ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ប្រជាពលរដ្ឋ ស្នើសុំ​ឯកឧត្តម ជា សុផារ៉ា និងឯ.ឧ អភិបាល​ថ្មី នៃខេត្ត​ត្បូងឃ្មុំ មេត្តាជួយ​ចាត់ការ បើកផ្លូវ​សាធារណៈ ដែលគេរំលោភយក ធ្វើជាកម្មសិទ្ធិ...!
ផ្សាយនៅថ្ងៃទី: 03-10-2017, ចំនួនអ្នកអាន 2170ដង
ត្បូងឃ្មុំ​៖ ចូលមក​ដល់ សម័យ​តេជោ នេះ​ទៅ​ហើយ ក៍​នៅតែ​មាន​ប្រជាពលរដ្ឋ ប្ដឹងផ្ដល់​ពី​រឿង​អាជ្ញាធរ ឲ្យគេ​ធ្វើ​ផ្ទះ​ស្នាក់នៅ កណ្ដាល​ផ្លូវ​សាធារណៈ ដែល​មិន​ទាន់​មាន អ្នកណា​ចាត់ការ រឿង​នោះ​នៅឡើយ​ទៀត ។ ជាក់ស្ដែង កាលពី​ខែ​មិនា ឆ្នាំ​២០១៦ កន្លងទៅ មាន​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ថ្ម​ពេជ្រ ១ ឃុំ​ថ្ម​ពេជ្រ ស្រុក និង​ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើ​ពាក្យបណ្ដឹង គោរព​ជូន​ទៅ លោក​អភិបាល ស្រុក​ត្បូងឃ្មុំ និង​អភិបាល ខេត្ត​ត្បូងឃ្មុំ (​តាំងពី​ជំនាន់ ឯកឧត្តម ប្រាជ្ញ ច័ន្ទ នៅ​ធ្វើជា អភិបាលខេត្ត​) ក្នុង​កម្មវត្ថុ សំណើ​សុំ​ជួយ​អន្តរាគមន៍ ទៅ​លើ​ម្ចាស់​អាជីវកម្ម ១​កន្លែង ដែល​សាងសង់ សំណង់​ខុសច្បាប់ លើ​ដី​ផ្លូវ​សាធារណៈ បង្ក​ការប៉ះពាល់​យ៉ាងខ្លាំង ដល់​ការធ្វើ​ចរាចរណ៍​ទៅមក របស់​ប្រជាជន​ទាំងមូល ។

​តាម​ដំណឹង​ថា ដោយ​ពាក្យបណ្ដឹង​ខាងលើ ហាក់​មិន​ទាន់​បាន សាច់​ការ​អី​សោះ​នោះ កន្លងមក បងប្អូន ប្រជាពលរដ្ឋ ក៍​ធ្លាប់បាន​ប្ដឹង​ផ្ដល់ ករណី​នេះ​ទៅ​ដល់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បី​គោរព​ស្នើសុំ ឲ្យ​ឯកឧត្តម មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍ ដោះស្រាយ​ដែរ​… ដែល​កាលនោះ ឯកឧត្តម​បាន​បញ្ជា​ទៅ ប្រធាន​មន្ទីរ និង​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​នាំគ្នា​ចាត់ការ រុះរើ​សំណង់ ខុសច្បាប់​នោះ ដើម្បី​បើកផ្លូវ​សាធារណៈ ឲ្យ​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​ឡើងវិញ ។ ប៉ុន្តែ​រហូតមកដល់ ជិត​ដាច់​ឆ្នាំ ២០១៧ នេះ​ទៅ​ហើយ​… សំណង់​ខុសច្បាប់​នោះ នៅតែ​មិន​ទាន់ ត្រូវបាន​អាជ្ញាធរ ទៅ​បង្ខំ​ឲ្យ​រុះរើ នៅឡើយ​ដដែល​ទេ​… មិនតែប៉ុណ្ណោះ អ្នក​ធ្វើ​ផ្ទះ​នៅលើ ផ្លូវ​សាធារណៈ​នោះ ថែមទាំង​បាន និង​កំពុង​ដាំ​ដំណាំ​ម្រេច ជាច្រើន​ស្អេកស្កះ នៅលើ​ផ្លូវ​សាធារណៈ ខាងក្រោយ​ផ្ទះ ជា​សំណង់​ខុស​ច្បាប់​របស់​ខ្លួន កាន់តែ​ផ្គើន​ខ្លាំង​ឡើងៗ ធ្វើឲ្យ​ប្រជាជន​ក្នុងភូមិ កាន់តែ​ខឹងសម្បារ និង​អាក់អន់ស្រពន់ចិត្ត ឥតឧបមា​ចំពោះ លោក​មេឃុំ​ថ្ម​ពេជ្រ និង​លោក  អភិបាល នៃ​គណៈ​អភិបាល ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ទៀតផង​.... ។​

​បងប្អូន ប្រជាពលរដ្ឋ ជាច្រើន​ភូមិ នៅ​តំបន់​នោះ បាន​និយាយថា តាំង​ពី​ណាណី​មក ពួក​គាត់​នៅ​ទីនោះ សុទ្ធតែ​ជា​អ្នកគាំទ្រ គណបក្ស ប្រជាជន​កម្ពុជា តកូនតចៅ​រហូតមក​… តែ​ក្រោយមក ដោយសារតែ លោក​មេឃុំ​ថ្ម​ពេជ្រ និង​អភិបាលស្រុក​នោះ ចេះ​តែ​គេច​មុខ មិន​ជួយ​ដោះស្រាយ បើកផ្លូវ​នោះ​ឡើងវិញ ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ទៅតាម​សំណូមពរ ទើប​ធ្វើឲ្យ​បាត់បង់ ការគាំទ្រ​យ៉ាងច្រើន ។ ហេតុដូច្នេះ​ហើយ ទើប​ពួកគាត់​នាំគ្នា សំណូមពរ​ជា​បន្ត​ទៀត ដោយ​គោរព​ចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដែល​លោក​មាន ឥទ្ធិពល​ខ្លាំង​នៅ​កន្លែង​នោះ មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍ ឲ្យ​អាជ្ញាធ​រចាត់ការ រុះរើ​សំណង់ផ្ទះ អនាធិបតេយ្យ ដើម្បី​បើ​ផ្លូវ​សាធារណៈ ឲ្យ​ប្រជាពលរដ្ឋ ជាច្រើន​ភូមិ បាន​ប្រើប្រាស់​ឡើងវិញ ដោយ​ក្ដី​អនុគ្រោះ​ផង ។​

​បងប្អូន ប្រជាពលរដ្ឋ បានបញ្ជាក់​ថា ក្រោម​ការដឹកនាំ ដ៍​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​មន្ត្រីៗ​ល្អ​ច្រើន​ណាស់ ដែល​ប្រជាពលរដ្ឋ គោរព ស្រលាញ់ គាំទ្រ​… តួយ៉ាង​ដូចជា  ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា និង​ឯកឧត្តម  លី ឡេង ជា​អភិបាល​ថ្មី នៃ​គណៈ​អភិបាល ខេត្ត​ត្បូងឃ្មុំ ជាដើម​… ។ ផ្ដើមចេញ​ពី​ការ មាន​ទំនុកចិត្ត​ខ្ពស់ បែបនេះហើយ ពួកគាត់​ជា ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ថ្ម​ពេជ្រ ១ ឃុំ​ថ្ម​ពេជ្រ ស្រុក និង​ខេត្ត​ត្បូងឃ្មុំ មាន​ក្ដីសង្ឃឹម យ៉ាង​មុតមាំ​ថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា និង​ឯកឧត្តម  លី ឡេង ច្បាស់​ជា​នឹង​ជួយ​ចាត់ការ ដោះស្រាយ​បញ្ហា​នេះ ជូន​ពួកគាត់​ទៅ​តាម សំណូមពរ ជាមិនខាន​… ៕​
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5756
ម្សិលមិញ : 9344
សរុប : 6359321
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com