ថ្ងៃ អាទិត្យ ទី 21 ខែ មករា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
មេ​គយ​ត្រពាំង​ផ្លុង ប៉ុន ប៊ុណ្ណា ខ្សែ​រដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន និង​អគ្គនាយក​គយ គុណ ញឹម ត្រូវប៉ាន់​ដូច​ភ្លៀងរលឹម​ សម្ងំកើបលុយ ធ្វើមានបាន ស្ងាត់ឈឹង...
ផ្សាយនៅថ្ងៃទី: 13-01-2018, ចំនួនអ្នកអាន 647ដង
ត្បូងឃ្មុំ​៖ ប្រភព​បាន​ទម្លាយ ឲ្យដឹងថា ចាប់តាំងពី​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ  អូន ព័ន្ធមុន្នីរ័ត្ន  និង​អគ្គនាយក​គយ  គុណ ញឹម បាន​តែងតាំង​លោក ប៉ុន ប៊ុណ្ណា  ឲ្យធ្វើ​ជា​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ  ត្រពាំង​ផ្លុង  ក្នុង​ខេត្ត​ត្បូងឃ្មុំ  កាលណា​មក  មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ កាន់តែ​ច្រើនឡើងៗ នាំគ្នា​សរសេរ​រិះគន់​ធ្ងន់ៗ ជា​បន្តបន្ទាប់ ទៅ​លើ​មេគ​យ​ថ្មី ប្រចាំ​នៅ​ច្រកទ្វារ អន្តរជាតិ ត្រពាំងផ្លុង​នោះ ។ តែ​ទោះ​យ៉ាងណា គេ​មិន​ទាន់​ឃើញ មាន​ចំណាត់ការ​អ្វី ពី​មេៗ​ធំ​កំពូល អូន ព័ន្ធមុន្នីរ័ត្ន និង គុណ ញឹម នៅឡើយ​ទេ​… បែប​ប្រហែលជា ដោយសារតែ​ពួកគាត់ (​មេៗ​) មិន​ហ៊ាន​ក្អក ជាមួយ​កូនចៅ ដែល​ពូកែ​យល់ចិត្ត​មេ នោះ​ហើយ​មើល៍ទៅ​។​

​ពាក់ព័ន្ធ​រឿងនេះ មាន​អ្នកដឹង​រឿង​ខ្លះ បាន​លួច​ទម្លាយ ព័ត៌មាន​ចេញ​ក្រៅ​ថា គ្រាន់តែ​បាន​ធ្វើ​មេ​គយ​ថ្មី នៅ​ច្រក​ត្រពាំងផ្លុង​ភ្លាម លោក​ប្រធាន មាន​ល្បិច​ខូច​ច្រើន ប៉ុន ប៊ុណ្ណា បាន​ឃុបឃិត​គ្នា ជាមួយ​ពួក​ឈ្មួញ​ធំៗ ដូចជា​ម្ចាស់​ក្រុមហ៊ុន ដឹកទំនិញ ស៊ុន ហួរ​, ក្រុមហ៊ុន​ដឹកទំនិញ ហាក់ ម៉ៅ​, ក្រុមហ៊ុន​ដឹកទំនិញ ឆេង ទី​, ក្រុមហ៊ុន​ដឹកទំនិញ ទី​ខ្មូត និង​ក្រុមហ៊ុន​ដឹកទំនិញ របស់​យាយ ញាប់ ជាដើម​… ដែល​ដឹក​ទំនិញ​ចេញ​-​ចូល កម្ពុជា​-​វៀតណាម តាម​ច្រក​អន្តរជាតិ​នោះ ដោយ​ពួកគេ​សហការគ្នា ក្នុងការ​ធ្វើ​ការងារ (​របៀប​ស្វា លេង​ប៉ា​ហ៊ី​) វាយតម្លៃ​ពន្ធ​ទាប និង​តម្រូវឲ្យ​បង់ព​ន្ធ ចូល​រដ្ឋ​មិន​គ្រប់​ចំនួន រួម​ទាំង​អាច​មាន ការលួចបន្លំ​ពន្ធ លើ​មុខ​ទំនិញ​ផ្សេងៗ ដើម្បី​កិបកេង​លុយ យក​ចែកគ្នា​ទាំង​ដុំៗ ធ្វើ​មានបាន​ហ៊ឺ​ហារ គ្មាន​ខ្លាច​រអា​ច្បាប់ ចាប់​ដាក់ទោស​ឡើយ ។​

​បើ​ព័ត៌មាន​ខាងលើ វា​ជា​ការ​ពិត​មែន​… គេ​អាច​ធ្វើ​លេខ បូក​ដក​គុណ​ចែក គន់គូរ​រកឃើញថា ចំណូល​ពន្ធគយ នៅ​ច្រក​ទ្វារ​អន្តរជាតិ «​ត្រពាំង​ផ្លុង​» កំពុង​បាត់បង់​រាប់ពាន់ លាន​រៀល​ក្នុង​មួយ​ខែៗ ស្មើនឹង​រាប់​ម៉ឺន​ដុល្លារ​… នេះ​គេ​មិន​និយាយ ពី​លុយ​លើ​តុ​ក្រោម​តុ ដែល​ពួក​មន្ត្រីៗ​ពុករលួយ នៅ​ស្រុក​ខ្មែរ ធ្លាប់តែ​នាំគ្នា​ប្រព្រឹត្ត ស្ទើរតែ​ក្លាយជា​វប្បធម៌ យក​ធ្វើ​មានបាន ស្ទើរ​គ្រប់​គ្នា អស់​រយៈពេល រាប់សិប​ឆ្នាំ​មកនេះ នោះ​ផង ។ បើ​ចង់ដឹង​ច្បាស់​ថា តើ​ព័ត៌មាន​នោះ វា​យ៉ាងណា​… គួរតែ​អង្គភាព ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បើក​ការស៊ើបអង្កេត ឲ្យបាន​ស៊ីជម្រៅ ដើម្បី​ចាត់វិធានការ ទៅលើ​មន្ត្រីៗ​ខិលខូច និង​ដើម្បី​ការពារ ចំណូល​ថវិកាជាតិ ។​

​ប្រភពព័ត៌មាន បានឲ្យដឹងថា មេ​គយ​ត្រពាំង​ផ្លុង ប៉ុន ប៊ុណ្ណា ជា​ខ្សែ​រដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន និង​អគ្គនាយក​គយ គុណ ញឹម ដែល​អាង​ចំហាយ អំណាច​ខ្សែ​មេ​ធំ​នោះ បាននិងកំពុង​យក​តួនាទី ទៅ​ប្រព្រឹត្ត​អំពើពុករលួយ ធ្វើឲ្យ​បាត់​ចំណូល ថវិកាជាតិ​យ៉ាងច្រើន ពី​ការប្រមូល​ពន្ធ​ផ្សេងៗ ដូចជា​ករណី​កន្លងមក នៅ​ច្រក​ទ្វារ​ត្រពាំង​ផ្លុង ដែល​តែងតែ​ធ្លាប់ ប្រមូល​ពន្ធ​បាន​ក្នុង ១​ខែៗ ចំនួន​ចាប់ពី ១១ ពាន់​លាន​រៀល​ទៅ ១៤ ពាន់​លាន​រៀល​… បែរ​ជា​ប្រមូលបាន ត្រឹម​តែ​ចំនួន​ជាង ៦ ពាន់​លាន​រៀល ទៅ ៨ ពាន់​លាន​រៀល​ប៉ុណ្ណោះ បន្ទាប់ពី​លោក ប៉ុន ប៊ុណ្ណា បាន​ចូល​កាន់តំណែង ជា​មេ​គយ​ថ្មី ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៤ រហូតមកដល់​សព្វថ្ងៃ ។​

​ប្រភពព័ត៌មាន នៅ​បានឲ្យដឹង ពី​តារាង​តម្លៃ​ខ្លះៗ (​ក្រដាស​បញ្ជី​) ដែល​ពួក​មន្ត្រីៗ​គយ ខិលខូច​មួយ​ក្ដាប់​តូច (​មេៗ និង​ខ្សែ​ហោ បក្ខពួក​) នៅ​ច្រក​ត្រពាំង​ផ្លុង ក្នុងសម័យ​លោក ប៉ុន ប៊ុណ្ណា តែង​យក​ទៅ អនុវត្ត​កន្លង​មក ក្នុងការ​គិត​លុយ​កាក់ ជាមួយ​ពួក​ឈ្មួញៗ​ដែរ​ថា …​បើ​គិត​អត្រាពន្ធ​ត្រឹម ៧% ពួក​គេ​តម្រូវឲ្យ ឡានតូច​ត្រូវ​បង់ពន្ធ ៩​លាន​រៀល និង​បង់ថ្លៃ​បាយ ៥​លាន​រៀល​, បើ​អត្រាពន្ធ ១៥% ឡានតូច​ត្រូវ​បង់ពន្ធ ១០​លាន​រៀល និង​ថ្លៃ​បាយ ៥​លាន​រៀល ។  បើ​ទំនិញ​ចាប់ហ៊ួយ បូក​អត្រាពន្ធ ៣៥% ឡានតូច​ត្រូវ​បង់ពន្ធ ២២​លាន​រៀល និង​ថ្លៃ​បាយ ៥​លាន​រៀល​ក្នុង​ករណី​ដូច​គ្នា បើ​ពួក​ឈ្មួញ​បង់ថ្លៃ​បាយ ១១​លាន​រៀល ឡានតូច​ដូចគ្នា​ដែរ អាច​បង់ពន្ធ​ត្រឹម ៨,៥ លាន​រៀល​ប៉ុណ្ណោះ និង​នៅ​មាន​ទំនិញ​ផ្សេងៗ​ទៀត ត្រូវ​ពួកគេ​កំណត់​តម្លៃ ។​ល​។ និង ។​ល​។ ដែល​សរុប​មក បើ​ឈ្មួញ​ណា បង់​ថ្លៃ​បាយ​ឲ្យ​ច្រើន ពួកគេ​ឲ្យ​បង់ពន្ធ​ចូល​រដ្ឋ​តិច​។ ផ្ទុយទៅវិញ បើ​ពួក​ឈ្មួញ​ណា ឲ្យ​ថ្លៃ​បាយ​ពួកគេ​តិច គឺ​ពួកគេ​តម្រូវឲ្យ បង់ពន្ធ​ចូល​រដ្ឋ​ច្រើន ទៅតាម​ច្បាប់​កំណត់ អត់​អាច​តថ្លៃ​បានឡើយ​។​

​ពាក់ព័ន្ធ​ពត៌មាន​ខាងលើ គេហទំព័រ​យើង នៅ​មិនទាន់​អាច ទាក់ទង​សុំ​ការបំភ្លឺ ពី​លោក​ប្រធាន ច្រក​ត្រពាំង​ផ្លុង និង​គូកន បាន​នៅឡើយ​ទេ​…៕ រក្សា​សិទ្ធិ​ដោយ ៖ http://www.crn-news.com/ (​ហាម​ថតចម្លង អត្ថបទ​ព័ត៌មាន​នេះ យក​ទៅ​បង្ហោះ​ផ្សាយ នៅ​វិបសាយ​ផ្សេងទៀត​)​
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5562
ម្សិលមិញ : 9576
សរុប : 6588062
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com