ញៀនតែល្បែងជល់មាន់ និងរកស៊ីឈើសោះ... យិន ថាវ អាចធ្វើមន្ត្រីប៉ូលិស ពាក់ស័ក្ដិបួនកន្លះ ល្បីពេញខេត្តសៀមរាប ធ្វើឲ្យប្រជាពលរដ្ឋ នឹកហួសចិត្ត ! |
|
ផ្សាយនៅថ្ងៃទី: 22-09-2016, ចំនួនអ្នកអាន 14152ដង |
|
សៀមរាប៖ ខណៈដែលរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្ដេជ្ញាខិតខំធ្វើការ កែទម្រង់ស៊ីជម្រៅ ទៅលើក្រសួង ស្ថាប័នរដ្ឋនានា ក៍ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងធ្លាប់បានប្រកាស ព្រមានជាសាធារណៈ ឲ្យមន្ត្រីៗទាំងឡាយ ត្រូវតែដកខ្លួនចេញឲ្យឆ្ងាយ ពីការជាប់ពាក់ព័ន្ធ នឹងបទល្មើសនានា ជាពិសេស បទល្មើសព្រៃឈើនោះ... ស្រាប់តែមកដល់ថ្មីៗនេះ បែរជាលេចចេញ នូវព័ត៌មានល្បីថា មានមន្ត្រីនគរបាលម្នាក់ ពាក់ស័ក្ដិបួនកន្លះ នៅស្នងការដ្ឋាននគរបាល ខេត្តសៀមរាបឈ្មោះ យិន ថាវ ជាអ្នកញៀននឹង ល្បែងបញ្ជល់មាន់ បាននិងកំពុងធ្វើការ ចាប់ផ្ដើមរកស៊ីមុខរបរ ដឹកជញ្ជូនឈើខុសច្បាប់ លក់ចែកចាយនៅខេត្តនោះ ធ្វើឲ្យប៉ះពាល់កិត្តិយស ស្ថាប័ននគរបាលជាតិ ជាបន្តទៀតហើយ ។
ប្រជាពលរដ្ឋមួយចំនួន បាននិយាយថា ពួកគាត់ធ្លាប់តែឃើញ និងស្គាល់ឈ្មោះ យិន ថាវ ជាអ្នកញៀនល្បែងជល់មាន់ និងរកស៊ីតែមុខរបរ ដឹកជញ្ជូនឈើខុសច្បាប់ ជាច្រើនឆ្នាំមកហើយ តាំងពីជំនាន់លោក ស៊ូ ភិរិន្ទ នៅធ្វើជាអភិបាល ខេត្តសៀមរាប រហូតមកដល់ពេលនេះ... តើហេតុអ្វីក៍គាត់ (យិន ថាវ) អាចបានធ្វើជាមន្ត្រីប៉ូលិស ពាក់ស័ក្ដិបួនកន្លះលើស្មា បានឈរថតយ៉ាងសង្ហា ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាសបួន ទៀតនោះ...? ឬមួយក៍ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាសបួន នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាសបួន ជាអគ្គស្នងការរង នគរបាលជាតិ ជាច្រើនរូបទៀត ព្រមទាំងលោកស្នងការ នគរបាលខេត្តសៀមរាប មើលឃើញច្បាស់ថា អ្នកញៀនល្បែងជល់មាន់ និងរកស៊ីឈើឈ្មោះ យិន ថាវ មានស្នាដៃល្អច្រើន ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋទេដឹង បានជាតែងតាំង ឲ្យពាក់បុណ្យស័ក្ដិ មិនមែនតូចតាចនោះ...?
តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកស័ក្ដិបួនកន្លះ យិន ថាវ បានឃុបឃិតគ្នា ជាមួយឈ្មួញឈើម្នាក់ឈ្មោះ ក្រាញ់ ឲ្យដើរប្រមូលទិញឈើខុសច្បាប់ ដឹកជញ្ជូនចូលក្រុងសៀមរាប ស្ទើររាល់យប់ថ្ងៃ ដោយមានមន្ដ្រីៗ រដ្ឋបាលព្រៃឈើ និងក្រុមសមត្ថកិច្ច ពាក់ព័ន្ធនៅទីនោះ ជាអ្នកបិទភ្នែកបិទត្រចៀក ធ្វើមិនឃើញមិនឮ និងមិនយកចិត្តទុកដាក់ ក្នុងការអនុវត្តច្បាប់ ទោះបីជាមានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ និងក្រុមអ្នកកាសែត ជាបន្តបន្ទាប់ក៍ដោយ ។ កន្លងមក មន្ដ្រីប៉ូលិសឈ្មោះ យិន ថាវ បានជួលឈ្មោះ ទូច ចាន់ថុន ហៅ វ៉ា ឲ្យធ្វើជាអ្នករត់ការ នៅតាមដងផ្លូវនានា... តែពេលនេះឈ្មោះ ទូច ចាន់ថុន ហៅ វ៉ា ឈប់ស៊ីឈ្នួលរត់ការផ្លូវ ឲ្យឡានដឹកឈើរបស់ លោកស័ក្ដិបួនកន្លះ យិន ថាវ ទៀតហើយក្រោយពីគាត់ (ទូច ចាន់ថុន ហៅ វ៉ា) បានឡើងកូដជាថៅកែ ទៅបើកដេប៉ូលក់ឈើខ្លួនឯង យ៉ាងគ្រហ៊ើៗរួចមក ។
សូមបញ្ជាក់ថា បទល្មើសព្រៃឈើ នៅខេត្តសៀមរាប បានកើតមានល្បីឈ្មោះ តាំងពីសម័យលោក ស៊ូ ភិរិន្ទ ធ្វើជាអភិបាលខេត្តមកម្ល៉េះ រហូតមកដល់សម័យលោក ឃឹម ប៊ុនសុង បន្តធ្វើជាអភិបាល ខេត្តសៀមរាបនេះទៀត ក៍នៅតែល្បីរឿង បទល្មើសព្រៃឈើនេះដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋ សំណូមពរដដែលៗថា សូមឲ្យថ្នាក់លើពាក់ព័ន្ធ មេត្តាជួយចាត់ការ ពួកមន្ត្រីៗត្រីស្អុយ ឬមន្ត្រីៗគ្រាប់ល្ពៅស្ងោរ មួយក្ដាប់តូចទាំងនោះ ឲ្យអស់ជាបន្ទាន់ផង... ព្រោះជិតដល់ពេលបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ ឆាប់ៗនេះហើយ...៕ រក្សាសិទ្ធិដោយ៖ http://www.crn-news.com/



|
|