ថ្ងៃ សុក្រ ទី 27 ខែ មេសា ឆ្នាំ 2018
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com
អភិបាលខេត្ត ស្វាយ សំ​អ៊ាន និង​មេព្រៃ​ខេត្ត អ៊ុំ វ៉ាន់​សុភ​ក្រ ​អសមត្ថភាព ​ធ្វើឲ្យព្រៃឈើ ខេត្តមណ្ឌលគិរី រង​ការបំផ្លាញខ្លាំង​ឡើង កៀកចូលឆ្នាំខ្មែរ… !
ផ្សាយនៅថ្ងៃទី: 25-04-2018, ចំនួនអ្នកអាន 703ដង
មណ្ឌលគិរី​៖ យោង​តាម​វិបសាយ វិទ្យុ​អាស៊ីសេរី បាន​បង្ហោះ​ផ្សាយ​ថ្មីៗ នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២​ឲ​០១៨ នេះ​បាន​សរសេរ ដែល​គេ​ទំព័រ​យើង សូម​ដកស្រង់​តាម ខ្លឹមសារ​ដើម​ទាំងស្រុង ដូចខាងក្រោម​៖

​បទល្មើស​ព្រៃឈើ ទ្រង់ទ្រាយ​ធំ កើតឡើង​ដោយ​បើកចំហ នៅ​ដែនជម្រកសត្វព្រៃ ភ្នំ​ណាំ​លៀ ក្នុងស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី​។ សហគមន៍​ដែល​បាន ទៅដល់​ទីតាំង បទល្មើស​ព្រៃឈើ​នោះ បាន​ថត​យក​រូបភាព និង​ផ្តល់​ព័ត៌មាន ទៅ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ ក្រសួង​បរិស្ថាន និង​ហ្វេ​សប៊ុក​លោក ហ៊ុន សែន ប៉ុន្តែ​ពុំ​មាន​ការ ឆ្លើយតប​ទេ​។ ផ្ទុយទៅវិញ បទល្មើស​រឹតតែ កើតមាន​ច្រើន​។​

​សហគមន៍ រស់នៅ​ភូមិ​ឡាំ​មេះ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ឲ្យដឹង​នៅ​ថ្ងៃ​ទី​១០ មេសា​ថា ឈើ​ជ្រុង​ច្រើន​ម៉ែត្រគូប មុខកាត់​ចាប់ពី ៣ តឹក​ឡើងទៅ ប្រវែង​ជាង ២​ម៉ែត្រ ត្រូវ​ឈ្មួញ​ដឹក​ចេញ ពី​ដែនជម្រកសត្វព្រៃ ភ្នំ​ណាំ​លៀ ទាំង​យប់​ថ្ងៃ ដោយ​ពុំ​មាន​ការទប់ស្កាត់​។ សហគមន៍​ថា រថយន្ត​យី​ឌុប គោយន្ត​កែច្នៃ និង​ឡាន​ដឹកឈើ​ធំៗ បាន​ប្រមូល​ឈើ​ជ្រុង ពី​ដែនជម្រកសត្វព្រៃ ភ្នំ​ណា​លៀ មក​ស្តុក​ទុក នៅ​បរិវេណ ​ក្រុមហ៊ុនសម្បទាន ​សេដ្ឋកិច្ច​វៀតណាម ដាក់​ឡាក់ (Dac Lak) ដើម្បី​ត្រៀម​ដឹក ទៅ​វៀតណាម​។​

​ជនជាតិដើម ភាគតិច​ព្នង រស់នៅ​ឃុំ​ប៊ូ​ស្រា លោក ក្រើ​ង តុលា ចាត់ទុក​បទល្មើស​ព្រៃឈើ ទ្រង់ទ្រាយ​ធំ​នេះ​ថា ជា​ប្រភព​វិនាសកម្ម ធនធានធម្មជាតិ ក្នុងព្រៃ​អភិរក្ស ភ្នំ​ណាំ​លៀ ដែល​ព្រៃ​អភិរក្ស​នេះ ត្រូវបាន​ចុះបញ្ជី ជា​ដែនជម្រកសត្វព្រៃ រួចទៅហើយ​។ លោក​ថា ឈើ​គគីរ និង​ផ្ចឹក ត្រូវ​គេ​អារច្រៀក​ជា​ជ្រុង ដឹក​ស្តុក​ទុក ក្នុង​បរិវេណ ក្រុមហ៊ុន​វៀតណាម ឈ្មោះ ដាក់​ឡាក់ នេះ​។ លោក​ថា សហគមន៍ បាន​ថត​រូបភាព បទល្មើស​ព្រៃឈើ​នោះ និង​បាន​ផ្ញើ​ទៅកាន់ គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ​ផង ផ្ញើ​ទៅ​ហ្វេ​សប៊ុក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង និង​ផ្ញើ​ទៅ​ក្រសួង បរិស្ថាន​ថែមទៀត បំណង​ឲ្យ​ចុះបង្ក្រាប ឲ្យបាន​ទាន់​ពេល​។ ប៉ុន្តែ​ទាំង​នេះ នៅតែ​មិន​បាន​ផល ព្រោះ​បទល្មើស​ព្រៃឈើ នៅតែ​កើតមាន​កាន់តែ​ច្រើនឡើង​។ រីឯ​សហគមន៍ ខ្លាចរអា​មិន​ហ៊ាន ចុះ​ទប់ស្កាត់​នោះទេ ដោយ​ខ្លាចក្រែង អាជ្ញាធរ​ចោទថា ជា​ក្រុម​បដិវត្ត​ពណ៍​៖ «​ការស្នើសុំ ឲ្យ​ឯកឧត្តម ចុះ​អន្តរាគមន៍ ចុះ​ចំណុច​នេះ​នោះ តែ​បទ​ល្មើស កាន់តែ​កើន​… មានន័យ​ថា បទល្មើស​ដាក់​តាម ឡង់​គ្រី​ស័រទេ​… តែ​ឥឡូវ ដឹក​តាម​យី​ឌុប​ធំៗ​។ ផ្ញើ​ឲ្យ​គាត់ បែរ​ជា​គាត់​មិន​ឆ្លើយ​។ ស្នើសុំ​ឲ្យ​សម្តេច ពិចារណា ធនធានធម្មជាតិ ​របស់​កម្ពុជា​យើង​»​។​

​លោក ក្រើ​ង តុលា កត់សម្គាល់ថា ទាំង​បទបញ្ជា ទាំង​អនុក្រឹត្យ ទាំង​ច្បាប់ ស្តីពី​ព្រៃឈើ និង​សារាច​រណ៍​ផ្សេងៗ​ផង ហាក់​គ្មាន​ឥទ្ធិពល ជា​វិជ្ជមាន ក្នុង​ការដាក់ទោសទណ្ឌ ដល់​ជនល្មើស និង​លុបបំបាត់ បទល្មើស​ព្រៃឈើ ឲ្យមាន​ប្រសិទ្ធភាព នោះទេ​។ លោក​បារម្ភ​ខ្លាច ទំហំ​ព្រៃឈើ ក្នុងព្រៃ​អភិរក្ស​មួយ​នេះ នឹង​រលាយ នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ ជាក់​ជាមិនខាន ហើយ​វា​នឹង​បង្ក​ប៉ះពាល់ ជីវភាព​ជនជាតិ ដើម​ភាគតិច​។ មិនតែប៉ុណ្ណោះ ការបាត់​ព្រៃឈើ វា​ក៏​នឹង​បណ្តាល​ឲ្យ ប្រែប្រួល​អាកាសធាតុ និង​ការបាត់បង់ ជម្រក​សត្វព្រៃ រស់នៅ​ផង​ដែរ​៖ «​មានការសោកស្តាយ អ្វី​ដែល​យើង​មាន ព្រៃ​ធនធានធម្មជាតិ យើង​មាន​ស្រាប់ យើង​អត់​មាន អ្នកអនុវត្ត និង​អ្នកការពារ ចំណុច​ហ្នឹង​ហើយ ដែល​ខ្ញុំ​សោកស្តាយ ជាទីបំផុត​។ ខ្ញុំ​អត់​មាន​ឥទ្ធិពល ទប់ស្កាត់​បទល្មើស​ព្រៃឈើ មាន​តែ​ថ្នាក់​ដឹកនាំ​កំពូល​ហ្នឹង ដែលជា​អ្នក​យកចិត្តទុកដាក់ លើ​ការថែរក្សា​ព្រៃឈើ​។ ខ្ញុំ​គួរតែ​ឲ្យ​គាត់ យកចិត្តទុកដាក់ ការ​សំណូមពរ​របស់​ខ្ញុំ​»​។

​ព្រៃ​សហគមន៍​ឡាំ​មេះ និង​ព្រៃ​សហគមន៍​ពូ​លុ ឋិត​ក្នុង​ដែន ជម្រក​សត្វព្រៃ ណាំ​លៀ មាន​ផ្ទៃដី​ជាង ២​ម៉ឺន​ហិកតារ (២១.៩៣៣) ដែល​រដ្ឋាភិបាល បាន​ដាក់បញ្ចូល ជា​ដែនជម្រកសត្វព្រៃ កាលពី​ឆ្នាំ​២០១៦ ឋិត​ក្រោម​ការគ្រប់គ្រង របស់​ក្រសួង​បរិស្ថាន​។​

​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ ក្រសួង​បរិស្ថាន លោក សៅ សុភាព ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ​។ ចំណែក​អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ក៏​មិន​ទទួល ទូរស័ព្ទ​ដែរ នៅ​រសៀល​ថ្ងៃ​ទី​១០ មេសា​។​ ​ប៉ុន្តែ មេឃុំ​ប៊ូ​ស្រា លោក យឺត សា​រៀន ទទួលស្គាល់ថា បទល្មើស​ព្រៃឈើ នៅ​តំបន់​នោះ ពិតជា​កើត​មាន ប៉ុន្តែ​ដោយ​ការ​លួចលាក់​។ លោក​ថា អាជ្ញាធរ​ឃុំ គ្មាន​សមត្ថភាព ទប់ស្កាត់​បទល្មើស​ព្រៃឈើ គ្រប់​ជ្រុងជ្រោយ​ទេ​… បាន​ត្រឹម​ផ្តល់ព័ត៌មាន ទៅ​ឆ្មាំ​អភិរក្ស និង​សមត្ថកិច្ច  ព្រោះ​វិធានការ​បង្ក្រាប ជា​តួនាទី របស់​ឆ្មាំ​អភិរក្ស ក្រសួង​បរិស្ថាន និង​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ​៖ «ខ្ញុំ​អត់​មាន​តួនាទី ចាប់​ឈើ​ទេ ព្រោះ​អ្នក​រកស៊ី គេ​អត់​ប្រាប់​យើង ឲ្យដឹង​ទេ​។ ការងារ​នេះ គេ​មាន​តួនាទី បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​»​។​

​មន្ត្រីជាន់ខ្ពស់ សមាគម អាដហុក (ADHOC) លោក សឹង សែន​ករុណា យល់ថា បទល្មើសព្រៃឈើ ក្នុង​ដែន​ជម្រក​សត្វព្រៃ នៅតែ​កើតមាន​ច្រើន ជា​សញ្ញាណ​បង្ហាញ ពី​ភាព​អសកម្ម  របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​មិន​បាន បំពេញ​តួនាទី ការពារ​ព្រៃ ឲ្យបាន​ត្រឹមត្រូវ និង​មិន​បាន ​ចាត់​វិធានការ​ច្បាប់ ដល់​ជនល្មើស និង​អ្នកពាក់ព័ន្ធ​។ លោក​បារម្ភ​ដែរ​ថា ព្រៃ​ការពារ ដែល​នៅ​សេសសល់ ចុង​ក្រោយ​មួយ​នេះ កំពុង​ប្រឈម ការគំរាមកំហែង​ធ្ងន់ធ្ងរ​៖ «​គគ្រឹកគគ្រេង មែនទែន រឿង​បទល្មើស​ព្រៃឈើ​… យើង​ឃើញ​ហើយ​ថា មាន​បទល្មើស នៅតែ​កើតមាន វា​បង្ហាញ​ពី​ការ ចាត់វិធានការ របស់​អាជ្ញាធរ ដែល​មាន​តួនាទី ក្នុង​ការបង្ក្រាប​។ តែ​ការបង្ក្រាប អត់​មាន​ប្រសិទ្ធភាព វា​បង្ហាញ​ពី ភាព​អសមត្ថភាព មន្ត្រី​ទាំងអស់​ហ្នឹង​»​។​

​សហគមន៍​បន្ថែមថា បទល្មើស​ព្រៃឈើ មិនមែន​កើតមាន តែ​ក្នុង​ដែន​ ជម្រក​សត្វព្រៃ ភ្នំ​ណាំ​លៀ នោះទេ​។ ចំណែកឯ​ដែន ជម្រក​សត្វព្រៃ ស្រែ​ពក និង​ដែន​ជម្រក​សត្វ ភ្នំ​ព្រិច ក្នុង​ខេត្ត​មណ្ឌលគិរី ក៏​មាន​សេចក្តីរាយការណ៍​ថា ការដឹកជញ្ជូន​ឈើមូល តាម​រថយន្ត​ធំៗ ទៅ​ប្រទេស​វៀតណាម បាន​កើតមាន ពេញទំហឹង​ដែរ ដែល​មាន​ក្រុមហ៊ុន សម្បទាន​សេដ្ឋកិច្ច វៀតណាម នៅក្បែរនោះ ដឹកឈើ​ពី​ខាងក្រៅ ចូល​ដោយ​ឃុបឃិត ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​…​។​

​ប្រភពព័ត៌មាន ផ្សេងទៀត ក៍​បាន​ខ្សឹប ដាក់​ត្រចៀក ឲ្យដឹង​ដែរថា ៖ លោក​មេព្រៃ​ខេត្ត មណ្ឌលគិរី​ឈ្មោះ អ៊ុំ វ៉ាន់​សុភ​ក្រ ក្រោម​ការគ្រប់គ្រង​ដោយ អភិបាលខេត្ត អសមត្ថភាព​ឈ្មោះ ស្វាយ សំ​អ៊ាន បាននិងកំពុង ត្រូវប៉ាន់​យ៉ាង​ស្ងាត់ស្ងៀម ពី​ពួក​ឈ្មួញ​ប្រព្រិត្ត បទល្មើស​ព្រៃឈើ ស្ទើរ​រលាយ​ហិនហោច នៅ​ខេត្ត​សំបូរ​ភ្នំ​នោះ​… ដែល​ក្នុងនោះ មានដូចជា ឈ្មួញ​ឈើ​ដុះ​ស្លែ ដ៍​ល្បីឈ្មោះ ចាប កុសល ជា​មន្ត្រី​យោធា​សឹក​រង ខេត្តមណ្ឌលគិរី​នោះ ជាដើម​… (​នឹង​មាន​អាប់​ដេត ព័ត៌មាន​ថ្មី​ថែម​ទៀត នៅ​ឆាប់ៗ​នេះ​)…
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5528
ម្សិលមិញ : 9629
សរុប : 7139333
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copyright by www.crn-news.com
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ 017 41 66 68 / ឬ Email: n416668@gmail.com