ថ្ងៃ សុក្រ ទី 27 ខែ មេសា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
​ឧកញ៉ា​ ល័ក្ខណ, ឧកញ៉ា សឹង្ហ សំអុល, ឧកញ៉ា លឹម ប៊ុណ្ណា... ល្បីខ្លាំងក្លា ខាងដឹកឈើ ស្ទើររលាយ ទៅស្រុកយួន គ្មានអ្នកណា ហ៊ានប៉ះពាល់... !
ផ្សាយនៅថ្ងៃទី: 19-12-2017, ចំនួនអ្នកអាន 3464ដង
ក្រចេះ - ស្ទឹងត្រែង​៖ អ្នកឃ្លាំមើល បញ្ហា​ព្រៃឈើ និង​ពលរដ្ឋ​រស់នៅ ជិត​ព្រំដែន​កម្ពុជា - វៀតណាម សំដែង​ក្ដីបារម្ភ នៅពេល​ឃើញ បទល្មើស​ព្រៃឈើ ឆ្លងដែន​ទៅ ប្រទេស​វៀតណាម នៅតែ​បន្ត កើត​មាន​ពេញបន្ទុក បើទោះជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ច្រើនសា​ក្ដី​។ ពលរដ្ឋ​អះអាងថា ជំនួញ​ឈើ​ឆ្លងដែន​ទាំងនោះ គឺជា​របស់​ឈ្មួញ មាន​ងារ​ជា​ឧកញ៉ា  ធ្លាប់​តុលាការ​កោះហៅ​។​

​អ្នកឃ្លាំមើល​បរិស្ថាន និង​ពលរដ្ឋ​ប្រទះឃើញ សកម្មភាព​រត់ពន្ធ ឈើ​ឆ្លងដែន នៅតែ​បន្ត​កើតមាន តាម​ច្រក​អន្តរជាតិ ត្រពាំង​ស្រែ ស្រុក​ស្នូល និង​ច្រករបៀង ខែត្រ​ក្រចេះ ដែល​គេ​សង្ស័យថា ទំនង​ដឹក​ចេញ ពី​ខែត្រ​ក្រចេះ និង​ខែត្រ​ស្ទឹងត្រែង​។ ការដឹកជញ្ជូន​ឈើ តាម​រថយន្ត​យី​ឌុប​ឃ្លុំ​ព័ទ្ធ តង់​កៅស៊ូ​ជិត ឆ្លងដែន​ទៅ ប្រទេស​វៀតណាម បាន​កើតមាន​ច្រើន នៅពេល​យប់ ក្នុង​មួយ​យប់ រថយន្ត​ចាប់ពី ៥​គ្រឿង ដល់​ជាង ១០​គ្រឿង​។​

​ថ្មីៗ​កាសែត​ក្នុងស្រុក ចុះផ្សាយ​ថា ឈ្មួញ​មាន​ងារ ជា​ឧកញ៉ា​ឈ្មោះ ល័ក្ខណ ជា​ម្ចាស់​រថយន្ត ​យី​ឌុប​ច្រើន​គ្រឿង នាំ​ឈើ​ចេញ​តាម ច្រក​អន្តរជាតិ ត្រពាំង​ស្រែ ខែត្រ​ក្រចេះ ទៅ​ប្រទេស​វៀតណាម ក្នុង​មួយ​រថយន្ត ផ្ទុក​ឈើ ៥៥ ម៉ែត្រគូប​ទៅ ៦០​ម៉ែត្រគូប​។ ការនាំ​ឈើ​ទាំងនោះបាន ដោយ​ឈ្មួញ ត្រូវ​បង់​ប្រាក់​ឲ្យ សមត្ថកិច្ច​ពាក់ព័ន្ធ​។​

​សកម្មជន ការពារ​ព្រៃឈើ នៅ​ខែត្រ​ក្រចេះ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យដឹងថា ពលរដ្ឋ​សោកស្ដាយ ការបាត់បង់​ព្រៃ ធនធានធម្មជាតិ ដែល​អាជ្ញាធរ​រដ្ឋ គ្មាន​សមត្ថភាព​បង្ក្រាប រី​ឯ​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា នៅតែ​បន្ត​អាជីវកម្ម ឈើ​ដដែល ពុំ​មាន​ការទប់ស្កាត់​។ លើសពីនេះ ការសន្យា​របស់​លោក ហ៊ុន សែន បានត្រឹមតែ​បង្ហើរ សំឡេង​តាម​ខ្យល់ នាំ​ឲ្យ​ពលរដ្ឋ អស់​ជំនឿ​ចិត្ត​។​

​លោក​ថា បច្ចុប្បន្ន ការដឹកជញ្ជូន​ឈើ តាម​ម៉ូតូ គោយន្ត និង​រថយន្ត នៅតែ​កើតមាន​ ជា​ប្រព័ន្ធ​ចេញពី​ ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស​៖ «​ព្រួយបារម្ភ ចេះ​តែ​ព្រួយ​ហើយ ប្រសិន​បើ​អនាគត នៅតែ​បណ្ដោយ អ៊ីចឹង​ទៀត ឈើ​ព្រៃ​នឹង​អស់​។ ព្រៃ​សហគមន៍ និង​ព្រៃ​ឡ​ង់ ប្រសិនបើ​យើង​ មិន​ទប់ស្កាត់ វាឲ្យ​ច្បាស់លាស់ ហើយ​មិន​យកចិត្តទុកដាក់ មិន​យូរ​ទេ នឹង​បាត់បង់​អស់ តែបើ​យកចិត្តទុកដាក់ នឹង​គង់វង្ស​»​។

​បុរស​ដដែល កត់សម្គាល់ថា ការដឹកជញ្ជូន​ឈើ​បាន ដោយសារ​ឈ្មួញ ឃុបឃិត​ជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ ជា​ចង្កោម ដើម្បី​ជា​ថ្នូរ នៃ​ការដឹកជញ្ជូន​ឈើ និង​គេច​ពី​សំណាញ់​ច្បាប់​។ លោក​ចាត់​ទុក ការបង្កើត​គណៈកម្មកា​រ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ របស់​រដ្ឋាភិបាល គឺ​ត្រឹមតែ​ល្អមើល តែ​ធាតុពិត​គឺ បទល្មើស​ព្រៃឈើ ទ្រង់ទ្រាយ​ធំ និង​តូច ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ​។​

​អ្នកឃ្លាំមើល បញ្ហា​ព្រៃឈើ​នៃ សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់ថា កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ ២០១៧ តុលាការ​ខែត្រ មណ្ឌលគិរី បាន​កោះហៅ ឧកញ៉ា សឹង្ហ សំអុល អោយ​ស្រាយ​បំភ្លឺ សំណុំរឿង​ប្រមូល និង​កែច្នៃ​ឈើ​ប្រណិត គ្រប់​ប្រភេទ ក៏​ប៉ុន្តែ​ជនសង្ស័យ មិន​បង្ហាញខ្លួន តាម​ដីកា​របស់ តុលាការ​នោះ​ទេ ដោយ​ចាត់​ឲ្យ​មេធាវី ឆ្លើយ​ជំនួស​។ លោក​ថា សំណុំរឿង បទល្មើស​ឧក្រិដ្ឋ ការចាត់ឲ្យ​មេធាវី ឆ្លើយ​ជំនួស គឺជា​ករណី ​ខុស​នីតិវិធី​។ លោក​សង្ស័យថា តុលាការ​ហាក់​រើសអើង ចំពោះ​វិធានការ​ផ្លូវច្បាប់ រវាង​អ្នកមាន​អំណាច និង​ពលរដ្ឋ​៖ «​និយាយ ប្ដេជ្ញា និង​សន្យា​រឿង ទប់ស្កាត់​បទល្មើស ព្រៃឈើ​ដដែលៗ តែ​ការចាត់វិធានការ របស់​មន្ត្រី​ ជំនាញ​យុត្តិធម៌ ឬ​អ្នក​ដឹកនាំ​រដ្ឋ​យើង សាបរលាប មានន័យ​ថា ឈើ​គេ​កា​ប់រលាយ​ហើយ​»​។​

​កាលពីដើមឆ្នាំ​២០១៦ ពលរដ្ឋ​រស់នៅ ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសប់ ខែត្រ​ក្រចេះ ចំនួន ៥៤៥​គ្រួសារ បាន​ផ្ដិតមេដៃ​ប្ដឹង​ឧកញ៉ា ២​រូប ឈ្មោះ ប៊ុត ប៊ុន​អេង ហៅ អេង និង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង​អ្នកមានអំណាច​មួយ​ចំនួន ពី​បទ​កាប់​រាន​ដីព្រៃ សាធារណៈ​របស់​រដ្ឋ ទៅ​សាលាដំបូង​ ខែត្រ​ក្រចេះ ក៏​ប៉ុន្តែ​មកទល់​ពេល​នេះ តុលាការ​មិន​ទាន់​មាន ចំណាត់ការ​ផ្លូវច្បាប់ ករណី​នេះ​នៅឡើយ​ទេ បើទោះបីជា សហគមន៍ មាន​ភស្តុតាង ច្បាស់លាស់​ក្ដី​។​

​មន្ត្រី​សង្គម​ស៊ីវិល អះអាងថា តុលាការ​រើសអើង អនុវត្ត​ច្បាប់ រវាង​ពលរដ្ឋ ឧកញ៉ា និង​គណបក្ស​ប្រឆាំង​។ គេ​សង្កេតឃើញថា ប្រសិនបើ​សំណុំរឿង ចាត់ការ​គណបក្សប្រឆាំង តុលាការ​មាន​ចំណាត់ការ​លឿន​។ កាល​ចុងឆ្នាំ​២០១៥ សាលាដំបូង ខែត្រ​ស្ទឹងត្រែង បាន​កាត់ទោស​ជំទប់​ទី ២ ឃុំ​តា​ឡាន ស្រុក​សេ​សាន ខែត្រ​ស្ទឹងត្រែង មកពី​គណបក្ស សម រង្ស៊ី លោក ណ ឡិត ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ ពី​បទ​កាប់​រាន​ដី ព្រៃ​មួយ​ហិកតារ ពង្រីក​ផ្ទៃដី ធ្វើ​កសិកម្ម​។ មកទល់ពេលនេះ លោក ឡ ណិ​ត បាន​ជាប់​ពន្ធនាគារ​ប្រហែល ៣​ឆ្នាំ​ហើយ រីឯ​ឧកញ៉ា និង​អ្នកមានអំណាច​មួយ​ចំនួន នៅតែ​រស់​នៅ​ក្រៅ សំណាញ់​ច្បាប់ បើទោះបីជា អ្នក​ទាំងនោះ ពាក់ព័ន្ធ​ជួញដូរ​ឈើ ខុស​ច្បាប់​ក្ដី​។​

​អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ធ្លាប់​បញ្ជាក់ថា គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ កំពុង​ស្រាវជ្រាវ រក​វត្ថុតាង ដែល​ជា​បទល្មើស​។ លោក​បញ្ជាក់ថា វិធានការ​ច្បាប់ មិន​ថា តែ​បុគ្គល​ណា​ទេ ឲ្យតែ​ប្រព្រឹត្តបទ​ល្មើស គឺ​សុទ្ធ​ត្រូវ​ផ្ដន្ទា ទោស​តាមច្បាប់​។​

​យ៉ាងនេះ​ក្ដី ពលរដ្ឋ​រស់នៅ​ជិត ព្រំដែន​កម្ពុជា​ វៀតណាម ខែត្រ​មណ្ឌលគិរី នៅតែ​ប្រទះឃើញ ​ការ​ចរាចរ​ឈើ ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ ដាក់​ដាំ និង​ច្រករបៀង​។ សកម្មភាព​ ដឹកជញ្ជូន​ឈើ​នោះ ភាគច្រើន​នៅ​ពេលយប់ រីឯ​អាជ្ញាធរ​ជំនាញ ឃើញ​ចាំ​ទទួល​លុយ ​តាម​ផ្លូវ​ជា​ថ្នូរ​អនុញ្ញាត នាំ​ឈើ​ចេញ​៖ «​ខ្ញុំ​ឃើញ​បទល្មើស ដឹកជញ្ជូន​ឈើ មួយ​យប់ៗ ១០ ឡាន​ទៅ ២០​ឡាន នៅ​ច្រក​ដាក់​ដាំ ខ្លោងទ្វារ​ធំ ទៅ​វៀតណាម​»​។​

​មន្ត្រី​សង្គម​ស៊ីវិល លើកឡើងថា ការ​បណ្ដោយ​ឲ្យ​កើតមាន បទល្មើស​ព្រៃឈើ ទ្រង់ទ្រាយ​ធំ និង​តូច គឺជា​ទម្រង់​នៃ អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​។ អំពើ​ពុករលួយ​នេះ មិន​ត្រឹមតែ​សំដៅ​តែ​ប្រាក់​ដែល​បង់​ឲ្យ សមត្ថកិច្ច​ពាក់ព័ន្ធ​ទេ ភាព​ព្រងើយកន្តើយ របស់​អាជ្ញាធរ រដ្ឋាភិបាល ក៏​ជា​ប្រភេទ​នៃ​បទល្មើស ពុករលួយ​ដែរ​។ លើសពីនេះ វិធានការ​ច្បាប់ ចំពោះ​ការដឹកជញ្ជូន ឈើ​ប្រណិត និង​អាជីវកម្ម ឈើប្រណិត​ខុសច្បាប់ គួរតែ​មាន​ការ អនុវត្ត​ច្បាប់ ប្រឆាំង​អំពើពុករលួយ​ដែរ ព្រោះ​វា​ជា​បទល្មើស​ធំធេង ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ធនធាន​ព្រៃឈើ​។

​ច្បាប់​ព្រៃឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែងថា សកម្មភាព​ទាំងឡាយ ដែល​ធ្វើឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រីនគរបាល កងកម្លាំងប្រដាប់អាវុធ ដែល​បាន​អន្តរាគមន៍ ឬ​ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ប្រយោល ជួយ​ដល់​អាជីវកម្ម​ព្រៃឈើ និង​គំរាមកំហែង មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​រារាំង​កិច្ចការ​របស់ មន្ត្រីរដ្ឋបាល​ព្រៃឈើ គឺ​ចាត់ទុក​ជា​បទល្មើស ដោយ​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ដល់​១០០​លាន​រៀល ​៕

ដកស្រង់ទាំងស្រុងពី ៖  http://www.rfa.org/khmer/news/environment/logging-to-vietnam-still-increasing-12042017043214.html
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5541
ម្សិលមិញ : 9629
សរុប : 7139346
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com