ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ឯកឧត្តម ផ្កាយមាសបួន ទៀ បាញ់ និងឯកឧត្តម ផ្កាយមាសបួន សៅ សុខា អត់ហ៊ានចាត់ការ ទាហានសក្ដិ ៥ រកស៊ីឈើដុះស្លែ ធី បាញ់ ដូចតែគ្នា... !!!
ផ្សាយនៅថ្ងៃទី: 30-11-2017, ចំនួនអ្នកអាន 1951ដង

ក្រចេះ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ អគារ​ក្រសួងបរិស្ថាន​ថា ៖ « យើង​ទទួល​ស្គាល់ ការកាប់​ព្រៃឈើ​នេះ គឺ​ត្រូវតែ​មាន​ទោសទណ្ឌ និង​ត្រូវ​តែ​បង្ក្រាប​ហើយ​… ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​… សៅ សុខា មិនទាន់​បាញ់ ១ គ្រាប់​នៅ​ឡើយ​ទេ ។ ខ្ញុំ​ឲ្យ​បាញ់​… បើ​ថា​វា (​ក្រុម​បំផ្លាញ​ព្រៃឈើ​) ព្រហើន​… រ៉ុក​កែតដាក់​ពីលើ​ម្តង​ទៅ​» ។ មិនតែប៉ុណ្ណោះ សម្តេច​តេជោ នៅ​បាន​ស្តីបន្ទោស​ថា​៖ «​ដឹកឈើ អាហ្នឹង​ដឹក​ឡាន​… ហើយ​ធំៗ​ណាស់​… ចុះ​អ្នក​ទៅណា​អស់ ? ទាំង​ភ្នែក​ទាហាន​, ទាំង​ភ្នែក​ប៉ូលិស​, ទាំង​ភ្នែក​ប៉េអឹម​, ទាំង​ភ្នែក​រដ្ឋបាល​ព្រៃឈើ​, បរិស្ថាន ទៅ​អស់​ណា​អស់ ? ហើយ​ក៏​អាហ្នឹង ជាមួយ​គេ​ដែរ ? វា​ណាស់​តែ​អ៊ីចឹង​» ។​

​ប៉ុន្តែ​បើ​ទោះបី សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​បញ្ជា​ធ្ងន់ៗ និង​បាន​ស្តីបន្ទោស មន្ត្រីៗ​ពាក់ព័ន្ធ​តៗ​គ្នា ជា​បន្តបន្ទាប់​មក យ៉ាងណា​ក៍ដោយ ក៍​គេ​សង្កេតឃើញថា ពួក​ឈ្មួញ​ប្រព្រិត្ត បទល្មើស​ព្រៃឈើ នៅតែ​មិន​ខ្លាចញញើត​ទេ​… តួយ៉ាង​ដូចជា មន្ត្រី​យោធា​ម្នាក់​ពាក់​សក្ដិ ៥ ឈ្មោះ​ពេញ​គឺ ថន ប៊ុន​ធី គេ​ហៅ​ក្រៅ ធី បាញ់ ដែល​ជា​ឈ្មួញ​ដុះ​ស្លែ ប្រចាំ​ខេត្ត​ក្រចេះ ល្បី​ខាង​ដឹកជញ្ជូន​ឈើ ទៅ​ស្រុក​យួន (​ឈ្មួញ​ឈើ​ល្បី​ម្នាក់ ក្នុងចំណោម​ឈ្មួញ​ឈើ ជាច្រើន​នាក់​ទៀត​នោះ​) បច្ចុប្បន្ន​នៅតែ បន្តសកម្មភាព ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ ទៅ​លក់​នៅ​ស្រុក​យួន ដូច​មុន​ដដែល  ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ ទប់ស្កាត់​ឡើយ ។

​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា មួយ​រយៈពេល ចុងក្រោយ​នេះ ឈ្មួញ​ឈើ​ឈ្មោះ  ថន ប៊ុន​ធី ហៅ ធី បាញ់ បាន​បង្កើន​សកម្មភាព ដឹកជញ្ជូន​ឈើ​ប្រណីត តាម​រថយន្ត​យី​ឌុប​ធំៗ  និង​រថយន្ត​សាំ​យ៉ុង ជាច្រើន​គ្រឿង​ពី ខេត្ត​ស្ទឹងត្រែង ចូល​ខេត្តក្រចេះ តាម​ផ្លូវជាតិ​លេខ ៧ យក​ទៅ​ស្រុក​យួន តាម​ច្រកព្រំដែន ក្នុង​ស្រុក​មេមត់ ដោយ​ឆ្លងកាត់ មន្ត្រីរដ្ឋបាល​ព្រៃឈើ ៣​ខេត្ត គឺ​ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​សមត្ថកិច្ច ពាក់ព័ន្ធ​ក្នុង​ខេត្ត យ៉ាង​រលូន​បំផុត​… ដែល​មិន​ខុសពី សម្ដី​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ថា​៖ «​ដឹកឈើ អាហ្នឹង​ដឹក​ឡាន​… ហើយ​ធំៗ​ណាស់​… ចុះ​អ្នក​ទៅណា​អស់ ? ទាំង​ភ្នែក​ទាហាន​, ទាំង​ភ្នែក​ប៉ូលិស​, ទាំង​ភ្នែក​ប៉េអឹម​, ទាំង​ភ្នែក​រដ្ឋបាល​ព្រៃឈើ​, បរិស្ថាន ទៅ​អស់​ណា​អស់ ? ហើយ​ក៏​អាហ្នឹង ​ជាមួយ​គេ​ដែរ ? វា​ណាស់​តែ​អ៊ីចឹង​» នោះទេ ។​

​តាម​ប្រភព​ថ្មីៗ បាន​ប្រាប់ទៀតថា ក្រៅពី​ការរកស៊ី​ឈើ ដោយ​ខ្លួនឯង​នោះ ឥឡូវនេះ ទាហាន​សក្ដិ​ប្រាំ រកស៊ី​ឈើ​ដុះ​ស្លែ ធី បាញ់ ដែល​បាន​ស្គាល់ កន្លុកកន្លៀត​ច្បាស់ និង​ស្គាល់​មន្ត្រីៗ ពាក់ព័ន្ធ​កាន់តែច្រើន បាននិងកំពុង​អាង​ស្បែក ជា​មន្ត្រី​យោធា​មាន​លុយ ដោយ​បង្កើត​មុខរបរ ១ បន្ថែម​ទៀត​គឺ គាត់​ធានា​ប៉ាវ​ផ្លូវ កាង​ឡាន​ដឹកឈើ ប្រចាំ​នៅ​ភូមិភាគ ឦសាន​តែម្ដង ឲ្យតែ​ឈ្មួញ​ឈើណា ហ៊ាន​ឲ្យ​តម្លៃ​ថ្លៃ អាច​កាត់​កង​ទៅ បាន​ចំណេញ​ច្រើន ជំនួស​ឲ្យ​ការដឹកឈើ​របស់ខ្លួន ។ កន្លងមក មាន​ព័ត៌មាន​ថា សកម្មភាព​កាង​រថយន្ត ដឹកជញ្ជូន​ឈើ​ប្រណីត របស់​ក្រុម​ទាហាន ធី បាញ់ ក៏​ធ្លាប់បាន​ប៉ះទង្គិច រហូត​ដល់​ការផ្ទុះអាវុធ ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក ហាក់ ហ៊ាន ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តក្រចេះ​ផងដែរ ស្ថិតក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ បណ្តាល​ឱ្យ​គ្រាប់កាំភ្លើង ផ្លាត​ទៅ​ត្រូវ​ស្ត្រី​កូនខ្ចី​ម្នាក់ រងរបួស​គួរ​ឲ្យ​ភ័យខ្លាច ។

​សកម្មភាព​ដឹក​ជញ្ចូន​ឈើ របស់​ក្រុម​ទាហាន ធី បាញ់ ដែល​ស្ទើរ​ក្លាយជា ស្ដេចត្រាញ់​ឈើ នៅ​ខេត្ត​ក្រចេះ​នោះ ក៍​ត្រូវ​គេ​សង្កេតឃើញថា ជារឿយៗ​ពួកគេ តែងតែ​ប្រើប្រាស់ រថយន្ត​យី​ឌុប​ពី ២ ទៅ ៣​គ្រឿង ដឹកជញ្ជូន​ឈើ​ប្រណីត ចេញពី​តំបន់​ស្រែ​ស្បូវ នៅ​ចំណុច​ព្រំប្រទល់ ៣​ខេត្ត គឺ​ខេត្ត​ស្ទឹងត្រែង​, មណ្ឌលគិរី និង​រតនគិរី ឆ្លងកាត់​តំបន់​ខ្លា​ស្ទុះ មកលើ​ស្រុក​ស្នួល ឆ្ពោះ​ទៅ​ស្រុក​យួន តាម​ច្រក​ជាំ​ក្រវៀន ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ចូល​ទៅ​ដល់ ចាប់ពី​ចំណុច​ស្ពាន​ជ្រាវ មាន​លោក​ឧកញ៉ា សឹង្ហ សំអុល ជា​អ្នកម៉ៅការ​ប៉ាវ​ផ្លូវ នៅ​ចាំ​យក​លុយ ក្នុង​ឈើ​ប្រណីត ១ ម៉ែត្រគូប​ពី ៧០០ ទៅ ៨០០ ដុល្លារ​អាមេរិក យ៉ាង​ស្រួល​ផងដែរ ។​

មិនតែប៉ុណ្ណោះ កាលពី​ប៉ុន្មាន​ថ្ងៃមុន គេហទំព័រ​យើង បានទទួល​ព័ត៌មាន​មក​ថា ទាហាន​សក្ដិ ៥ រកស៊ី​ឈើ​ដុះ​ស្លែ ធី បាញ់ បាន​ដឹក​ឈើ​ប្រណីត ចេញពី​ចំណុច ព្រែក​ប្រសព្វ យកទៅលក់ យ៉ាង​រំភើយ​ចិត្ត ដោយ​ឥត​មាន​ការរំខាន ពី​អ្នកអនុវត្ត​ច្បាប់ ដូចជា ភ្នែក​ទាហាន​, ភ្នែក​ប៉ូលិស​, ភ្នែក​ប៉េអឹម​, ភ្នែក​រដ្ឋបាល​ព្រៃឈើ​, ភ្នែក​បរិស្ថាន​… នោះទេ ដែល​គេ​អាចនិយាយបាន​ថា ប្រហែល​ជា​លោក ធី បាញ់ ចេះ​មន្តអាគម បំបាំង​កាយ ឬ​បំបាំង​ឡាន​យី​ឌុប​ធំៗ  ដឹកឈើ​ពេញៗ​ទេ​ដឹង … បានជា​ដូច សម្តេច​តេជោ នាយករដ្ឋមន្ត្រី ធ្លាប់​សួរ​ដោយ​ឆ្ងល់​ថា​៖ «​ ដឹកឈើ អាហ្នឹង​ដឹក​ឡាន​… ហើយ​ធំៗ​ណាស់​… ចុះ​អ្នក​ទៅណា​អស់ ? ទាំង​ភ្នែក​ទាហាន​, ទាំង​ភ្នែក​ប៉ូលិស​, ទាំង​ភ្នែក​ប៉េអឹម​, ទាំង​ភ្នែក​រដ្ឋបាល​ព្រៃឈើ​, បរិស្ថាន ទៅ​អស់​ណា​អស់ ? ហើយ​ក៏​អាហ្នឹង ជាមួយ​គេ​ដែរ ? វា​ណាស់​តែ​អ៊ីចឹង​» នោះ​ហើយ ក៍​មិន​ដឹង​…?

​អ្វី​ដែល​ធ្វើឲ្យ សាធារណជន កាន់តែ​ឆ្ងល់​ថែម​ទៀត នៅត្រង់ថា កន្លងមក សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ព្រមាន ឲ្យ​មន្ត្រីៗ​សមត្ថកិច្ច ឬ​កងកម្លាំងប្រដាប់អាវុធ  គ្រប់​ប្រភេទ ត្រូវតែ​ដក​ខ្លួន ចេញ​ឲ្យ​ឆ្ងាយ កុំ​ឲ្យ​ជាប់​ពាក់ព័ន្ធ ជាមួយ​បទល្មើស​នានា ដូចជា បទល្មើស​ព្រៃឈើ ជាដើម ។ អញ្ចឹង​គេ​សួរថា តើ​ហេតុ​អី​បានជា មេៗ​ទាហាន​ថ្នាក់លើ នៅតែ​បណ្ដោយឲ្យ ទាហាន​សក្ដិ​ប្រាំ​ឈ្មោះ ថន ប៊ុន​ធី ហៅ ធី បាញ់ បន្ត​រកស៊ី​ដឹក​ឈើ ស្ទើរ​រាល់​យប់​ថ្ងៃ​បែបនេះ ? ឬ​មួយ​ក៍​ពួកគាត់​ខ្លះ មាន​អាថ៌កំបាំង ឬ​ត្រូវ​មន្តអាគម​អី ពី​មន្ត្រី​ទាហាន​សក្ដិ ៥ រកស៊ី​ដឹក​ឈើ​ឈ្មោះ ថន ប៊ុន​ធី ហៅ ធី បាញ់ នោះ​ដែរ​ទេ​ដឹង​… ?

​រឿង​ហ្នឹង ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​សួរ​គ្នា​លេង​ថា តិច​លោ​ដោយសារតែ ថន ប៊ុន​ធី ហៅ ធី បាញ់ មានឈ្មោះ​ហៅ​ក្រៅ ស្រដៀង​គ្នា​នឹង ឈ្មោះ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង ការពារជាតិ (​មួយ ធី បាញ់​… មួយទៀត ទៀ បាញ់​…) ទេ​ដឹង​បាន​ជា ទាហាន​សក្ដិ​ប្រាំ ធី បាញ់ អាច​រកស៊ី​ឈើ តាម​អំពើ​ចិត្ត​នោះ​… ? និង​ថា បើ​ឯកឧត្តម ផ្កាយ​មាស​បួន ទៀ បាញ់ មិន​ហ៊ាន​ប៉ះពាល់ ទាហាន​សក្ដិ ៥ ធី បាញ់ នោះទេ​… ចុះ​ឯកឧត្តម ផ្កាយ​មាស​បួន សៅ សុខា ជា ​អគ្គមេបញ្ជាកា​រង នៃ​កងយោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ព្រមទាំង​ជា​ប្រធាន គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ ហ៊ាន​… ឬ​អត់​… ?

​ពាក់ព័ន្ធ​នឹង បញ្ហា​ព្រៃឈើ​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ នៅក្នុង​វេទិកា ស្តី​ពី​ការការពារ និង​អភិរក្ស ធនធានធម្មជាតិ នៅ​វិមាន​សន្តិភាព បាន​មានប្រសាសន៍ថា ៖ «​ យើង​ពិនិត្យ​មើល​អ​ញ្ចេះ​… យើង​ចាប់បាន តែ​អ្នក​រម៉ិរម៉ក់​…  ប៉ុន្តែ​អា​អ្នកធំ ពិតប្រាកដ អា​អ្នករកស៊ី​ពិតប្រាកដ ដែល​ជា​ម្ចាស់ ម្ចាស់​នៃ​មធ្យោបាយ​… គឺ​មិន​ដែល​រកឃើញ រក​មិនឃើញ​តាម៉​ង​… តើ​វា​នៅ​ណា​…? អញ្ចឹង​ខ្ញុំ​គិតថា រឿង​នេះ​ត្រូវ​រៀបចំ នូវ​ប្រព័ន្ធ​ព័ត៌មាន​ជាក់លាក់ នៃ​ការស្រាវជ្រាវ ជាពិសេស ការចូលរួម​របស់ ប្រជាពលរដ្ឋ​… ហើយ​ដែល​ក្នុងនោះ យើង​ក៏​ត្រូវមាន​វិធី ដើម្បី​ការពារ​នូវ​អ្នក ដែល​ផ្តល់​ព័ត៌មាន ឱ្យ​យើង​ផងដែរ​… តួនាទី​នេះ ឯកឧត្តម សៅ សុខា ត្រូវ​បន្តទៅទៀត យុទ្ធនាការ​នេះ មិន​អាច​កាត់បន្ថយ​ទេ​… ៕ រក្សា​សិទ្ធិ​ដោយ ៖ http://www.crn-news.com/ (ហាមចម្លងយក អត្ថបទនេះ ទៅបង្ហោះផ្សាយ នៅវិបសាយណា គ្មានការអនុញ្ញាតិ)


ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5724
ម្សិលមិញ : 9344
សរុប : 6359289
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com