ថ្ងៃ ច័ន្ទ ទី 11 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
អុី ចំរើន កូនចៅ សុខ ផល នៅ​ច្រក​ទ្វារ​អន្តរជាតិ អូរយ៉ាដាវ បើកដៃ​ឲ្យ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ (វ៉ៃ) និង​ឈ្មោះ ណាក់ ​ដឹកជញ្ជូន​ឈើ ទៅ​ស្រុក​យួន​ ដោយសេរី...!
ផ្សាយនៅថ្ងៃទី: 01-12-2017, ចំនួនអ្នកអាន 1271ដង
រតនគិរី ៖ ទោះបីជា សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​ដាក់​បទបញ្ជា ជា​បន្តបន្ទាប់ ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវតែ​រួម​សហការ​គ្នា បង្ក្រាប​បទល្មើស​ផ្សេងៗ យ៉ាងណា​ក៍ដោយ​… ក៍មាន​មន្ត្រី​ត្រី​ស្អុយ ឬ​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោ មួយ​ក្ដាប់​តូច​នៅតែ ហ៊ាន​ផ្គើន​នឹង​បទបញ្ជា របស់​ព្រះឥន្ទ​នេះដែរ ។ តួយ៉ាង​ដូចជា​លោក អុី ចំរើន នាយ​ប៉ុស្ដិ៍​នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ អូរយ៉ាដាវ ខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្ត​រតនគិរី ជាដើម​… បាននិងកំពុង​ឃុបឃិត ជាមួយ​មេ​ឈ្មួញ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ (​ហៅ វ៉ៃ​) និង​ឈ្មោះ ណាក់ ​សម្រុក​ដឹកឈើ​ចេញ តាម​ច្រកទ្វារ​មួយ​នេះ ទៅ​ស្រុក​យួន​ក្នុង ១​ថ្ងៃៗ ឬ ១​ខែៗ មិនតិច​រថយន្ត​ធំៗ​ឡើយ ដោយ​គ្មាន​សមត្ថកិច្ច​ថ្នាក់​ណា ចាប់​បង្ក្រាប​ទាល់តែសោះ​… ។​

​ឈើ​ទាំង​នោះ ត្រូវ​គេ​រាយការណ៍​មក​ថា ពួកគេ​បាន​កាប់​ពី​ក្នុង ព្រៃ​ឧទ្យាន​ជាតិ​វិរៈ​ជ័យ ក្នុងស្រុ​កវើន​សៃ ស្រុក​តា​វែង និង​ស្រុក​អណ្តូង​មាស ប្រមូល​ដឹកចេញទៅ​លក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ញ៉ាង ស្រុក​អណ្តូង​មាស​ផង និង​ច្រក​អូរយ៉ាដាវ​ផង​… ដើម្បី​ជម្រុញ​ឲ្យបាន ទាន់​ផែនការ​របស់​ពួកគេ ដែល​ថៅកែ​យួន​កុំម៉ង​មក ក្នុងការ​ចំណាយលុយ ទាំង​លានៗ​ដុល្លារ ឲ្យ​ឈ្មួញ​ខ្មែរ​ទាំងនោះ នាំគ្នា​បំផ្លាញ​ព្រៃឈើ ឲ្យអស់​ហិនហោច ទៅ​តាម​គម្រោងការ​ទី​១ ឬ​ទី​២ ឬ​ទី​៣ ដូច​អ្វី​ដែល​សៀម ធ្លាប់​ប្រើប្រាស់​ប្រាក់​ឌួង បំផ្លាញ​របង​កំពែង​ឬ​ស្សី នៅ​បន្ទាយលង្វែក អញ្ចឹង​ដែរ​… ។​

​ប្រជាពលរដ្ឋ បាន​និយាយថា ដោយសារតែ​មាន​ការ បើកដៃ​ពី​លោក អុី ចំរើន និង​មេៗ​ច្រក​នេះ ជាច្រើន​នាក់​ទៀត​… ពួក​ឈ្មួញ​ខិលខូច បាន​យក​ឈើ​ប្រណីតៗ ដាក់​ពីក្រោម​កសិផល ដូចជា សណ្ដែង​សៀង ដំឡូង​មី​… ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ យក​ទៅ​ស្ដុក​ទុក​នៅ​ឃ្លាំង ក្នុង​ទឹកដី​យួន ស្ទើរតែ​រាល់​យប់​ថ្ងៃ ដែល​យូរៗ​រាប់​ខែ ឃើញ​សមត្ថកិច្ច ធ្វើ​ជា​ចាប់បាន​ម្ដង ។ ជាក់ស្ដែង លោក  ថង សាវុន អភិបាល ខេត្ត​រតនគិរី ក៍​ធ្លាប់​ចេញ​បញ្ជា​ឲ្យ គេ​ចាប់​រថយន្ត​ធុន​ធំៗ បង្កប់​ឈើ​ក្រោម​កសិផល ដឹក​ចេញ​ទៅ​ស្រុក​យួន យូរៗ​ម្ដង​កន្លងមក ដែល​អ្នក​ធ្លាប់​ដឹង​រឿង តែង​បាន​និយាយ រិះគន់ថា ករណី​នោះ មិន​ខុស​ពី​ការ សម្ដែង​ឆាកល្ខោន​ទេ​… ។​

​បើ​តាម​ព័ត៌មាន បានបញ្ជាក់​ថា កាលពី​មុន​លោក វរសេនីយ៍ទោ អុី ចំរើន អត្តលេខ ៥៨៥៩១ ជា​នាយរង​ប៉ុស្តិ៍ នគរបាល​ច្រក​ទ្វារ ព្រំដែន​អន្តរជាតិ ត្រពាំង​ផ្លុង​… ដែល​ក្រោយមក មិនដឹង​ជា​គាត់ ពូកែ​រត់ការ​យ៉ាងម៉េច ក៍​ស្រាប់តែ​ថ្នាក់លើ តែងតាំង​តំឡើង​តំណែង (អុី ចំរើន​)  ទៅ​ជា​នាយ​ប៉ុស្តិ៍ នគរបាល​ច្រក​ទ្វារ ព្រំដែន​អន្តរជាតិ អូរយ៉ាដាវ  នៃ​នាយកដ្ឋាន ច្រកទ្វារ​ទី​២  កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយមាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សារិន សារីណូ ប្រធាន​នាយកដ្ឋាន ច្រកទ្វារ​ទី​២ នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង​លោក កង សារឿ​ន ប្រធាន​ស្នាក់ការ ច្រកទ្វារ​អន្តជាតិ  អូរយ៉ាដាវ ព្រមទាំង​លោក ឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការ​នគរបាល ខេត្ត​រតនគិរី  ជា​អ្នកចូលរួម​ក្នុង ពិធី​តែងតាំង​នោះ យ៉ាង​សប្បាយ​រីករាយ ។​

​ប៉ុន្តែ​ផ្ទុយទៅវិញ លោក​វរសេនីយ៍ឯក ឡុង រុក្ខា អត្តលេខ ០៧១៣៧ ដែល​ត្រូវ​ថ្នាក់លើ ដកចេញ​ពី​មុខតំណែង ជា​នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ ព្រំដែន​អន្តរជាតិ អូរយ៉ាដាវ ប្រគល់​ទៅឲ្យ វរសេនីយ៍ទោ អុី ចំរើន ជា​អ្នកកាន់កាប់ ក្ដោប​ក្ដាប់​បន្ត​វិញ​នោះ ឥឡូវ​ឮថា គាត់ (​ឡុង រុក្ខា​)  កំពុង​រាសី​ស្រុតចុះ​យ៉ាងខ្លាំង ខណៈ​ដែល​មេ​ថ្មី (​អ៊ី ចំរើន​) កំពុង​មាន​រាសី ខ្ពស់ត្រដែត​តែម្ដង​… ចាយ​ដុល្លារ​ពេញៗ​ដៃ ដូរ​ឡាន​សេរី​ថ្មី ដោយ​មិន​ខ្វល់​… ។​

​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត បាន​សំណូមពរ​ថា ឥឡូវនេះ ជិត​ដល់​ពេល បោះឆ្នោត​ហើយ​… សូម​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍​ដូចជា សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ រួមជាមួយ ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម​, ឯកឧត្តម សាយ សំ​អាល់  រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​ប្រធាន គណៈកម្មាធិការ បង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ ព្រមទាំង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ មេត្តា​ចាត់ការ ពិនិត្យមើល បញ្ហា​នេះ​ផង​… ។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ គេហទំព័រ​យើង បាន​ព្យាយាម​ទាក់ទង លោក​វរសេនីយ៍ទោ អុី ចំរើន ដើម្បី​សុំ​ការបំភ្លឺ​ដែរ​… តែ​ភ្នាក់ងារ​យើង រាយការណ៍​មក​ថា មិន​ងាយ​ទាក់ទង​បាន​ទេ​… ព្រោះ​គាត់ (​អុី ចំរើន​) តែងតែ​មាន​ការ​រវល់​ច្រើន​… ឧស្សាហ៍​ចុះឡើង ទៅ​ប្រទេស​យួន ស្ទើរតែ​រៀងរាល់ថ្ងៃ ដែល​គេ​មិនដឹងថា គាត់​ទៅ​លេង ឬ​ទៅ​ធ្វើ​ស្អី ឬ​ទៅទាក់ទង រឿង​ជំនួញ​ជួញ​ប្រែ​… ផស់​គាត់​នោះ​ទេ​… ៕ រក្សា​សិទ្ធិ​ដោយ ៖ http://www.crn-news.com/ (ហាមថតចម្លង យកអត្ថបទនេះ ទៅបង្ហោះផ្សាយ ដោយគ្មានការអនុញ្ញាតិ)
ព័ត៌មានបន្ទាប់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5746
ម្សិលមិញ : 9344
សរុប : 6359311
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com