ចំណូល ចូល​ថវិកា​ជាតិ បាន​ច្រើន​ជាង​មុន រហូត​ដល់​ទ្វេរ​ដង ឬ​ច្រើន​ជាង​កន្លងមក និង​បច្ចុប្បន្ននេះ ប្រសិនបើ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ឬ​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហ៊ាន​វះកាត់​ធ្វើការ​ផ្លាស់ប្ដូរ ឬ​ដក​មុខ​តំណែង​លោក ហ៊ឺ បា​វី ពី​អគ្គនាយក​ដុះ​ស្លែ ហើយ​តែងតាំង​មន្ត្រី​ថ្មី ឲ្យទៅ​ជំនួសម្ដង​វិញ​នោះ ។ បើ​មិន​អញ្ចឹងទេ កំពង់ផែ​ភ្នំពេញ នៅតែ​អាច​រក​ចំណូល ចូល​ថវិកា​ជាតិ បាន​តិចតួច​បំផុត ដែល​មិន​សក្ដិសម នឹង​មាន​ឈ្មោះ​ជា កំពង់ផែ​ភ្នំពេញ​របស់​ជាតិ ដ៍​ល្បីឈ្មោះ​នោះទេ​...​។​

​បុគ្គលិក​មន្ត្រី រាជការ​មួយចំនួន នៅ​កំពង់ផែ​ភ្នំពេញ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ព្រោះ​ខ្លាច​គេ​ដក​ចេញពី​ការងារ បាន​និយាយ​ប្រាប់​ថា បើ​គ្រាន់តែ​ធ្វើការ​អភិ​វ​ឌ្ឈ ទីតាំង​ថ្មី​នៃ​កំពង់ផែ​ភ្នំពេញ ឲ្យបាន​ល្អ​ប្រសើរ ធំ​ទូលាយ​ជាង​មុន ដោយ​មិន​ធ្វើការ​ផ្លាស់ប្ដូរ ឬ​ដក​មុខតំណែង អគ្គនាយក​ចាស់​ដុះ​ស្លែ​លោក ហ៊ឺ បា​វី ចេញ​ដើម្បី​តែងតាំង អគ្គនាយក​ថ្មី ដែល​មាន​លក្ខណៈសម្បត្តិ ល្អ​ជាង​មុន​ដែរ​ទេ គឺ​មិន​ខុស​ពី​ការ យក​តៃកុង​ឡាន សេរី​ចាស់​ហួស​ដឺ​ឡេ ឲ្យនៅតែ​បើកឡាន​ថ្មី សេរី​ទំនើប​ឆ្នាំ២០១៦ នោះឡើយ ។ ពួកគាត់​បាន​និយាយថា ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ខិតខំ ធ្វើការ​អភិ​វ​ឌ្ឈ កំពង់ផែ​ភ្នំពេញ តាមរយៈ​ការកសាង​បន្ថែម នូវ​ទីតាំង​បរិវេណ កំពង់ផែ​នេះ ឲ្យ​កាន់តែ​ធំ​ទូលាយ​ជាង​មុន ក្នុង​គោលបំណង ចង់ឲ្យ​ការងារ​កំពង់ផែ មាន​ការរីកចម្រើន​ឡើង យ៉ាងណាក៏ដោយ ក៍​នឹង​មិន​អាច​ទទួលបាន ជោគជ័យ​ផ្លែផ្កា ដូច​ក្ដី​ប្រាថ្នា​នោះដែរ ប្រសិនបើ​ថ្នាក់លើ​នៅតែ ​ឱបក្រសោប​ឲ្យ​លោក ហ៊ឺ បា​វី ធ្វើ​ជា​អគ្គនាយក​ដុះ​ស្លែ នៃ​កំពង់ផែ​ភ្នំពេញ តទៅទៀត ។​

​បុគ្គលិក​មន្ត្រីរាជការ បាន​និយាយ​រិះគន់ថា លោក ហ៊ឺ បា​វី បាន​ក្រាញ​ក្ដោប​ក្ដាប់​តួនាទី​ជា អគ្គនាយក​ដុះ​ស្លែ នៅ​កំពង់ផែ​ភ្នំពេញ​ជាច្រើន​ឆ្នាំ ស្ទើរតែ​ក្លាយទៅជា​កម្មសិទ្ធិ ផ្ដាច់មុខ​ទៅហើយ ធ្វើឲ្យ​គាត់​មានទ្រព្យ សម្បត្តិ​ស្ដុកស្ដម្ភ ដែល​ឧកញ៉ា​ល្មមៗ មិន​អាច​ប្រៀបផ្ទឹម ស្មើ​គាត់​បាន​ទេ ។ ពួកគាត់​បាន​បន្តថា កាល​កំពង់​ភ្នំពេញ មាន​ទីស្នាក់ការ​ធំ ស្ថិតនៅ​ខាងកើត​វត្តភ្នំ មាន​បុគ្គលិក កម្មករ​រាប់រយ​នាក់ បាន​នាំគ្នា​ធ្វើ​បាតុកម្ម ប្រឆាំង​តវ៉ា​ជាច្រើន​ថ្ងៃ ទាមទារ​ឲ្យ​ថ្នាក់លើ​ដក​លោក ហ៊ឺ បា​វី ចេញពី​តួនាទី ដាក់​មន្ត្រី​ថ្មី​ជំនួស​វិញ ដោយ​ចោទប្រកាន់​ថា ហ៊ឺ បា​វី ដឹកនាំ​ការងារ តាម​បែប​ការិយាធិបតេយ្យ បក្ខពួកនិយម យ៉ាង​ស៊ីជម្រៅ​បំផុត និង​ប្រព្រិត្ត​អំពើ​ពុករលួយ ធ្វើឲ្យ​បាត់បង់​ចំណូល ថវិកាជាតិ​យ៉ាងច្រើន ។ ប៉ុន្តែ​តាំងពី​ពេលនោះ​មក​លោក ហ៊ឺ បា​វី នៅតែ​ត្រូវបាន​ថ្នាក់លើ ជាពិសេស រដ្ឋមន្ត្រី​ក្រសួង​ត្រា​វ៉ូ​នោះ ជួយ​កាង​ធ្វើ​ជា​ខ្នងបង្អែក​ឲ្យ​គាត់ (​ ហ៊ឺ បា​វី ) នៅ​បន្ត​អង្គុយ​លើ​កៅអី ជា​អគ្គនាយក​ដុះ​ស្លែ ផ្ដាច់មុខ​នៅ​កំពង់ផែ​ភ្នំពេញ ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ រហូតមកដល់​ពេលនេះ ដោយ​មិន​ខ្វល់​ពី​រឿង បងប្អូន​បុគ្គលិក កម្មករ​រាប់រយ​នាក់ នៅ​កំពង់ផែ​ភ្នំពេញ ធ្លាប់​ធ្វើ​បាតុកម្ម យ៉ាង​ខ្លាំងក្លា​ប្រឆាំងនឹង ហ៊ឺ បា​វី ដែល​ជា​ការបញ្ជាក់ ពី​ការ​ស្អប់ខ្ពើម ឬ​មិន​ពេញចិត្ត ចំពោះ​ការដឹកនាំ​របស់ បុគ្គល​ម្នាក់​នេះ​ឡើយ ។​

​ប្រភព​បាន​និយាយទៀតថា ទីតាំង​ទីស្នាក់ការ​ធំ របស់​កំពង់ផែ​ភ្នំពេញ ត្រូវបាន​ផ្លាស់ប្ដូរ ច្រើន​លើក​មក​ហើយ គឺ​ប្ដូរ​ពី​ខាងកើត​វត្តភ្នំ ទៅ​ក្បែរ​ស្ពាន​ជ្រោយចង្វារ និង​ចុងក្រោយ​ប្ដូរ​ពី ក្បែរ​ស្ពាន​ជ្រោយចង្វារ ទៅ​ដាក់​នៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​វិញ ។ តែ​មុខ​តំណែង​អគ្គនាយក កំពង់ផែ​ភ្នំពេញ​នេះ នៅតែ​មិន​ទាន់​មាន​ការ ផ្លាស់ប្ដូរ​ម្ដង​ណា​សោះ ពោល​គឺ អស់​រយៈពេល ជាច្រើន​ឆ្នាំ​កន្លងមក គេ​ឃើញ​មានតែ​បុគ្គល ហ៊ឺ បា​វី ម្នាក់​គត់​ជា​អ្នកកាន់កាប់ ក្ដោប​ក្ដាប់ មុខតំណែង​ខ្លាញ់​នេះ តាមរបៀប​ផ្ដាច់មុខ​ដុះ​ស្លែ ដោយ​មិន​មាន​មន្ត្រី​ណា អាច​មាន​វាសនា​ល្អ​ដូច​លោក ហ៊ឺ បា​វី នោះ​សោះ ទោះបី​គាត់ ( ​ហ៊ឺ បា​វី ) ធ្លាប់​ត្រូវបាន​បុគ្គលិក មន្ត្រីរាជការ កម្មករ កម្មការិនី​រាប់រយ​នាក់ នាំគ្នា​ធ្វើ​បាតុកម្ម ប្រឆាំង​យ៉ាង​ខ្លាំងក្លា យ៉ាងណា​ក៍ដោយ ។ ឥឡូវ​ឮដំណឹង​ថា លោក ហ៊ឺ បា​វី បាន​និង​កំពុង​ខិតខំ ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុងការ​ជ្រែ​ទប់​មុខតំណែង ដុះ​ស្លែ​របស់គាត់​នោះ​ឲ្យ​ជាប់ ដើម្បី​បាន​នៅ​ធ្វើជា “​ឯកឧត្តម អគ្គនាយក​ដុះ​ស្លែ កំពង់ផែ​ភ្នំពេញ​” រហូតដល់​ចប់​ឆ្នាំ​២០១៨ ដើម្បី​ប្រមូល​ខ្លាញ់ ឲ្យបាន​ច្រើន​ទៀត ទុក​ដេកស៊ី​តកូនតចៅ ។​

​គួររំលឹកថា សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​មាន​ប្រសា​ស​ន៏ នៅក្នុង​ពិធី​បើក​ការដ្ឋាន សាងសង់​ចំណត ផែ​កុងតឺន័រ​ថ្មី នៃ​កំពង់ផែ ស្វយ័ត​ភ្នំពេញ ស្ថិតនៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០១១​ថា ចំណត​ផែ​ថ្មី​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់ ដល់​ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ក្នុងការ​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង និង​តំបន់​... ។ ក្នុងនោះ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា ផាន គ័ង​ស៊ា  ក៍​បាន​និយាយ​កាល​នោះ​ដែរ​ថា កំពង់ផែ​ជា​បង្អួច សំរាប់​ទំនាក់ទំនង ក្រៅប្រទេស ក្នុង​ការអភិវឌ្ឍន៍ ផ្នែក​ពាណិជ្ជកម្ម ទំនិញ​ចេញ​-​ចូល និង​ផលិតកម្ម ឧស្សាហកម្ម​... ។​

​ប៉ុន្តែ​សាធារណជន បាន​និយាយថា អង្គភាព​កំពង់ផែ ស្វយ័ត​ភ្នំពេញ អាច​នឹង​ចូលរួម​ចំណែក ក្នុង​ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ទទួលបាន​ជោគជ័យ​ល្អប្រសើរ ទៅតាម​ការចង់បាន របស់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ម្ចាស់​ឆ្នោត​នោះ  លុះត្រាតែ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ឬ​រដ្ឋមន្ត្រី​ថ្មី​នៃ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិន​ខ្លាចញញើត​នឹង​ការដក​លោក ហ៊ឺ បា​វី ពី​តួនាទី​ជា​ឯកឧត្តម  អគ្គនាយក​ដុះ​ស្លែ ដោយ​តែងតាំង​មន្ត្រី​ថ្មី ដែល​មាន​ឆន្ទៈ​ស្មោះត្រង់ និង​មិន​ចូលចិត្ត ប្រព្រិត្ត​អំពើ​ពុករលួយ ក្នុង​ការបម្រើ​ជាតិ ឲ្យ​ឡើង​ទៅ​ជំនួស មុខតំណែង​ដ៍​សំខាន់​វិញ​នោះ​វិញ ៕ រក្សា​សិទ្ធិ ដោយ​៖ www.crn-news.com
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5730
ម្សិលមិញ : 9344
សរុប : 6359295
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com