ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
មេ​គយ​ច្រក​ទន្លេ​ចាម ល្បី​ឈ្មោះ​យូរហើយ​... តែ​រដ្ឋមន្ត្រី​ថ្មី អូន ព័ន្ធមុនីរ័ត្ន និង​អគ្គនាយក​ថ្មី គុណ ញឹម នៅ​សម្ងំ​ស្ងៀមឈឹង ធ្វើ​មិនដឹង​រឿង... ឬមួយក៍... ?
ផ្សាយនៅថ្ងៃទី: 11-10-2016, ចំនួនអ្នកអាន 2833ដង
ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​) ល្បីល្បាញ​យូរ​មក​ហើយ ក្នុង​ការឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ព្រមទាំង​នាំ​ទំនិញ គេច​ពន្ធ​ចេញ​-​ចូល យក​លុយ​ចែក​គ្នា ធ្វើ​មានបាន​ទាំង​ដុំៗ ដោយ​មិន​មាន​ថ្នាក់លើ ជាពិសេស ឯកឧត្តម គុណ ញឹម  អគ្គនាយកថ្មី នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ហ៊ាន​ហើបមាត់ សូម្បី​មួយ​ម៉ាត់​ឡើយ​... គឺ​ដោយសារតែ លោក​ប្រធាន ស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម​នោះ ក៍​ជា​មនុស្ស​អាងខ្នង​ក្រាស់ មិន​ខ្លាចញញើត​អំណាច អគ្គនាយក​ថ្មី​ស្អី​នោះទេ ។​

​បើ​តាម​ប្រភព​ថ្មីៗ បាន​ប្រាប់ឲ្យដឹង​ថា មេ​គយ​ច្រក​ទន្លេ​ចាម ទាំង​មេ​ចាស់ និង​មេ​ថ្មី តែងតែ​គ្រប់ទឹក គ្រប់​កាក គ្រប់​រដូវ​កាល ។ ពួកគេ​មិន​ខុស​ពី​មេ​គយ នៅ​កន្លែង​ផ្សេងៗ​ទៀតឡើយ គឺ​ចេះ​ត្រាប់​តាម​គ្នា ជា​លក្ខណៈ​ប្រពៃណី​ទៅហើយ តាមរយៈ​ការយក​តួនាទី ទៅ​រកស៊ី​ជាមួយ​ឈ្មួញ ដែល​ធ្វើ​ជំនួញ​ផ្សេងៗ ឆ្លងកាត់​ទីតាំង​ភូមិសាស្ត្រ ដែល​ពួកគេ​គ្រប់គ្រង កាន់កាប់​អំណាច​រៀងៗ​ខ្លួន ។ ច្រក​ទន្លេ​ចាម កន្លងមក​ត្រូវបាន​ពួក​ឈ្មួញ នាំចេញ​ឈើ​ប្រណីតៗ ដឹក​ចេញ​ទាំង​រថយន្តៗ ឆ្លង​ទៅ​ប្រទេស​វៀតណាម ដូច​ភ្លៀង​ខែ​ភ្ជុំបិណ្ឌ​អញ្ចឹង និង​មាន​ឈ្មួញ​ផ្សេងទៀត ដឹក​ទំនិញ​នាំចូល ពី​ប្រទេស​វៀតណាម​មកវិញ ដូចជា​កាកសំណល់ អេឡិចត្រូនិក ទាំង​កុងតឺន័រៗ  ដែល​យួន​មិន​ហ៊ាន ទុក​នៅ​ស្រុក​គេ​ជា​ដើម ។​

​កាលពី​ប៉ុន្មាន​ខែ​មុន មានការ​នាំចូល កាក​សំណល់ អេឡិចត្រូនិក​ចំនួន ២ កុងតឺន័រ តាម​ច្រក​ទន្លេ​ចាម​នោះ ដែល​ក្រសួង​បរិស្ថាន បាន​ហាមឃាត់ មិន​ឲ្យ​នាំ​ចូលទេ ដោយសារតែ វា​មាន​កម្រិត​នៃ​ការ បំពុល​បរិស្ថាន ឬ​ការបំពុល បរិយាកាស​ខ្ពស់ អាច​បង្ក​គ្រោះថ្នាក់ មាន​ផលប៉ះពាល់​ដល់ ប្រជាពលរដ្ឋ​ទូទៅ យ៉ាង​ធ្ងន់ធ្ងរ​បំផុត ។ ម្យ៉ាងទៀត សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍​ធ្លាប់បាន​ប្រកាសថា ប្រទេស​កម្ពុជា មិនមែន​ជា​ធុងសំរាម សម្រាប់​ការនាំ​ចូល ​កាកសំណល់​ផ្សេងៗ ពី​ប្រទេស​ដ៍ទៃ​នោះដែរ ។ ក៍​ប៉ុន្តែ គេ​មិនដឹង​យ៉ាងម៉េច បានជា​លេចឮ​មក​ថា មាន​កាកសំណល់ អេឡិចត្រូនិក​ចំនួន ២ កុងតឺន័រ ត្រូវបាន​គេ​ឲ្យ​នាំចូល ពី​ប្រទេស​វៀតណាម តាម​ច្រក​ទន្លេ​ចាម ដោយ​ប្រឆាំងនឹង ការប្រកាស​ជា​សាធារណៈ របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី និង​ការ​ហាមប្រាម របស់​ក្រសួង​បរិស្ថាន ហាក់ដូចជា ថ្លើម​ដុះ​មមិះ​ទៅវិញ ។​

​តាម​ដំណឹង​តៗ​គ្នា​ថា មេ​គយ​ច្រក​ទន្លេ​ចាម​នោះ មាន​លុយកាក់ ទ្រព្យសម្បត្តិ សំបូរហូរហៀរ សូម្បី​ឧកញ៉ា​ល្មមៗ មិនអាច​ប្រៀប​ស្មើ ប៉ុន​កូនដៃ​គាត់​នោះ​ទេ ។ ព្រោះ​គាត់​មាន​ប្រាក់​ចំណូល ហូរ​ចូល​ហោប៉ៅ ជា​រៀងរាល់ថ្ងៃ រាល់​សប្ដាហ៍ និង​រាល់​ខែ ទោះបី​គាត់​មិន​ទៅ​ធ្វើការ ប្រចាំការ​នៅ​កន្លែង ឲ្យបាន​ទៀងទាត់​ក៍ដោយ ក៍​តែងតែ​មាន​កញ្ចប់ ជា​ទ្រព្យ​គាប់​ចិន្ដា ផស់​គាត់​យ៉ាង​ទៀងទាត់ អត់​ដែល​អាក់ខាន​ដែរ ។​

​មាន​មន្ត្រីៗ​គយ តូចតាច​មួយ​ចំនួន បាន​និយាយថា គយ​សម័យ រដ្ឋមន្ត្រី​ថ្មី អូន ព័ន្ធមុនីរ័ត្ន និង​អគ្គនាយក​ថ្មី គុណ ញឹម មកដល់​ឆ្នាំ ២០១៦​នេះ ហាក់​គ្មាន​អ្វី​ខុស ពី​គយ​សម័យ អតីតរដ្ឋមន្ត្រី ​គាត ឈ​ន់ និង​អតីត អគ្គនាយក​គយ​ដុះ​ស្លែ ប៉ែន ស៊ីម៉ន នោះទេ​... គ្រាន់តែ​ធូរ​ជាង ពេលមុន​បន្តិច​ត្រង់​ថា មន្ត្រី​គយ​សម័យនេះ អាច​ហ៊ាន​ស៊ីដាច់​មេ​លើ​ខ្លះ ដោយ​យក​លេស​រឿង រក​លុយ​មិន​សូវ​បាន​ដូច​មុន ឬ​មិន​ហ៊ាន​ប្រព្រិត្ត អំពើពុករលួយ​ធំដុំ ព្រោះ​ខ្លាច​អង្គភាព ប្រឆាំង​អំពើពុករលួយ​... ។​ល​។ និង ។​ល​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ គេហទំព័រ​យើង នៅ​មិនទាន់​អាច ទាក់ទង​សុំ​ការបំភ្លឺ ពី​លោក​ប្រធាន ទីស្នាក់ការ​គយ និង​រដ្ឋាករ ច្រក​ទន្លេ​ចាម បាន​នៅឡើយ​ទេ​...៕ រក្សា​សិទ្ធិ​ដោយ​៖ crn-news.com
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5754
ម្សិលមិញ : 9344
សរុប : 6359319
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com