ថ្ងៃ សុក្រ ទី 27 ខែ មេសា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
ស្រេង ម៉េង មេការឧកញ៉ា ទ្រី ភាព​ ចាប់ផ្ដើមបំផ្លាញ​ ព្រៃឈើ​ទៀត​ហើយ... ដោយមិនខ្វល់ បទបញ្ជារបស់ ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន... !
ផ្សាយនៅថ្ងៃទី: 08-02-2018, ចំនួនអ្នកអាន 1747ដង
តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា ឈ្មោះ ស្រេង ម៉េង មេការ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ដែល​បាន​ប្រព្រិត្ត ​បទល្មើស​ព្រៃឈើ ស្ទើរ​រលាយ​ហិនហោច នៅ​ខេត្ត​ព្រះវិហារ ជាច្រើន​ឆ្នាំ​មកហើយៗ ឥឡូវ​គាត់ (​ស្រេង ម៉េង​) ត្រូវបាន​ឧកញ៉ា ទ្រី ភាព បញ្ជា​ឲ្យទៅ​ឈរជើង  ប្រមូល​ទិញ​ឈើ​ប្រណីត នៅ​ខេត្ត​ប៉ែកឥសាន្ត ដើម្បីដឹកយកទៅលក់ នៅបរទេសទៀតហើយ ។

​ប្រភព​បាន​ប្រាប់ថា ក្រៅពី​មាន​ឃ្លាំង​ស្តុក​ឈើ និង​រោង​សិប្បកម្ម ប្រមូល​កែច្នៃ​ឈើ យ៉ាង​អនាធិបតេយ្យ នៅក្នុង​ខេត្ត​ព្រះវិហារ យោធាឈ្មួញឈើ ស្រេង ម៉េង ក៍មាន​ឃ្លាំង​ស្តុក​ឈើ  គរ​ដូច​ភ្នំ​មួយ​កន្លែង​ទៀត ស្ថិតនៅក្នុង​ ភូមិ​តា​ឃែង ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ក្បែរ​ក្រុមហ៊ុន​វាយ​ថ្ម របស់​ចិន​ផងដែរ ។ ឃ្លាំង​នោះ ​ត្រូវ​ប្រជាពលរដ្ឋ បាន​រាយការណ៍​មក​ថា ជា​កន្លែង​ស្តុក​ឈើ​ប្រណីត រាប់រយ​ម៉ែត្រគូប ដែល​ពួកគេ​បាន​ប្រមូល​ទិញ និង​ដឹកជញ្ជូន ​យក​មកពី​តំបន់​ផ្សេងៗ យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​មាន​សមត្ថកិច្ច ជំនាញ​ថ្នាក់​ណា ហ៊ាន​ទៅ​បង្ក្រាប​ម្ដងណា​ឡើយ ។​

​សេចក្ដីរាយការណ៍ បានបញ្ជាក់​ថា ពួកគាត់​ជា​ប្រជាពលរដ្ឋ តែង​បាន​សង្កេតឃើញ មាន​ឡាន​ប្រភេទ​ជា​ប៉ា​កុង (​រថយន្ត​កែឆ្នៃ​) និង​គោយន្ត​កន្ត្រៃ រាប់​សិប​គ្រឿង បាន​និង​កំពុងតែ ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ប្រណីតៗ ចេញពី​ក្នុង​ព្រៃ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ យកទៅ​លក់​ឲ្យ​លោក​ ស្រេង ម៉េង ជា​មេការ​ក្រុមហ៊ុន ទ្រី ភាព យ៉ាង​អនាធិបតេយ្យ​ ដូចជា​ដឹក​ចេញពី​តំបន់ សួន​ឧទ្យាន​ជាតិ វីរៈ​ជ័យ ជាប់​ព្រំប្រទល់ ខេត្ត​រតនគិរី និង​តំបន់​ព្រៃ​សហគមន៍ ដែល​ការពារ ​ដោយ​អនុក្រឹត្យ ជាដើម ។​

​ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ បំផ្លិចបំផ្លាញ​ព្រៃឈើ ឲ្យ​រលាយ​ហិនហោច​អស់ ពី​ក្នុង​ប្រទេស​កម្ពុជា ដែល​បន្ត​អនុវត្ត ដោយ​ក្រុមហ៊ុន ទ្រី ភាព នេះដែរ ប្រធាន​អង្គការ​ការពារ ធនធានធម្មជាតិ​លោក ឈឹម សាវុធ ធ្លាប់បាន​និយាយថា សព្វថ្ងៃ​ សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​នានា ក្នុងប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម មាន​រូបភាព ​ដូច​ហែ​កឋិន ទាំង​យប់​ទាំង​ថ្ងៃ​... ដែល​មិនយូរប៉ុន្មាន​ទៀត​ទេ ព្រៃឈើ​ដែល​នៅ សេសសល់​ចុងក្រោយ នឹង​ត្រូវ​រលាយបាត់​បង់ ជាក់​ជា​មិនខានឡើយ ។​

​លោក ឈឹម សាវុធ​៖ « ​បើ​និយាយ​ពី​ស្ថានភាព នៅ​បច្ចុប្បន្ននេះ គឺ​ហិនហោច​អស់ហើយ គ្មាន​សល់​កន្លែង​ណា​ទេ ទាំង​មណ្ឌលគិរី ទាំង​រតនគិរី ទាំង​ស្ទឹងត្រែង ទាំង​ព្រះវិហារ កំពុង​កាប់​សម្រុក​យ៉ាង​រង្គាល ហើយ​ដឹកចេញទៅ ប្រទេស​វៀតណាម ដូច​ព្យុះសង្ឃរា​អ៊ីចឹង ។ ហើយ​ច្រក​ពីរ​បី នៅ​ព្រំដែន​វៀតណាម មាន​ច្រក​ដាក់​ដាំ ច្រក​អូរយ៉ាដាវ ជាដើម គឺ​ពំនូក​ឈើ​គរ​កម្ពស់ៗ​ណាណី ក្នុង​ដី​វៀតណាម» ។

​កាលពី​ខែ​មីនា ឆ្នាំ​២០១៤ ថ្លែង​នៅក្នុង​ពិធី​សន្និបាត បូកសរុប​ការងារ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន  បាន​អំពាវនាវ សារ​ជា​ថ្មី​ទៀត​ ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ ឲ្យមាន​ប្រសិទ្ធភាព ក្នុង​ការប្រឆាំង​នឹង​ការ កាប់បំផ្លាញ​ព្រៃឈើ​នេះ ដោយ​សម្ដេច​តេជោ បាន​មានប្រសាសន៍ថា ៖ «​ត្រូវ​បញ្ចប់​ដាច់ខាត ការកាប់​រាន​ហ៊ុមព័ទ្ធ ដុត​រំលោភ​យក​ដី​ព្រៃឈើ​...​។ បើ​មិន​ដូច្នោះ​ទេ ត្រូវ​ទទួលទោស​តាម​ច្បាប់ ស្ដីពី​ព្រៃឈើ ។ ទន្ទឹមនឹងនេះ  ត្រូវ​បន្ត​អនុវត្ត ឲ្យមាន​ប្រសិទ្ធភាព នូវ​បទបញ្ជា​ដែល​ខ្ញុំ បានដាក់​នា​ពេល​ថ្មីៗ​នេះ អំពី​ការបង្ក្រាប​បទល្មើស ព្រៃឈើ​គ្រប់​ប្រភេទ​» ។​

​ប្រជាពលរដ្ឋ រង់ចាំ​មើល​ថា តើ​បទបញ្ជា​សារ​ជា​ថ្មី​ទៀត របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន  ក្នុង​ការបង្ក្រាប​បទល្មើស ព្រៃឈើ​គ្រប់​ប្រភេទ​នេះ នឹង​មាន​ប្រសិទ្ធភាព​ដែរ ឬ​អត់ ចំពោះ​មេការ​ទាំងអស់ របស់​ក្រុមហ៊ុន​បំផ្លាញ​ឈើ ទ្រី ភាព តួ​យ៉ាង​ដូច​ លោក​មេការ ​យោធា​ឈ្មោះ ស្រេង ម៉េង នោះ​ជា​ដើម​...៕ រក្សា​សិទ្ធិ គ្រប់យ៉ាង
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5538
ម្សិលមិញ : 9629
សរុប : 7139343
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com