ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ក្តុល ណុ​ច ត្រូវ​បានរដ្ឋមន្ត្រី​ថ្មី អូន ព័ន្ធមុន្នីរ័ត្ន និង​អគ្គនាយក​គយ​ថ្មី គុណ ញឹម តែងតាំង​ឲ្យ​ធើ​មេ​គយ នៅ​កន្លែង​ខ្លាញ់​ជាង​មុន​ កាន់តែធ្វើឲ្យមានការរិះគន់...!
ផ្សាយនៅថ្ងៃទី: 29-08-2016, ចំនួនអ្នកអាន 3171ដង
 ​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា បន្ទាប់​ពី​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម គាត ឈ​ន់​... ហើយ​ឯកឧត្តម គុណ ញឹម ឡើង​ធ្វើ​ជា អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​មេ​គយ​ដុះ​ស្លែ ប៉ែន ស៊ីម៉ន រួចមក បាន​ធ្វើឲ្យ​លោក ក្តុល ណុ​ច កាន់តែ​ត្រូវប៉ាន់​ខ្លាំង​ឡើងៗ​... ដោយសារតែ​លោក ក្តុល ណុ​ច ត្រូវបាន​មេៗ​ថ្នាក់លើ ជួយ​ជ្រែ​ផ្លាស់ប្ដូរ​ការងារ ពី​កន្លែង​ខ្លាញ់​ល្មមៗ មក​ក្ដោប​ក្ដាប់​ការងារ​ថ្មី នៅ​កន្លែង​ខ្លាញ់​ច្រើន​... ពោល​គឺ ដូរ​ពី​អតីត​ប្រធាន ទីស្នាក់ការ​គយ និង​រដ្ឋាករ ស្រុក​មេមត់ ដែល​ធ្លាប់​គ្រប់គ្រង ច្រក​ដូនរ័ត្ន​, ច្រក​ចាន់​មូល និង​ច្រក​បឹង​ជ្រោង​នោះ ឲ្យ​ឡើង​មក​ធ្វើ មេ​គយ​នៅ​ផែស្ងួត សូ ងួន យ៉ាង​សប្បាយ​ចិត្ត រីកថ្លើម​ជាង​មុន​ទៅ​ទៀត ។​

​គេ​មិនដឹងថា តើ​លោក ក្តុល ណុ​ច មាន​គុណសម្បត្តិ ឬ​ស្នាដៃ​ល្អ​ស្អី​ខ្លះ ឬ​ក៍​បាន​ធ្វើឲ្យ​ឯកឧត្តម រដ្ឋមន្ត្រី​ថ្មី អូន ព័ន្ធមុន្នីរ័ត្ន និង​ឯកឧត្តម អគ្គនាយក​គយ​ថ្មី គុណ ញឹម មាន​ការពេញចិត្ត ពេញ​ថ្លើម ឬ​មាន​ក្ដីសង្ឃឹម យ៉ាងណា​នោះ​ទេ បាន​ជា​មេៗ​ថ្នាក់លើ មិន​មើល៍​នឹង​ភ្នែក​... ជួយ​តម្លើង​បុណ្យ​សក្ដិ តួនាទី​ថ្មី​ឲ្យ​គាត់ កាន់តែ​កាក់កប​ឡើងៗ នៅ​កន្លែង​ខ្លាញ់​ជាង​មុន ជា​បន្តបន្ទាប់​បែបនេះ ? ឬ​មួយ​ក៍​នេះ​ជា អភិបាលកិច្ច​ល្អ​របស់ ឯកឧត្តម រដ្ឋមន្ត្រី​ថ្មី អូន ព័ន្ធមុន្នីរ័ត្ន និង​ឯកឧត្តម អគ្គនាយក​គយ​ថ្មី គុណ ញឹម ឬ​ដោយសារតែ​លោក ក្ដុល ណុ​ច ជា​មន្ត្រី​គយ​ល្អ​ស្អាតស្អំ តែង​ខិតខំ​ធ្វើ​ការងារ មាន​ស្នាដៃ​លេចធ្លោ ជាង​មន្ត្រីៗ​គយ ផ្សេង​ទៀត​ទេ​ដឹង ? (​រឿង​គាត់​ឡើងមក ធ្វើ​មេ​គយ​នៅ​ផែស្ងួត យ៉ាង​ស្ងាត់ៗ​ហ្នឹង​... គេហទំព័រ​យើង ទុក​សរសេរ​បង្ហោះ​ផ្សាយ នៅ​អត្ថបទ​លើក​ក្រោយៗ ទៀត​ទៅ​ចុះ​)... ។

​ប៉ុន្តែ​គួរ​រម្លឹក​ដែរ​ថា កាល​លោក ក្ដុល ណុ​ច នៅ​ធ្វើជា​មេ​គយ ស្រុក​មេមត់ គ្រប់គ្រង​ច្រក​ចំនួន ៣ ដូច​ខាងលើ​នោះ គឺ​គាត់​ធ្លាប់​មាន​ឈ្មោះ ល្បីល្បាញ​មិន​អន់​ទេ ដែល​ត្រូវបាន​ប្រព័ន្ធ​ ផ្សព្វផ្សាយ​ជាច្រើន តែង​បាន​នាំគ្នា រិះគន់​យ៉ាង​ខ្លាំង​... ជាពិសេស រឿង​ដែល​លោក​ ក្ដុល ណុ​ច តែងតែ​បិទ​ភ្នែក បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ នាំគ្នា​ដឹក​ជញ្ជូន ឈើ​ប្រណីតៗ​ ឆ្លងកាត់​ច្រក​ទាំង​៣ ស្ទើរ​រាល់ថ្ងៃ​យប់​... ។ ឈើ​ប្រណីត​ទាំងនោះ មានដូចជា បេង គ្រញូង ធ្នង់​.... និង​ឈើក្រហម ត្រូវបាន​ពួក​ឈ្មួញ​ប្រមូល និង​ដឹក​មក​ពី ​ខេត្ដ​រតនគិរី​, ក្រចេះ​, ស្ទឹងត្រែង​, កំពង់ចាម​, ឧត្ដរមានជ័យ​,  សៀមរាប​, ព្រះវិហារ និង​កំពង់ធំ ឆ្ពោះទៅកាន់ ច្រក​ចាន់​មូល យ៉ាង​គគ្រឹកគគ្រេង ។ រីឯ​ទំនិញ គេច​ពន្ធ​ផ្សេងៗ​ទៀត ក៍​តែង​ត្រូវបាន​ពួក​ឈ្មួញ នាំចេញ​-​ចូល​តាម​ចំនួន ២​ទៀត គឺ​ច្រក​ដូន​រ័ត្ន និង​ច្រក​បឹង​ជ្រោង គ្រប់គ្រង​ដោយ​លោក ក្តុល ណុ​ច ជា​ប្រធាន​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ស្រុក​មេមត់ ដ៍​អស្ចារ្យ​នោះដែរ ។​

​មិនតែប៉ុណ្ណោះ សេចក្ដីរាយការណ៍ ក៍​បានឲ្យដឹង​ទៀតថា កាល​នោះ​ទោះបី សកម្មភាព​ដឹកឈើ និង​ទំនិញគេចពន្ធ​ផ្សេងៗ តែង​កើតមាន​ច្រើនឡើងៗ នៅ​តាម​ច្រក​ទាំង​៣ ខាងលើ​នោះ​ក៍ដោយ តែ​គេ​កម្រ​ឃើញ​លោក ក្តុល ណុ​ច មេ​គយ​ស្រុក​មេមត់ ចាត់វិធានកា​រណ៍ បង្ក្រាប​ទប់ស្កាត់ បទល្មើស​ទាំងនោះ​ណាស់ ។ ផ្ទុយទៅវិញ គេ​ឧស្សាហ៍​បាន​ឃើញ​លោក ក្តុល ណុ​ច តែង​បង្ហាញ​ពី​ភាព​ត្រូវរ៉ូវ​គ្នា យ៉ាង​ល្អូកល្អឺន​បំផុត ជាមួយ​ពួក​ឈ្មួញៗ​... ធ្វើឲ្យ​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ទាំងនោះ នាំ​គ្នា​រិះគន់​ស្ទើរ​គ្រប់​មាត់ រហូត​រិះគន់​ដល់ មេៗ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មេៗ​គយ​ថា ...​ជា​អ្នក​ឃុបឃិត បិទ​ភ្នែក​ធ្វើ​មិន​ឃើញ និង​បើក​ត្រចៀក ធ្វើ​មិនដឹងមិនឮ ពី​រឿងអាស្រូវ​របស់ ក្តុល ណុ​ច ជា​ការ​ធ្វើ​ឱ្យ​រដ្ឋ​បាត់បង់ ចំណូល​ថវិកា​ជាតិ​មិន​តិច ម៉ឺន​សែន​ដុល្លារ ក្នុង​មួយ​ខែៗ មួយឆ្នាំៗ ទៀតផង ។​

​បើ​តាម​ព័ត៌មាន កន្លងមក​នោះ គឺ​សមតែ​មេៗ​ថ្នាក់លើ ដក​តំណែង​លោក ក្ដុល ណុ​ច ពី​មេ​គយ​ឲ្យទៅ​ធ្វើ ជា​កូន​គយ​វិញ ដើម្បី​បំពេញ​ចិត្ត រាស្ត្រ​ម្ចាស់ឆ្នោត​ផង និង​ជា​ការបង្ហាញ​ពី អភិបាលកិច្ច​ល្អ​របស់ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៍​ដូចជា​ឯកឧត្តម គុណ ញឹម អគ្គនាយក​ថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ផង​... តែ​មិនចឹង​ឯណា ឯកឧត្តម រដ្ឋមន្ត្រី​ថ្មី អូន ព័ន្ធមុន្នីរ័ត្ន និង​ឯកឧត្តម អគ្គនាយក​គយ​ថ្មី គុណ ញឹម បែរ​ជា​តែងតាំង តម្លើង​បុណ្យ​ឲ្យ​លោក ក្ដុល ណុ​ច ពី​អតីត​ប្រធាន ទីស្នាក់ការ​គយ និង​រដ្ឋាករ ស្រុក​មេមត់ ដ៍​អាស្រូវ​ឈ្មោះ​នោះ ឲ្យ​ឡើង​មក​ធ្វើជា មេ​គយ​នៅ​ផែស្ងួត សូ ងួន យ៉ាង​ស្ងាត់ៗ​ធ្វើឲ្យ សាធារណជន កាន់តែ​នាំ​គ្នា​រិះគន់ ខ្លាំង​ឡើងៗ​ទៅវិញ​... ។​

​គេហទំព័រ​យើង បាន​ព្យាយាម​ទាក់ទង​លោក ក្តុល ណុ​ច ដើម្បី​សុំ​ការបំភ្លឺ ព័ត៌មាន​នេះ​ដែរ​... តែ​មិន​ទាន់​អាច ទំនាក់ទំនង​បាន នៅឡើយ​ទេ​... ៕ រក្សា​សិទ្ធិ ដោយ​៖ www.crn-news.com
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5748
ម្សិលមិញ : 9344
សរុប : 6359313
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com